ផលិត​កម្មក្នុង​ស្រុក​១ ត្រៀម​មាន​វិធានការ​ក្ដៅ​លើ វណ្ណ វលក្ខណ៍​

  • 2018-06-04 09:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម LD Picture ត្រៀម​ចាត់​វិធានការ​ក្ដៅ​លើ​តារា​សម្ដែង​សិចស៊ី​វ័យ​ក្មេង​កញ្ញា វណ្ណ វលក្ខណ៍ ទៅ​លើ​ទង្វើ ដែល​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​របស់​ខ្លួន។

លោក លៀក លីណា ប្រធាន​គ្រប់​គ្រង​ការ​ផលិតកម្ម​របស់​ផលិតកម្ម LD Picture បាន​លើក​ឡើង​ថា តារា​សម្ដែង​រូប​នេះ បាន​គេច​វេះមិន​ទទួល​ខុស​ត្រូវ​លើ​ការ​ថត​ខ្សែ​ភាពយន្ត​រឿង “គូ​ស្នេហ៍​បម្រុង” នា​ពេល​កន្លង​មក ខណៈ​ខ្សែ​ភាពយន្ត​នេះ​ថត​បាន​ប្រមាណ ៧០ភាគ​រយ​មក​ហើយ ព្រម​ទាំង​កំពុង​ចាក់​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ។

តារាសម្តែង វណ្ណ វលក្ខណ៍

លោក​បន្ត​ថា ក្រុម​ការងារ​របស់​លោក បាន​ទាក់​ទង​ទៅ​កាន់​កញ្ញា​ជា​ញឹក​ញាប់ ក៏​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការងារ​ថត​ខ្សែ​ភាព​យន្ត​ទាំង​មូល​កំពុង​រាំង​ស្ទះ​ខ្លាំង។ មិន​ត្រឹម​តែ​រាំង​ស្ទះ​សម្រាប់​ការ​ផលិត​ប៉ុណ្ណោះ​ទេ តារា​សម្ដែង​ទាំង​អស់​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​នេះ បាន​រអ៊ូ​រទាំ​គ្រប់​គ្នា​ចំពោះ​ការ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​ខ្លួន​ក្នុង​នាម​ជា​តារា​គំរូ​ម្នាក់ សម្រាប់​មហាជន​យក​តម្រាប់​តាម។

លោក លៀក លីណា ប្រធាន​គ្រប់​គ្រង​ការ​ផលិតកម្ម​របស់​ផលិតកម្ម LD Picture (រូបស្តាំដៃ)

ប្រសិនបើ វណ្ណ វលក្ខណ៍ នៅ​តែ​មិន​ចេញ​មុខ​បក​ស្រាយ និង​ថត​បញ្ចប់​សាច់​រឿង ”គូ​ស្នេហ៍​បម្រុង” នេះ​ទេ​ ផលិតកម្ម LD Picture គ្រោង​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់ ដោយ​ពេល​នេះ ផលិតកម្ម​បាន​ត្រៀម​មេធាវី​រួច​ជា​ស្រេច​ហើយ ដើម្បី​ចាត់​ការ​លើ​តារា​សម្ដែង​រូប​នេះ។

មិន​ត្រឹម​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទេ​លោក លៀក លីណា ក៏​គ្រោង​នឹង​ពិភាក្សា​ជាមួយ​សមាគម​ភាពយន្ត និង​ផលិតកម្ម​ធំៗ​នា​នា ដើម្បី​បិទ​ទីផ្សារ​តារា​សម្ដែង​មួយ​នេះ ប្រសិន​បើ​កញ្ញា​នៅ​តែ​ប្រកាន់​ឥរិយាបទ​មិន​ទទួល​ខុស​ត្រូវ លើ​ការងារ​ខ្លួន​បែប​នេះ។ ក្នុង​នោះ​ផលិតកម្ម បាន​ពិភាក្សា​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​ធំ​២​រួច​ហើយ ដើម្បី​មិន​ឱ្យ​មាន​វត្តមាន​រឿង​ណា​មួយ​របស់ វណ្ណ វលក្ខណ៍។

ទាក់​ទង​ការ​ព្រមាន​របស់​ផលិតកម្ម LD Picture នេះ​តារា​សម្ដែង​កញ្ញា វណ្ណ វលក្ខណ៍ មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​បាន​ទេ ដោយ​ទូរសព្ទ​តេ​ចូល​ច្រើន​លើក តែ​គ្មាន​អ្នក​ទទួល។

ខ្សែ​ភាពយន្ត​រឿង”គូ​ស្នេហ៍​បម្រុង” របស់ក​ញ្ញា វណ្ណ វលក្ខណ៍ កំពុង​ចាក់​បញ្ចាំង​រៀង​រាល់​ថ្ងៃ​លើ​កញ្ចក់​ទូរទស្សន៍ CTN នា​ពេល​បច្ចុប្បន្ន។ រឿង​នេះ​មិន​ទាន់​ថត​បញ្ចប់​នៅ​ឡើយ​ទេ ព្រោះ​តារា​រូប​នេះ បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​សម្រាប់​ការ​ផលិត។ យ៉ាង​ណា​ទង្វើ​នេះ​ធ្វើ​ឱ្យ​ផលិតកម្ម LD Picture ត្រៀម​នឹង​មាន​វិធានការ​ក្ដៅ ប្រសិន​បើ​កញ្ញា​មិន​ព្រម​ចេញ​មុខ​ដោះ​ស្រាយ៕

អត្ថបទៈ ចរិយា

អត្ថបទថ្មី