ជុំវិញ​រឿង អ៊ីវ៉ា ចោល​សាន់ដេ ទៅ​ថោន ឥឡូវ​ខាង ថោន ឆ្លើយ​វិញ​ហើយ!

  • 2018-07-03 03:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង អ៊ីវ៉ា ដែល​ល្បី​ថា ត្រៀម​ចាក​ចេញ​ពី​សាន់ដេ ក្រោយ​ចប់​កុងត្រា​នោះ ឥឡូវ​ថ្មី​ៗ​នេះ មាន​ព័ត៌មាន​ថា នាង​បាន​ទៅ​ចូល​រួម​ជាមួយ​ថោន​វិញ​ហើយ ហើយ​នៅ​ថ្ងៃ​នេះ ខាង​ថោន បាន​ឆ្លើយ​តប​វិញ​ហើយ​ចំពោះ​ករណី​នេះ។

លោក មាស សុខរតនៈ អ្នក​ចាត់​ការ​ទូទៅ ផលិតកម្ម​ថោន បាន​ឆ្លើយ​ប្រាប់ Sabay ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​ពី​ករណី​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺ​មក​ចូល​រួម​ជាមួយ​ផលិតកម្ម​ថោន​របស់​លោក​ឡើយ។ យ៉ាង​នេះ​ក្ដី លោក​ក៏​មិន​ទាន់​ហ៊ាន​ទាត់​ចោល​ដែរ ចំពោះ​ករណី​ដែល​ថា អ៊ីវ៉ា អាច​បាន​ជួប​ចរចា​គ្នា​ជាមួយ​ថ្នាក់​លើ​(ថៅកែ)របស់​លោក​រួច​ហើយ ឬ​ក៏​អត់​នោះ។

តាម​ការ​បញ្ជាក់​ពី​បង​ប្រុស​របស់ មាស សុខសោភា រូប​នេះ ត្បិត​ថា​លោក​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​ផលិតកម្មថោន ប៉ុន្តែ​ការងារ​ខ្លះ ពិសេស​រឿង​ធនធាន​មនុស្ស គឺ​លោក​ទទួល​បាន​ពី​ថ្នាក់​លើ​របស់​លោក​ដែរ ប៉ុន្តែ​ករណី​របស់ អ៊ីវ៉ា មក​ទល់​ពេល​នេះ(រសៀល​ម្សិលមិញ) លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ឡើយ។ លោក លើក​ឡើង​ថា "មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ថ្នាក់​លើ​នៅ​ឡើយ​ទេ​អូន​អើយ"។

នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​តារា​ចម្រៀង អ៊ីវ៉ា ត្រូវ​បាន​ព័ត៌មាន​ចង​ភ្ជាប់​ ថាចង់​ផ្លាស់​ប្ដូរ​ទ្រនំ ក្រោយ​រួម​រស់​ជាមួយ​សាន់ដេ​ជា​ច្រើន​ឆ្នាំ។ សាច់​រឿង​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៦ ក្នុង​នោះ ល្បី​ថា នាង​ទៅ​ចូល​រួម​ជាមួយ​ហង្សមាស ជា​ទី​ដែល​មិត្ត​រួម​ទ្រនំ​របស់​នាង គឺ​តារា​ចម្រៀង សុខ ស្រី​នាង និង ខេមរៈ សិរីមន្ត បាន​ទៅ​ចូល​រួម​បន្ត​បន្ទាប់។

ក្រោយ​ពី​ស្ងាត់​មួយ​រយៈ តារា​ចម្រៀង​កំព្រា​ម្ដាយ​រូប​នេះ ទើប​ធ្លាយ​ព័ត៌មាន​ជា​ថ្មី​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ថា នាង​បាន​ប្ដូរ​ចិត្ត​ឈប់​ទៅ​ហង្សមាស វិញ​ហើយ ហើយ​បាន​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ថោន​ជា​ជំនួស។ ចំពោះ​មូលហេតុ ដោយ​សារ ហង្សមាស ជា​ផ្ទះ​ធំ មាន​មនុស្ស​ច្រើន​រួច​ហើយ​ទៅ​ហើយ។ ដូច្នេះ​បើ​ទោះ​នាង​មាន​សមត្ថភាព​ក៏​ពិត​មែន ក៏​មិន​ប្រាកដ​ថា នាង​អាច​នឹង​លេច​ត្រដែត​បាន​ដែរ។

ជុំ​វិញ​រឿង​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ថោន​នេះ​ទៀត អ៊ីវ៉ា នៅ​លេច​លឺ​ព័ត៌មាន​ទៀត​ថា នាង​មាន​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​មួយ​នេះ​រួច​ទៅ​ហើយ ដោយ​នាង​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ចាប់​ដៃគូ​ជាមួយ​តារា​ចម្រៀង កែវ វាសនា ដែល​ជា​អតីត​មិត្ត​រួម​ទ្រនំ​របស់​នាង​នៅ​សាន់ដេ​រដែរ។

យ៉ាង​នេះ​ក្ដី លោក មាស សុខរតនៈ បាន​ច្រាន​ចោល​ជា​ថ្មី ក្នុង​នោះ បើ​ទោះ​រឿង​ធនធាន​មនុស្ស លោក​មិន​ក្ដោបក្ដាប់​១០០% ប៉ុន្តែ​បទ​ចម្រៀង ជា​សមត្ថកិច្ច​របស់​លោក។ ដូច្នេះ លោក​អះអាង​ថា មិន​មាន​បទ​ចម្រៀង​មួយ​ណា ត្រូវ​បាន​រៀប​ចំ​សម្រាប់ អ៊ីវ៉ា ​នៅ​ឡើយ។ លោក​លើក​ឡើង​ថា "អត់​មាន​ទេ...បង​អ្នក​ធ្វើ បង​ដឹង!”។

វិល​មក​សាមី​ខ្លួន អ៊ីវ៉ា និង​ភាគី សាន់ដេ ដែល​មាន​លោក ឡាយ សុក​ចម្រើន​ជា​អ្នក​ចាត់ការ​ទូទៅ​វិញ នៅ​ព្រឹក​នេះ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ ដោយ​ទូរសព្ទ​មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​បាន។ ប៉ុន្តែ​មុន​នេះ លោក ឡាយ សុក​ចំរើន ធ្លាប់​ប្រាប់​ Sabay ថា អ៊ីវ៉ា មិន​ទៅ​ថោន​ទេ។ បន្ថែម​ពី​លើ​នេះ ប្រភព​មួយ​ផ្សេង​នៅ​មិន​ឆ្ងាយ​ពី​សាន់ដេ ខ្សឹប​ប្រាប់ Sabay ថា សាន់ដេ​ទើប​ចេញ​បទ​ឲ្យ អ៊ីវ៉ា ថ្មីៗ។ "ខ្ញុំ​លឺ​តែ​ព័ត៌មាន​ថា គាត់​ចេញ​ៗ​ដែរ​បង ប៉ុន្តែ​ថ្មី​ៗ​នេះ ទើប​ឃើញ​ផលិតកម្ម​បញ្ចេញ​ Trailer បទ​ថ្មី​ឲ្យ​គាត់​ដែរ គឺ​ដូច​ជា​ម្សិលមិញ​ម្សិលម្ង៉ៃ​ហ្នឹង...អីចឹង​មិន​ដឹង​យ៉ាង​ម៉េច​ដែរ​បង!”។

ករណី​នេះ​ដែរ អ៊ីវ៉ា ធ្លាប់​ប្រាប់​សារព័ត៌មាន​ដែរ​ថា ប្រសិន​បើ​ផលិតកម្ម​ចាស់​ មាន​បទ​ថ្មី​ធ្វើ​ឲ្យ​នាង​ផ្ទុះ​នៅ​លើ​ទីផ្សារ​បាន និង​មើល​ឃើញ​ជា​វិជ្ជមាន​លើ​សមត្ថភាព​របស់​នាង នាង​នឹង​មិន​ទៅ​ណា​ចោល​​នោះ​ទេ៕

អត្ថបទ៖ ទារិកា