និពន្ធនាយក៖ សេវាសាធារណៈរបស់ក្រសួងមួយដ៏គួរឲ្យសរសើរ
- 2018-07-06 06:30:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និពន្ធនាយក៖ សេវាសាធារណៈរបស់ក្រសួងមួយដ៏គួរឲ្យសរសើរ
ចន្លោះមិនឃើញ
ជាការពិតរាល់ការព្យាយាមចង់ទាក់ទងមន្ត្រីក្នុងក្រសួង ដើម្បីសួរនាំព័ត៌មានផ្សេងៗក្នុងស្ថាប័នរដ្ឋមួយចំនួន តាមរយៈលេខទំនាក់ទំនងដែលដាក់លើទំព័រFacebook ឬ គេហទំព័រ ប្រហែលមិនងាយស្រួលទាក់ទងប៉ុន្មាន ឬបើទាក់ទងបានសម្ដីមិនពីរោះពិសាជាដើម។ យ៉ាងណា នេះគ្រាន់ជាទស្សនៈ និងបទពិសោធន៍ទាំងការងារ ជាអ្នកព័ត៌មានជាច្រើនឆ្នាំ និងរឿងផ្ទាល់ខ្លួនដែលធ្លាប់ជួបកន្លងមកប៉ុណ្ណោះ។ ខ្ញុំមិនបានម៉ៃ ថាក្រសួងភាគច្រើន ឬទាំងអស់នោះទេ។ ប៉ុន្តែខ្ញុំបានពើបនឹងក្រសួងមួយ គឺសាធារណការ និងដឹកជញ្ជូន ហាក់យកចិត្តទុកដាក់ខ្លាំងលើសេវា សាធារណៈ ទាក់ទង ឆ្លើយតប រាល់សំណួរ ជ្រោមជ្រែងដោះស្រាយបញ្ហានានារបស់ខ្លួនខ្ញុំផ្ទាល់ មិនឲ្យជាប់គាំងមិនចាញ់ក្រុមហ៊ុនឯកជនឡើយ។
ផ្នែកសេវាកម្ម ពិតជាត្រូវការកម្លាំងមនុស្សយ៉ាងចាំបាច់បំផុត ប៉ុន្តែអ្វីដែលរឹតតែសម្រួលភាពល្អប្រសើរថែមទៀតនោះគឺ បច្ចេកវិទ្យា។ នៅឆ្នាំ ២០១៧ រដ្ឋមន្ត្រីស៊ុន ចាន់ថុល បានដាក់ឲ្យដំណើរការ "ចុះបញ្ជីយានយន្ត និងផ្ដល់ប័ណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម" (អនឡាញ) ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការ ជ្រើសរើសផ្លាកលេខដែលខ្លួនស្រឡាញ់ ប្រភេទផ្លាកលេខ តម្លៃ ទីតាំងដែលត្រូវទៅធ្វើ ឯកសារចាំបាច់ដើម្បីចុះបញ្ជី ណាត់ពេលវេលាធ្វើឆៀក និងពេលវេលាទទួលបានផ្លាកលេខជាដើម...។ល។
ពិតជាគួរឲ្យសាទរណាស់ ព្រោះថា ប្រព័ន្ធអនឡាញ ដែលក្រសួងបានរៀបចំឡើងល្បាក់ ១ឆ្នាំនេះ ពិតជាសម្រួលភាពលំបាកជាច្រើនរបស់ពលរដ្ឋ។ **ទី១** ចំណេញ ពេលវេលា ទាំងទៅធ្វើ និងទទួល **ទី២** ដឹងពីតម្លៃផ្លាកលេខ តាមការកុម្ម៉ង់ និងរើស ជាក់ស្ដែងក្នុងប្រព័ន្ធ មិនខ្ជះខ្ជាយ ឬខាតបង់លើអ្នកជួយរត់ការបន្ត **ទី៣** ពលរដ្ឋបានដឹងពីតម្រូវការឯកសារ និងក្រដាសស្នាមច្បាស់លាស់ មិនចាំទៅមកច្រើនសារ **ទី៤** ចំណេះដឹងបន្ថែម រាល់ដំណាក់កាលនៃការធ្វើ ព្រោះម្ចាស់យានយន្តចុះបញ្ជី ត្រូវបំពេញបែបបទ តាមដំណាក់កាលជាក់ស្ដែងដោយខ្លួនឯង។
គោលបំណងគឺអ៊ីចឹង ឯង តែមិនមែនងាយស្រួលដូចគិតឯណា។ យ៉ាងណា ក្រុមការងារ គាំទ្រ (Customer Service) រាល់ចម្ងល់របស់ពលរដ្ឋដែល ខលសួរ គឺជារឿងសំខាន់បំផុតមួយ ដើម្បីធ្វើយ៉ាងណាឲ្យការចុះបញ្ជីអនឡាញ សម្រេចបានជោគជ័យ ពីព្រោះមធ្យោបាយបែបតិចណូឡូជីនេះ ហាក់នៅថ្មីណាស់ ចំពោះពលរដ្ឋភាគច្រើន ក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបទដ្ឋាន និងបំពេញព័ត៌មាន និងឯកសារឲ្យបានត្រឹមត្រូវឥតខ្ចោះរបស់ក្រសួង។
ក្នុងការប្រើប្រាស់សេវាកម្មថ្មី "ចុះបញ្ជីយានយន្ត" អនឡាញ មាន ៧ដំណាក់កាល ក្រោយបង្កើត Account រួច។ ដំណាក់កាលទាំងនោះមានជាអាទិ៍៖
១.ព័ត៌មានម្ចាស់រថយន្ត
២.ផ្លាកលេខ
៣.ឯកសារភ្ជាប់
៤.ព័ត៌មានរថយន្ត
៥.កាលវិភាគទទួល
៦.ផ្ទៀងផ្ទាត់
៧.ទូទាត់ប្រាក់
ទម្រាំបំពេញចប់ដំណាក់កាលទាំងអស់នេះ ខ្ញុំបានចំណាយពេលមិនតិចទេ ព្រោះត្រូវបំពេញហើយ ផ្ទៀងផ្ទាត់ គ្រប់ចំណុច ដើម្បីកុំឲ្យខាតពេល។ 012 850 376 ឬ (085|015|067) 92 90 90 លេខប៉ុន្មានខ្សែរបស់ មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ សម្រាប់ជួយយើង រាល់ចម្ងល់នានា ខ្ញុំខលសួរមិនតិចជាង ១០ដង ទេ ដើម្បីកែតម្រូវ។ មានពេលខ្លះម៉ោងសម្រាក ឬម៉ោងជាង ៥រសៀលហើយក៏ដោយ។ សំឡេងមិនធុញទ្រាន់ហ្នឹងការជជែក ផ្ដល់យោបល់ របស់មន្ត្រីរាជការផ្នែកទំនាក់ទំនង ទាំងស្រីទាំងប្រុស រហូត Save លេខទូរសព្ទឆ្លើយឆ្លងឆាត និងសុំចូលកែព័ត៌មានត្រង់ចំណុចមួយចំនួន កន្លែងដែលខ្ញុំព្យាយាមកែតម្រូវហើយ តែនៅតែ Error កែមិនបានជាដើម ធ្វើឲ្យខ្ញុំភ្នក់នឹកថា "ហេតុអី មន្ត្រីក្រសួងនេះផ្ដល់សេវាល្អម៉េ្លះ? ល្អរហូតល្អជាងបុគ្គលិកក្រុមហ៊ុនឯកជនមួយចំនួនក៏មាន"?
ដល់ដំណាក់កាលទី៧ គឺមានន័យថា រាល់ប្រតិបត្តិការរបស់ម្ចាស់យានយន្តជោគជ័យអស់ហើយ។ ត្រង់ចំណុចនេះ ការទូទាត់ថ្លៃសេវា និងតម្លៃលេខ យើងអាចបង់ប្រាក់តាមវីង, លីហួរវេរលុយ ឬទៅដល់បរិវេណក្រសួង បង់នៅបញ្ជរទាំងពីរនេះក៏បាន។
នេះគ្រាន់ជាទស្សនៈរបស់ខ្ញុំក្នុងនាមជាពលរដ្ឋមួយរូប ដែលទទួល និងប្រើប្រាស់សេវារបស់ក្រសួងប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ស្ថាប័នទាំងរដ្ឋ និងឯកជនដទៃ កែប្រែចំណុចអវិជ្ជមានចំពោះទំនាក់ទំនងសេវាសាធារណៈទាំងអតិថិជន និងពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
រឿងផ្សេងទៀត៖
@តែប៉ុណ្ណេះ អ្នកបន្លំធ្វើផ្លាកលេខរថយន្តរដ្ឋ ដឹងតែចប់ហើយ
@គ្រាន់តែក្នុងឆ្នាំ២០១៧រដ្ឋមន្ត្រីស៊ុន ចាន់ថុល សម្រេចសមិទ្ធផលធំៗទាំងនេះជូនពលរដ្ឋខ្មែរ
@៥យ៉ាង ម្ចាស់យានយន្តកាន់តែងាយ មិនពិបាកទៅធ្វើនៅក្រសួងដូចមុន
@៥ក្បាច់ ដើម្បីស្នើសុំស្លាកលេខឡានថ្មី មិនបាច់ចាំយូរ ក្រោយបាត់បង់
@ក្រសួងកំពុងរៀបចំឲ្យមានស្លាកលេខពិសេសដែលអាចដោះទុកដល់ តកូនតចៅ
ទស្សនៈនិពន្ធនាយក
ជីព ចិត្ត