មក​ដឹង​ប្រាក់បៀវត្ស​ទាំង​​ ២៣ មុខ​តំណែង​ ក្នុង​ក្រុមហ៊ុន Apple មួយៗ​មិន​ចេះតិច

  • 2018-06-01 02:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់ Apple មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ស្គាល់​ពី​ផលិតផល​របស់​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ ដូច​ជា iPhone និង​កុំព្យូទ័រ​ប្រភេទ Mac ជា​ដើម ដែល​មាន​តម្លៃ​ថ្លៃ ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​មិន​តិច​ជាង​ខ្ទង់​ពាន់​លាន​ដុល្លារ​ទេ ក្នុង​មួយ​ឆ្នាំ​ៗ។

បើ​និយាយ​ពី​ការងារ​របស់​បុគ្គលិក Apple វិញ ក៏​មាន​ប្រាក់​បៀវត្ស​មិន​ធម្មតា​ដែរ គឺ​ខ្ទង់​រាប់​សែន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំៗ។ ពេល​នេះ Sabay សូម​អ្នក​ទាំង​អស់​គ្នា​មើល​ដឹង​ពី​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ នៃ​មុខ​តំណែង​ទាំង ២៣ នៅ​ក្នុង​ក្រុមហ៊ុន​យក្ស​មួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​នេះ​ មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ផង ហើយ​ដំណែង​កំពូល​ដូច​ជា​ នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន លោក Tim Cook មិន​ត្រូវ​បាន​បង្ហាញ​ឡើយ។ មួយ​វិញ​ទៀត ដំណែង​ឈ្មោះ​តែ​មួយ​តែ​មាន​លេខ​រ៉ូម៉ាំង​ខុស​គ្នា​មាន​ន័យ​ថា លេខ​រ៉ូម៉ាំង​កាន់​តែ​ធំ គឺ​តំណែង​កាន់​តែ​ខ្ពស់ មាន​ភារកិច្ច​ច្រើន​ជាង នាំ​ឲ្យ​ប្រាក់​បៀវត្ស​ក៏​ច្រើន​ជាង​ដែរ។

២៣. វិស្វករ ផ្នែក​រចនា Hardware ASIC microchips ( ១៥៧ ៧៨០ ដុល្លារ/ឆ្នាំ )

វិស្វករ ផ្នែក​រចនា Hardware ASIC microchips ជា​អ្នក​គូរ​រូប​ការ​រចនា​ផលិត​ផល និង​រូប​គំរូ​ផលិត​ផល​ថ្មី​ៗ។

២២. វិស្វករ​ជាន់​ខ្ពស់ ផ្នែក​រចនា​រូប​រាង​ខាង​ក្រៅ ( ១៦២ ៩៨៨ ដុល្លារ/ឆ្នាំ )

វិស្វករ​ជាន់​ខ្ពស់ ផ្នែក​រចនា​រូប​រាង​ខាង​ក្រៅ​ទទួល​ភារកិច្ច​ក្រោយ​ការ​រចនា​លេច​ចេញ​មក។ ពួក​គេ​មាន​ភារកិច្ច​ដឹក​នាំ​ក្រុម ឲ្យ​ធ្វើ​ផលិត​ផល​គំរូ បង្កើត​វា​ឡើង កែ​ច្នៃ​ឲ្យ​ស្អាត ហើយ​ចាំ​វាយ​តម្លៃ។

២១. អ្នក​គ្រប់​គ្រង់ ផ្នែក​វិស្វកម្ម Software ( ១៦៣ ២១២ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង់ ផ្នែក​វិស្វកម្ម Software ទទួលបន្ទុក​ផ្នែក ដឹក​នាំ​ក្រុម​ផលិត​កំណែ​អាប់ដេត iOS និង MacOS ហើយ​នឹង​កម្មវិធី​ផ្សេងៗ។

២០. អ្នក​គ្រប់​គ្រង​ផ្នែក​ទិញ​ដូរ ( ១៦៤ ៩៩៨ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​ផ្នែក​ទិញ​ដូរ ធ្វើការ​ជាមួយ​ផ្នែក​ឃ្លាំង និង​ហិរញ្ញ​វត្ថុ​ដើម្បី គ្រប់​គ្រង​សំណ​ពី​អ្នក​ផ្គត់​ផ្គង់ ហើយ​បោះ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទិញ ដើម្បី​រក្សា​កញ្ចប់​ថវិកា​ក្នុង​ក្រុម​ទាំង​អស់។

១៩. អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​ទីផ្សារ​ផលិតផល ( ១៦៧ ១៣៣ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​ទីផ្សារ​ផលិតផល ទទួលបន្ទុក​រក​វិធី​វាយ​លុក​ទីផ្សារ​សម្រាប់​ផលិត​ផល​ទាំង​អស់​របស់ Apple។

១៨. អ្នក​គ្រប់​គ្រង ផ្នែក​អភិវឌ្ឍ Software ( ១៦៨ ៦៩២ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង ផ្នែក​អភិវឌ្ឍ Software គ្រប់​គ្រង​វិស្វករ អភិវឌ្ឍ​កម្មវិធី។ ទម្រាំ​អាច​ទទួល​បាន​ដំណែង​នេះ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​បទពិសោធន៍ ១០ ឆ្នាំ​ដែរ។

១៧. អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​ហិរញ្ញវត្ថុ ( ១៧០ ០៥៣ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​ហិរញ្ញវត្ថុ ជា​អ្នក​កាន់​លុយ​ក្នុង​ក្រុមហ៊ុន។ ព័ត៌មាន​ទាក់​ទង​ចំណូល​ចំណាយ និង​កញ្ចប់​លុយ​នានា ត្រូវ​ឆ្លង​កាត់​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​ហិរញ្ញវត្ថុ​ទាំង​អស់។

១៦. អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ផ្នែក​ផលិត​ផល ( ១៧០ ០០០ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ផ្នែក​ផលិត​ផល ជា​អ្នក​កំណត់​ផ្លូវ​ដើរ​របស់​ផលិត​ផល កំណត់​គោល​ដៅ​សម្រាប់​ក្រុម​ការងារ ហើយ​ទាក់​ទង​ទៅ​នឹង​ផ្នែក​បង្កើត​ផលិត​ផល គ្រប់​ផ្នែក​ទាំង​អស់​ក្នុង​ក្រុមហ៊ុន រួម​ទាំង​អ្នក​កាន់​កាប់​ភាគ​ហ៊ុន​ផង​ដែរ។

១៥. វិស្វករ​កម្រិត V ផ្នែក​ធ្វើ​កម្មវិធី Software ( ១៧៥ ៣០៧ ដុល្លារ/ឆ្នាំ )

វិស្វករ​កម្រិត V ផ្នែក​ធ្វើ​កម្មវិធី Software ជា​វិស្វករ​ ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត និង​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ។ កម្រិត V ជា​កម្រិត​ធំ​ផុត​លេខ​តាម​មុខ​ដំណែង។

១៤. អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​ប្រតិបត្តិការ ( ១៧៩ ២១១ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​ប្រតិបត្តិការ​មាន​តួ​នាទី តម្រង់​ទិស​បុគ្គលិក និង​ត្រូវ​ប្រាកដ​ថា​ពួក​គេ​ធ្វើ​ការ​ជា​ធ្លុង ដើម្បី​ផ្ដល់​ជា​ផលិត​កម្ម​ដល់​ក្រុមហ៊ុន​ដូច​ជា ការ​អនុវត្ត​ឲ្យ​ល្អ​បំផុត​សម្រាប់​គោលការណ៍​ក្រុមហ៊ុន ការ​ឃ្លាំ​មើល​កញ្ចប់​ថវិកា​ជាដើម។

១៣. អ្នក​គ្រប់​គ្រង ផ្នែក​វិស្វកម្ម ( ១៨០ ៤៦៧ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង ផ្នែក​វិស្វកម្ម ជា​ដំណែង​ដែល​អាស្រ័យ​ទៅ​តាម នាយកដ្ឋាន​ដែល​គេ​ធ្វើ​ការ​ឲ្យ។ តែ​និយាយ​ជា​រួម អ្នក​គ្រប់​គ្រង ផ្នែក​វិស្វកម្ម​ជា​អ្នក​ដឹកនាំ​ក្រុម អភិវឌ្ឍ User Interface ធ្វើ​កម្មវិធី Front-end ដែល​ប្រើ Java Script និង CSS ជាដើម។

១២. វិស្វករ​កម្រិត V ផ្នែក Software ( ១៨១ ០០០ ដុល្លារ/ឆ្នាំ )

វិស្វករ​កម្រិត V ផ្នែក Software ជា​អ្នក​សរសេរ រចនា អភិវឌ្ឍ និង​កែ​ច្នៃ Software កម្មវិធី និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ។

១១. អ្នក​រចនា ផ្នែក​ឧស្សាហកម្ម ( ១៨២ ៨២៣ ដុល្លារ/ឆ្នាំ )

លោក Jonh Ive ធ្លាប់​ជា​អ្នក​អ្នក​ដឹក​នាំ​ផ្នែក​នេះ មុន​ពេល​ឡើង​ដំណែង​ជា នាយក​ផ្នែក​រចនា

អ្នក​រចនា ផ្នែក​ឧស្សាហកម្ម​មាន​តួ​នាទី ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតផល មើល​មក​និង​មាន​អារម្មណ៍​តាម​ដែល​គេ​ចង់​បាន។

១០. វិស្វករ​ជាន់​ខ្ពស់ ផ្នែក​វិស្វកម្ម Software ( ១៩៤ ៧៨៦ ដុល្លារ/ឆ្នាំ )

វិស្វករ​ជាន់​ខ្ពស់ ផ្នែក​វិស្វកម្ម Software ជួយ​ដល់​គំរូ​ពាណិជ្ជកម្ម​របស់ Apple ឲ្យ មាន​ភាព​ឈាន​មុន​គេ​ក្នុង​ការ​រចនា និង​អភិវឌ្ឍ Software។

៩. អ្នក​គ្រប់​គ្រង​កម្រិត II ផ្នែក​វិស្វកម្ម ( ១៩៧ ៣៩៣ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​កម្រិត II ផ្នែក​វិស្វកម្ម​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​ចាស់​វស្សា មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ និង​បង្កើត​បរិយាកាស​ល្អ ឲ្យ​អ្នក​ធ្វើការ​ក្រោម​បង្គាប់​មាន​គំនិត​ថ្មី​ៗ និង​ច្នៃ​ប្រឌិត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម។

៨. អ្នក​គ្រប់​គ្រង​កម្រិត III ( ២០០ ០៣៣ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​កម្រិត III មាន​តួ​នាទី ពិនិត្យ​មើល​គ្រប់​ក្រុម ឲ្យ​ប្រាកដ​ថា​បាន​ជោគ​ជ័យ លើ​គម្រោង​របស់​ខ្លួន។ បើ​សិន​ជា ក្រុម​បរាជ័យ ក៏​ត្រូវ​តាម​ដាន​ដែរ។

៧. អ្នក​គ្រប់​គ្រង​កម្រិត II ផ្នែក​វិស្វកម្ម Software ( ២០១ ៥១២ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​កម្រិត II ផ្នែក​វិស្វកម្ម Software ជា​បុគ្គលិក​ស្នូល​គ្រប់​គ្រង​ផ្នែក​វិស្វកម្ម Software។

៦. អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​វិស្វកម្ម ( ២០៤ ១០០ ដុល្លារ/ឆ្នាំ )

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់ ផ្នែក​វិស្វកម្ម​ជា​ដំណែង​កំពូល​លើ អ្នក​គ្រប់​គ្រង​នានា​ក្នុង​ក្រុមហ៊ុន។

៥. នាយក ផ្នែក​ច្នៃ​ប្រឌិត ( ២១០ ០០០ ដុល្លារ/ឆ្នាំ )

នាយក ផ្នែក​ច្នៃ​ប្រឌិត​មាន​ភារកិច្ច​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ផលិត​ផល​របស់​ខ្លួន​ដូច​គូ​ប្រកួត និយាយ​ទៅ​ត្រូវ​ចេញ​ផលិត​ផល​មក​ឲ្យ​លេច​ធ្លោ ដាច់​គេ​តែ​ម្ដង។

៤. ទីប្រឹក្សា​ជាន់​ខ្ពស់ ( ២១៣ ៥៧៩ ដុល្លារ/ឆ្នាំ )

ទីប្រឹក្សា​ជាន់​ខ្ពស់​ជា​អ្នក​ផ្ដល់​យោបល់ ដល់​ក្រុមហ៊ុន ឲ្យ​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ ដូច​ជា អចលនទ្រព្យ ការ​បំពាន​លើ​ក្រម​សីលធម៌​ជា​ដើម។

៣. នាយក ផ្នែក​វិស្វកម្ម Software ( ២៣០ ៥៥១ ដុល្លារ/ឆ្នាំ )

នាយក ផ្នែក​វិស្វកម្ម Software គ្រប់​គ្រង​លើ​ផ្នែក​វិស្វកម្ម Software ទាំង​មូល។

២. នាយក ( ២៥៤ ០០០ ដុល្លារ/ឆ្នាំ )

នាយក ជា​អ្នក​គ្រប់​គ្រង់​គ្រប់​ផ្នែក​ក្នុង​ក្រុមហ៊ុន។

១. នាយក​ជាន់​ខ្ពស់ ( ៣០៩ ១១៣ ដុល្លារ/ឆ្នាំ )

នាយក​ជាន់​ខ្ពស់​ជា​ដំណែង​លើ​នាយក ដោយ​មាន​តួនាទី​គ្រប់​គ្រង​លើ​គ្រប់​ផ្នែក​ទាំង​អស់ យោង​តាម​បទ​ពិសោធន៍​រាប់​ឆ្នាំ​របស់​ខ្លួន។

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ