មាន​តួ​អង្គ​ស្រី​តែ​ម្នាក់ឯងគត់ ចែ​ឡេង​ ជម្នះ​ថត​រឿង​ "បាត​ដៃ​ខ្មៅ" ​រហូត​បាន​សម្រេច

  • 2018-06-28 07:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​សម្ពោធ​ដាក់​បញ្ចាំង​ភាពយន្ត​ "បាត​ដៃ​ខ្មៅ"​ កាល​ពី​ថ្ងៃ​ទី ២៦​​ថ្មីៗ​នេះ ចែឡេង​ ដែល​ធ្លាប់​សម្ដែង​ជា​តួអង្គ​ ​បែប​យុវតី​វ័យ​ក្មេងៗ បាន​បង្ហាញ​ពី​អារម្មណ៍​ក៏​ដូច​ជា​ផល​លំបាក​ខ្លះៗ ក្នុង​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ។

ទទួល​បាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ ពី​ការ​សម្ដែង​ក្នុង​រឿង "High School Love” តារា​សម្ដែង​វ័យ​ក្មេង​ បាន​បញ្ជាក់​ថា នេះ​​វា​គឺ​ការ​ឈាន​មក​ដល់​មួយ​ជំហាន​ទៀត​នៃ​អាជីព​សម្ដែង​របស់​នាង​។​ សាក​សួរ​អំពី​បញ្ហា​លំបាក​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ថត​រឿង​ខ្នាត​ធំ​លើក​ដំបូង ព្រម​ទាំង​ជា​តួអង្គ​ស្រី​តែ​ម្នាក់​ ចែឡេង​ បាន​និយាយ​ថា "ធម្មតា​សម្ដែង​ជា​តួ​ស្រី​តែ​ម្នាក់​ហើយ​តួ​ប្រុស​ដល់​ទៅ ៦​នាក់​ អីចឹង​ហើយ​ការ​លំបាក​ប្រាកដ​ជា​មាន​។"

ជាក់​ស្ដែង​​គឺ​ការ​ចុះ​ទៅ​សម្ដែង​នៅ​តាម​ខេត្ត​តែ​ម្ដង ដោយ​តម្រូវ​ឲ្យ​ស្នាក់​នៅ​ជាមួយ​តួអង្គ​ប្រុស​ៗ ព្រម​ទាំង​ក្រុម​ការងារ​ទាំង​អស់ ព្រម​ទាំង​ស្នាក់​នៅ​ផ្ទះ​ឈើ​ជាន់​លើ​ទៀត​នោះ អីចឹង​វា​ពិត​ជា​មាន​ការ​លំបាក​ខ្លះ​ៗ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​បន្ទប់​ទឹក។ ចែឡែង​បាន​បន្ថែម។

ចំពោះ​បទ​ពិសោធន៍​នៃ​ការ​សម្ដែង តារា​វ័យ​ក្មេង​រូប​នេះ​បាន​បញ្ជាក់​ថា​ មាន​ឈុត​មួយ​ក្នុង​សាច់រឿង​នេះ​ដែល​មាន​លក្ខណៈ​សិច​ស៊ី​និង​រោលរាល​បន្តិច ប៉ុន្តែ​នាង​ហ៊ាន​ធានា​ថា​ឈុត​នេះ​មិន​មាន​លើស​លស់​ខ្លាំង​ ខុស​ពី​សីលធម៌​វប្បធម៌​ខ្មែរ​នោះ​ទេ។

ចែ​ឡេង​ក៏​បាន​សំណូម​ពរ​ឲ្យ​ទស្សនិកជន​ ចូលរួម​ទៅ​ទស្សនា​ភាពយន្ត​ "បាត​ដៃ​ខ្មៅ" ឲ្យ​បាន​ច្រើន​កុះករ​ ហើយ​នាង​ក៏​ត្រៀម​ខ្លួន​នឹង​ទទួល​នូវ​ ការ​កែ​តម្រូវ​ក៏​ដូច​ជា​ចំណុច​ខ្វះ​ខាត​ផ្សេងៗ​នៅ​ក្នុង​ភាពយន្ត​ដើម្បី​ឲ្យ​ក្រុម​ការងារ​កែ​លម្អ​សម្រាប់​ភាពយន្ត​ថ្មីៗ​ទៀត​ផង​ដែរ៕

ទស្សនា​វីដេអូ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ចែឡេង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ធារ៉ូ