ម៉ារ៉ា ប៊ុណ្ណា ទិញ​ទីកូ​ថ្លៃ១លានរៀល ថត​បទ បែក​ស្លុយ

  • 2018-06-06 02:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង ម៉ារ៉ា ប៊ុណ្ណា ថ្លែង​​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ លោក​នឹង​បញ្ចេញ​បទ​ចម្រៀង​បែប​បែក​ស្លុយ​១បទ​ទៀត​ហើយ ដើម្បី​បំបែក​ទីផ្សារ​ដែល​​កំពុង​តែ​ស្ងប់ស្ងាត់។

បទ​ចម្រៀង​ដែល ម៉ារ៉ា ប៊ុណ្ណា គ្រោង​បញ្ចេញ​នោះ មាន​​​ចំណង​ជើង​ថា "​ទីកូ​បង់​រំលោះ" ជា​មេឡូឌី​ថ្មី ​បែប​បែប​ស្លុយៗ​សប្បាយៗ។ ខ្លឹមសារ​នៃ​បទ​ចម្រៀង​លោក​បាន​ប្រាប់​ថា និយាយ​ពី​មនុស្ស​​ម្នាក់​ចូល​ចិត្ត​សប្បាយៗ សម្ភារៈ​និយម ប្រើ​ទូរសព្ទ​ថ្លៃ​ៗ ប៉ុន្តែ​មិន​ហ៊ាន​ទិញ​រថយន្ត​ទំនើប​ជិះ​ទេ បែរ​ជា​ទៅ​ទិញ​​រថយន្ត​ម៉ាក​ទីកូ​មាន​តម្លៃ​ថោក​ហើយ បង់​រំលោះ​ទៀត។

ដើម្បី​ឲ្យ​ស៊ី​ទៅ​នឹង​បទ​ចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា បាន​សម្រេច​ចិត្ត​ទិញ​រថយន្ត​ទីកូ យក​មក​ថត​ MV​ នោះ​ក្នុង​តម្លៃ​១លានរៀល។ លោក​ថា ក្រោយ​ពី​ថត​បទ​ចម្រៀង​ខាង​លើ​ចប់ ខ្លួន​នឹង​ជិះ​រថយន្ត​នោះ​ជា​ប្រចាំ​តែ​​ម្ដង មិន​ខ្លាច​ពី​ការ​រិះ​គន់​ពី​មហាជន​ឡើយ។

ជា​មួយ​គ្នា​នោះ អតីត​គូ​ស្នេហ៍​តារា​សម្ដែង​អ្នក ប៉ែន សុផានី រូប​នេះ​ក៏​គ្រោង​អញ្ជើញ​តារា​កំប្លែង​មួយ​ចំនួន មក​ចូល​រួម​សម្ដែង ​MV ផង​ដែរ ដោយ​ការ​ថតគ្រោង​ធ្វើ​នៅ​ពេល​ឆាប់ៗ​នេះ​តែ​ម្ដង ត្បិត​អី​ទាំង​ទីតាំង​ក៏​ដូច សម្ភារៈ​ដែល​ត្រូវ​ប្រើ ក្នុង​ការ​ថត ​MV ​នោះ​លោក​រក​បាន​​ស្ទើរ​តែ​គ្រប់​អស់​ហើយ។

ទោះបី​បាន​ប្រាប់​ថា បទ​"​ទីកូ​បង់​រំលោះ" ជា​បទ​បែប​បែក​ស្លុយ ក៏​ពិត​មែន ប៉ុន្តែ​បទ​នោះ​លោក​ថា មិន​​ដូច​បទ "និស្សិត​ IT" ដែល​ខ្លួន​​​ចម្លង​ពី​ថៃ​កន្លង​មក​ទទួល​រក​ការ​រិះគន់​​ពី​មហាជន​ជា​ច្រើន​​នោះ​ទេ ព្រោះ​ដូច​​បាន​លើក​ឡើង​ខាង​លើ​អីចឹង បទ​ចម្រៀង​១បទ​នេះ គឺ​ជា​មេឡូឌី​ថ្មី​សុទ្ធសាធ។

លោក ម៉ារ៉ា ប៊ុណ្ណា បាន​ដាក់​ក្ដី​រំពឹង​ថា បន្ទាប់​ពី​ចម្រៀង​ខាង​លើ​ចេញ​ ​ច្បាស់​ជា​​អាច​​ជួយ​បំបែក​ទីផ្សារ​​របស់​លោក ដែល​​កំពុង​តែ​ស្ងប់ស្ងាត់​នេះ​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ដេត ធន្នី

រូបភាពផ្តល់សិទ្ធិដោយៈ​ ម៉ារ៉ា ប៊ុណ្ណា