ល្អខ្លាំង! បើមូលនិធិមួយ​ដំណើរការ នឹងជួយទប់ស្កាត់ អ្នកចំណាកស្រុកជាង ១លាននាក់

  • 2018-05-21 07:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា​ រយៈ​ពេល​ខ្លី​ ខាងមុខនេះ នឹង​មាន​គម្រោង​​បង្កើត​មូលនិធិ និង​មជ្ឈមណ្ឌល​សហគ្រិនភាព ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង និង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។

ចំណែក​ឯ​ អ្នក​សេដ្ឋកិច្ច​ មួយ​រូប​បាន​លើក​ឡើង​ថា នេះ​ជា​ដំណឹង​ល្អ មានន័យថា គម្រោង​នេះ​ ​អាច​នឹង​លើក​កម្ពស់​ វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហៅ​កាត់ (SME) ឲ្យ​មាន​ប្រសិទ្ធភាព ​ឈាន​ទៅ​ទប់​ស្កាត់​ចំណាកស្រុក​ប្រថុយ​ប្រថាន​ទៅ​បរទេស។

លោក ​ង៉ែត​ ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ ផ្នែក​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ នៅ​ក្រុមហ៊ុន​ ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC) បាន​សរសេរ​ក្នុង​ទំព័រ ហ្វេសប៊ុក ថា ខ្ញុំ​គាំទ្រ បើ​គម្រោង​នេះ​បង្កើត​បាន នោះ​សហគ្រាសចំនួន១០០ពាន់ បន្ថែម​លើ​ ចំនួន​សហគ្រាស​ ដែល​មាន​ស្រាប់​។ ​ជាមធ្យម​សហគ្រាស១​ អាច​បង្កើតការងារបាន១០កន្លែង។ នោះ​ពលរដ្ឋ ខ្មែរ​ នឹង​មិន​ចាំបាច់​ប្រថុយ​ឆ្លងដែន​ ទៅ​ធ្វើ​កម្មករ​ នៅ​ថៃ​នោះ​ទេ។

រូបថត ពីហ្វេសប៊ុក លោក ង៉ែត ជូ

លោក​ ង៉ែត​ ជូ បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​យើង​ មាន​កម្មករ កំពុងធ្វើការនៅប្រទេសថៃ ប្រហែល១លាននាក់។ គម្រោង​បង្កើត​មជ្ឈមណ្ឌល​ អភិវឌ្ឍន៍​សហគ្រិនភាព​ គឺ​អាច​លើកកម្ពស់​ វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ឲ្យ​មាន​ប្រសិទ្ធភាព។

ឆ្លើយតប ក្នុង​វេទិកា​សេដ្ឋកិច្ច​ សាធារណៈ​១ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​​ថា បន្ថែម​ពី​គម្រោង​ខាងលើ​ ទៅមុខ​ទៀត​ដ៏​ខ្លី​នេះ​ រដ្ឋាភិបាល​កម្ពុជា ក៏​គ្រោង​នឹង​ដាក់​ដំណើរការ​ យន្ត​ការ​ចំនួន៧ទៀត ជួយ​ដល់​សហគ្រិនភាព​ មាន​ដូចជា​

  • យន្តការ​ ជា​កញ្ចប់​គាំទ្រ​សហគ្រិន​ភាព

  • ការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម (SME Bank)

  • ការ​បង្កើត​ជំនាញ​អភិវឌ្ឍន៍

  • ការ​គិតគូរ​ដល់​ការ​បន្ថយ​ថ្លៃ​ដើម​

  • ការ​បន្ថយ​បែបបទ​ច្បាប់

  • ការ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​

  • និង​ ការគិតពន្ធ ក្នុង​ធុរកិច្ច​របស់ SME។

​សូម​បញ្ជាក់​ថា​ ការសិក្សា​មួយ​របស់​អង្គការ​ Missouri Families  បាន​រក​ឃើញ​ថា ចំនួន​តួលេខ​ ពលករ​ខ្មែរ​នៅ​ប្រ​ទេស​ថៃ មាន​ចំនួន​ ១លាន ១៧ សែន​នាក់​ ដែល​ក្នុង​នោះ​មាន​ ១លាន ១១សែន​នាក់​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ៕

អត្ថបទ៖ ពៅ រក្សា