ទូតខ្មែរនៅថៃ ប្រាប់ពលរដ្ឋប្រយ័ត្នករណីបោកថ្មី១ ដែលភ្ជាប់ខ្លួននឹងសែរាជវង្ស

  • 2018-05-31 03:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ បាន​ប្រកាស​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ស្នាក់​នៅ ឬ​ធ្វើការ​នៅ​ទី​នោះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ករណី​ភូត​កុហក​ថ្មី១ មាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​សែ​រាជវង្ស​ខ្មែរ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ ​

​ស្ថានទូត​ខ្មែរ​នៅ​ថៃ បាន​សរសេរ​ថា មាន​ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវការ​១ បាន​ផ្សព្វផ្សាយ​ថា មាន​អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ កុសុមៈមុនីរតនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ រៀប​ចំ​ជំនួប​១ ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នំា២០១៨ កន្លងទៅ។

ទាក់ទង​នឹង​ព័ត៌មាន​នេះ ពលរដ្ឋខ្មែរ១រូប សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រាប់​ក្រុម​ការងារ Sabay ថា អ្នកស្រី​ធ្លាប់​លឺ​ដំណឹង​នេះ​មែន។ អ្នកស្រី​ថា​ មាន​អ្នក​ស្គាល់​គ្នា គេ​ឲ្យ​ជួយ​ហៅ​កើន​តៗគ្នា នឹង​ត្រៀម​ខ្លួន ដើម្បី​ទៅ​ជួប ម្ចាស់ក្សត្រី​ខ្មែរ១អង្គ ដែល​នឹង​យាង​មក​ជួប​ពលរដ្ឋ​ខ្មែរ​ ដល់​ទឹកដី​ថៃ។

សកម្មភាពប្រជាពលរដ្ឋខ្មែរនៅទល់ដែន ខ្មែរ ថៃ

ឆ្លើយ​តប​នឹង​រឿង​នេះ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ សូម​ទាត់ចោល និង​បដិសេធ​ នូវ​ព័ត៌មាន​ឃោសនា​បោក​ប្រាស់ ​ភូត​កុហក​ខាង​លើ​នេះ នឹង​កុំ​ចូលរួម​រាល់​ពិធី​ជួបជុំ​ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ។

ទាក់ទង​នឹង​សកម្មភាព​ខាងលើ ពលរដ្ឋ​ខ្មែរ​អាច​រាយការណ៍​ទៅ​កាន់​ស្ថានទូត តាម​លេខ ០៨៦ ៧៩៩ ៩៩ ៥៧ និង​លេខ ០៩២ ៨០៥ ០៥៦១។

ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ជូន​ដំណឹង​ របស់​ស្ថាន​ទូត​ខ្មែរ​ ប្រចាំ​ប្រទេស​ថៃ។

សេចក្ដី​ជូន​ដំណឹង​ស្ថានទូត​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍

អត្ថបទ៖ ពៅ រក្សា