ទីបំផុតដឹងថា រូបព្រះបាទជ័យវរ្ម័នទី៧ មានសាច់ទ្រលុកៗនៅខេត្តណាហើយ
- 2018-05-06 03:27:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតដឹងថា រូបព្រះបាទជ័យវរ្ម័នទី៧ មានសាច់ទ្រលុកៗនៅខេត្តណាហើយ
ចន្លោះមិនឃើញ
រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ មានរាងធាត់ទ្រលុក ថែមទាំងមានក្បាលពោះផងនោះ គឺកំពុងតម្កល់ក្នុងសាលាភូមិប្រាសាទលិច ឃុំប្រាសាទលិច ស្រុកពាមរក៍ ខេត្តព្រៃវែង។ នេះបើតាមលោក សាន កាម៉ង់ដង់ ជាជាងចម្លាក់ដ៏ចំណានម្នាក់ ប្រាប់មកកាន់ Sabay នៅព្រឹកនេះ។
លោក សាន កាម៉ង់ដង់ គឺជាអ្នកដែលមានបំណងចង់ជួយប្ដូររូបចម្លាក់ព្រះបាទជ័យរវ្ម័នទី៧ ដែលមានរូបរាងខុសប្រក្រតីនោះ ដោយមិនគិតកម្រៃ ហើយថែមទាំងដឹកដល់សាលាទៀតផង។ លុះក្រោយមកមិត្តភក្ដិ និងជាមនុស្សជំនិតរបស់លោកក៏បានទៅដល់សាលានោះផ្ទាល់ ដើម្បីជួបជាមួយនាយកសាលានិយាយពីរឿងផ្លាស់ប្ដូរនោះ។ ប៉ុន្តែក៏ទទួលដំណឹងថា ខាងម្ចាស់អំណោយនឹងធ្វើការផ្លាស់ប្ដូរដោយខ្លួនឯង មិនពឹងពាក់លោក សាន កាម៉ង់ដង់ ឡើយ។
រូបព្រះបាទជ័យវរ្ម័នទី៧ សាងសង់ខុសទម្រង់ដើមស្ទើរទាំងស្រុងនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់ធ្ងន់ៗ និងស្នើឲ្យខាងសាលាប្ដូរចេញ ដើម្បីកុំឲ្យកូនខ្មែរយល់ខុសពីរូបរាងរបស់បុព្វបុរសខ្មែរ និងជាអតីតព្រះមហាក្សត្រដ៏អង់អាចក្នុងសម័យអង្គរ។ ដោយមានគំនិតចង់ជួយកែតម្រូវ និងមានបទពិសោធន៍រាប់ឆ្នាំមកហើយនោះ ជាងចម្លាក់ សាន កាម៉ង់ដង់ បានចេញមុខជួយធ្វើថ្មីតែម្ដង ប៉ុន្តែពេលនេះបានទទួលដំណឹងថា ខាងម្ចាស់អំណោយនឹងផ្លាស់ប្ដូរដោយខ្លួនឯង។
ជាងចម្លាក់ សាន កាម៉ង់ដង់ ចេះឆ្លាក់រូបគ្រប់ប្រភេទ និងមានទឹកដៃដ៏ចំណាន រស់នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល៕