បុរស​បារាំង​ហោះ​ពី​វៀតណាម​រត់​ម៉ារ៉ាតុង​ភ្នំពេញ​បាន​លេខ​១​ព្រឹក​​មិញ​​

  • 2018-06-17 03:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ​​មាន​កីឡាករ​ កីឡា​ការិនី​​ចម្រុះ​ជាតិ​សាសន៍​រាប់​ពាន់​នាក់​បាន​ចូល​រួម​ក្នុង​នោះ​មាន​ជន​ជាតិ​បារាំង​ម្នាក់​ធ្វើ​ដំណើរ​ពី​វៀតណាម​ដើម្បី​ចូល​រួម​ប្រកួត​រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។

លោក Stepheng Charnet (កណ្តាល)​លេខ​១

លោក​ Stepheng Charnet បាន​ប្រាប់​​​ថា​ លោក​​រស់​នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ ទើប​​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​​ ទី​១៦​ ខែ​មិថុនា​ ម្សិល​មិញ​ដើម្បី​ចូល​រួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ​អន្តរជាតិ​នេះ។ លោក​បាន​មក​ប្រទេស​កម្ពុជា​ជា​មួយ​ភរិយា​ និង​កូន​ ព្រម​ទាំង​មិត្តភក្តិ​ពីរ​បី​នាក់​ទៀត។

លោក​បាន​ប្រាប់​ថា​ ៖«ខ្ញុំ​មក​ទី​នេះ​ដើម្បី​ចូល​រួម​ប្រកួត​ ពី​ព្រោះ​ប្រទេស​កម្ពុជា​​មិន​ឆ្ងាយ​ពី​ប្រទេស​វៀតណាម។ នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​មក​ប្រទេស​កម្ពុជា។ ខ្ញុំ​មក​នេះ​ដើម្បី​ចង់​ដឹង​ពី​ការ​រៀប​ចំ​ប្រកួត​រត់​ម៉ារ៉ាតុង​នៅ​ភ្នំពេញ​ ហើយ​ឃើញ​ថា​ រៀប​ចំ​បាន​ល្អ​ ជា​ពិសេស​ប្រជា​ជន​កម្ពុជា​រួសរាយ​រាក់​ណាស់​»។ លោក​នឹង​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ផ្សេង​ៗ​ដូច​ជា​នៅ​សៀមរាប​ជា​ដើម។

ក្នុង​ការ​ប្រកួត​​​កាល​ពី​ព្រឹក​មិញ​នេះ​ លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​បុរស​ដោយ​ប្រើ​ពេល​​៣៤​នាទី​ ប៉ុន្តែ​កំណត់​ត្រា​ល្អ​បំផុត​ដែល​រត់​នៅ​វៀតណាម​កន្លង​មក​គឺ​ប្រើ​ពេល​៣០​នាទី។

លោក​ Stepheng Charnet បាន​បញ្ជាក់​ថា តាម​ពិត​ទៅ​លោក​បាន​ហ្វឹកហាត់​រត់​ពាក់​​កណ្តាល​ម៉ារ៉ាតុង​ជាង​២០​ឆ្នាំ​ហើយ។ លោក​ធ្លាប់​ចូល​រួម​ប្រកួត​កន្លង​មក​នៅ​ប្រទេស​វៀតណាម​ និង​បារាំង។ លោក​បាន​ដឹង​ពី​ការ​រៀប​ចំ​ប្រកួត​ម៉ារ៉ាតុង​នៅ​ភ្នំពេញ​នេះ​តាម​រយៈ​មិត្តភក្តិ​ដែល​បាន​និយាយ​ប្រាប់​ត​ៗ​គ្នា។ ក្រៅ​ពី​​មក​ចូល​រួម​ប្រកួត​ លោក​ក៏​នឹង​ចំណាយ​ពេល​ជា​មួយ​ប្រពន្ធ​កូន​ដើម្បី​ដើរ​កម្សាន្ត​ប្រទេស​កម្ពុជា​​មួយ​រយៈ​ពេល​ខ្លី​មុន​ពេល​ត្រឡប់​ទៅ​វិញ។

​​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ​​​នេះ​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ​ធំ​ពី​ក្រុម​ហ៊ុន​ទូរសព្ទ​ Smart។ ពាក់​កណ្ដាល​ម៉ារ៉ាតុង​ភ្នំពេញ​​​លើក​ទី​៨​នេះ​មាន​អ្នក​ចូល​រួម​ប្រកួត​ប្រមាណ​​ជិត​៥​​ពាន់​នាក់​ដែល​មក​ពី​អង្គភាព ស្ថាប័ន ក្រសួង ជា​លក្ខណៈ​គ្រួសារ និត​មិត្តភក្តិ ​ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​ព្រះ​បរម​រាជវាំង៕

លោក Stepheng Charnet ពេល​ដល់​ទី​ផ្តាច់​ព្រ័ត្រ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី