១ឆ្នាំ​ជាង​នេះ ម៉ារ៉ា ប៊ុណ្ណា លក់​ទ្រព្យ​សរុប​ជាង​១ម៉ឺន​ដុល្លារ ធ្វើ​បទ​ចម្រៀង ទាំងគ្មាន​ស្តាយ​​ស្រណោះ

  • 2018-06-11 03:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ជូន​កាល ម៉ូតូ ​ណៃហត១​គ្រឿង​ធ្វើ​បាន​២បទ ​​កាល​បទ​និស្សិត​អាយធី អស់​​ខ្សែក​១ខ្សែ បទ​ប៉ិ​អើយ​ប៉ិ​ ចិញ្ចៀន​១វង់ បទ​ដី​ថ្លៃ​ប្រល័យ​ស្នេហ៍​ធ្វើ​ឡើង​វិញ បទ​មួយ​ចំនួន​ទៀត សរុប​​ទៅ មិន​ក្រោម​១ម៉ឺន​ទេ " នេះ​ជា​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​និង​សម្ដែង លោក ម៉ារ៉ា ប៊ុណ្ណា ថ្លែង​មក​កាន់ Sabay។

បទ​ចម្រៀង​ទាំង​ប៉ុន្មាន​ខាង​លើ លោក​មិន​ចេញ​​​ជ្រក​ក្រោម​ផលិតកម្ម​មួយ​ណា​ឡើយ គឺ​​ចេញ​ដោយ​ឯករាជ្យខ្លួន​ឯង​តែ​ម្ដង។ មូលហេតុ​ដែល​នាំ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​សុខ​ចិត្ត​លក់​ទ្រព្យ​ផ្ទាល់​ខ្លួន​មក​​​ផលិត​បទ​ចម្រៀង​នេះ ក៏​ព្រោះ​តែ​ក្ដី​ស្រលាញ់​។ លោក ម៉ារ៉ា ប៊ុណ្ណា ថា ក្នុង​មួយ​ជីវិត​របស់​លោក ខ្លួន​ហ៊ាន​បូជា​​គ្រប់​បែប​យ៉ាង ដើម្បី​សិល្បៈ ដោយ​​មិន​បាន​ស្ដាយ​ក្រោយ​ឡើយ។

គ្រប់​បទ​ចម្រៀង​ដែល​បាន​ធ្វើ​កន្លង​មក លោក​ថា កិន​បាន​ផល​ចំណេញ​ធ្វើ​ជា​ដុំ​កំភួន​ឡើយ គឺ​បាន​ត្រឹម​តែ​ការ​កម្សាន្ត​​ផ្ទាល់​ខ្លួន និង​ការ​ចែក​​រំលែក​ការ​សប្បាយ​សម្រាប់​អ្នក​គាំទ្រ និង​ធ្វើ​ឲ្យ​លោក​មាន​ឱកាស​​ធ្វើ​លោក​បាន​ឡើង​ឆាក​ដន្ត្រី ម្ដង​ម្កាល​ប៉ុណ្ណោះ។

ដូច​បាន​លើក​ឡើង​ខាង​លើ ទោះបីជា​មិន​បាន​អ្វី​​ចំណេញ​អ្វី​ជា​ដុំ​កំភួន ម៉ារ៉ា ប៊ុណ្ណា មិន​បាន​បោះបង់​ចោល​ការ​ព្យាយាម​របស់​ខ្លួន​ឡើយ ថ្មីៗ​នេះ​លោក ទើប​តែ​ទិញ​រថយន្ត​ម៉ាក​ទីកូ​១គ្រឿង តម្លៃ​១លានរៀល ដើម្បី​ថត​ MV បទ​ចម្រៀង​ថ្មី​របស់​លោក​ថែម​១បទ​ទៀត។

បទ​ចម្រៀង​ថ្មី​ដែល​លោក​គ្រោង​ថត​នោះ មាន​​​ចំណង​ជើង​ថា"​ទីកូ​បង់​រំលោះ" ជា​មេឡូឌី​ថ្មី ​បែប​ស្លុយៗ​សប្បាយ​ៗ។ ខ្លឹមសារ​នៃ​បទ​ចម្រៀង​​និយាយ​ពី​មនុស្ស​​ម្នាក់​ចូល​ចិត្ត​សប្បាយ ៗ សម្ភារៈ​និយម ប្រើ​ទូរសព្ទ​ថ្លៃ​ៗ ប៉ុន្តែ​មិន​ហ៊ាន​ទិញ​រថយន្ត​ទំនើប​ជិះ​ទេ បែរ​ជា​ទៅ​ទិញ​​រថយន្ត​ម៉ាក​ទីកូ​មាន​តម្លៃ​ថោក​ហើយ បង់​រំលោះ​ទៀត។

គម្រោង​នៃ​ការ​ថត​បទ​ចមម្រៀង១បទ​នេះ លោក​ថា​គ្រោង​ចំណាយ​មិន​ក្រោម​១ពាន់​ដុល្លារ​ឡើយ ហើយ​ក្រោយ​ពី​ថត​បទ​ចម្រៀង​ខាង​លើ​ចប់ ម៉ារ៉ា ប៊ុណ្ណា​ ថា ខ្លួន​នឹង​ជិះ​រថយន្ត​នោះ​ជា​ប្រចាំ​តែ​​ម្ដង មិន​ខ្លាច​ពី​ការ​រិះ​គន់​ពី​មហាជន​ឡើយ។ ក្រៅ​ពី​ការ​ធ្វើ​បទ​ចម្រៀង​ខ្លួន​ឯង​ជា​បន្ត​បន្ទាប់ ម៉ារ៉ា ប៊ុណ្ណា​​ថា លោក​​​​​កំពុង​តែ​ជាប់​ថត​រឿង​ជា​បន្ត​បន្ទាប់​ផង​ដែរ៕

អត្ថបទៈ ស៊ុនហួត