បាត់ខ្លួនជាង៤ឆ្នាំ ទីបំផុតការ​រុករក​យន្តហោះ MH370 នឹង​ត្រូវ​បញ្ចប់​ជា​ផ្លូវការ​

  • 2018-05-24 01:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្វែង​រក​យន្តហោះ​ដែល​បាន​បាត់ខ្លួន MH370 នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ បន្ទាប់ពី​ដំណើរការ​អស់​រយៈ​ពេល​ជាង ៤ឆ្នាំ និង​ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ដើម្បី​រុករក​រាប់​សិប​លាន​ដុល្លារ​អាមេរិក។

ក្មេងៗកំពុងសរសេរឈ្មោះលើជញ្ជាំងដែលមាន​ឈ្មោះ MH370 ដែលបាត់ខ្លួន កាលពីឆ្នាំ២០១៤ (រូបថត៖ Reuters)

គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​យល់​ព្រម​លើ​សំណើ​របស់​ក្រុមហ៊ុន​អាមេរិក Ocean Infinity ក្នុង​ការ​ពន្យារ​ពេល​រុករក ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​ឧសភា ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណឹង ឬ​ភស្តុតាង​ណា​មួយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បាត់ខ្លួន​នេះ​នៅ​ឡើយ​ទេ។

លោក Anthony Loke Shew Fook រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី បាន​ថ្លែង​ពី​ទី​ក្រុងកូឡាឡាំពួរ កាលពី​ថ្ងៃ​ទី២៣​ឧសភា​ថា ប្រតិបត្តិការ​ស្វែងរក​ជើង​ហោះហើរ​របស់​អាកាសចរណ៍​ម៉ាឡេស៊ី នឹង​មិន​មាន​ការ​ពន្យារ​ពេល​តទៅ​ទៀត​ទេ​។

យន្តហោះរបស់​អាកាសចរណ៍ម៉ាឡេស៊ី នៅព្រលានយន្តហោះកូឡាឡាំពួរ

យន្តហោះរបស់​អាកាសចរណ៍ម៉ាឡេស៊ី នៅព្រលានយន្តហោះកូឡាឡាំពួរ (រូបថត៖ slideshare.net) យន្តហោះ MH370 បាន​បាត់ខ្លួន ​កាល​ពី​ឆ្នាំ​២០១៤ ជាមួយ​មនុស្ស ២៣៩ ដែល​នៅ​លើ​យន្តហោះ។

យន្តហោះ​នេះ បាន​ធ្វើដំណើរ​ពីក្រុង​កូឡាឡាំពួរ ទៅកាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន ប៉ុន្តែ​បាន​បាត់​ពី​រ៉ាដា ពេល​កំពុង​ធ្វើដំណើរ។ ការ​បាត់​ខ្លួន​របស់ MH370 ត្រូវ​ចាត់​ទុក​ជា​អាថ៌​កំបាំង​ដ៏​ធំ​បំផុត​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ។

ប្រទេស​ដែល​ធ្លាប់​ចូលរួម​ក្នុង​ការ​ស្វែង​រក​ MH370 មាន ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ដោយ​ធ្វើការ​រុករក​លើ​ផ្ទៃ​ក្រឡា ៧១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េនៅ​មហាសមុទ្រ​ឥណ្ឌា ដែល​គេ​សង្ស័យ​ថា​ជា​ទីតាំង​ដែល​យន្តហោះ​បាន​ធ្លាក់។ កា​ររុករក ត្រូវ​បាន​ក្រសួង​ដឹក​ជញ្ជូន​អូស្ត្រាលី​ប៉ាន់ស្មាន​ថា មាន​ទំហំ​ទឹកប្រាក់ ជាង ១៥០​លាន​ដុល្លារ​អាមេរិក​៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ