ហេតុផល៣ដែលអ្នកគួរទៅទស្សនារឿង​ "បាតដៃខ្មៅ" ចុងសប្តាហ៍នេះ

  • 2018-07-06 07:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ ​ម៉ីសន សុធារី ដែល​បាន​តាក់​តែង​បណ្តា​ភាគ​និទាន​ ពេជ្រ បណ្ឌិត ក៏​ជា​ម្ចាស់​បទ​និពន្ធ​បាតដៃខ្មៅ ​លើក​ឡើង​ប្រាប់ Sabayថា ហេតុផល​មួយ​ចំនួន​ដែល​យុវវ័យ​គួរ​ទៅ​ទស្សនា​ភាពយន្ត​"បាតដៃ​ខ្មៅ" ​​ដែល​កំពុង​បញ្ចាំង​នៅ​រោង។

នៅ​ក្នុង​ភាពយន្ត​មួយ អ្នកគួរ​រក​ឃើញ​នូវ​រូប​បារម្មណ៍​មិន​ធ្លាប់​មាន​ មិន​ច្រឡំ មិន​ប្រដំ​ប្រសង​ជាមួយ​អ្នក​ណា។ «ទី១​ពេល​ខ្ញុំ​សរសេរ​រឿង​មួយ ខ្ញុំ​សួរ​ខ្លួន​ឯង វា​ជារឿង​ហុងកុង ថៃ អាមេរិក ហ្វីលីពីន ឥណ្ឌា? អត់​ទេ បាត​ដៃ​ខ្មៅ ជា​រូប​ភាព​ ជា​អារម្មណ៍ ជា​មនោសញ្ចេតនា​ថ្មី ជា​សកម្មភាព​ពិត​របស់​ខ្មែរ​សម័យ​កាល​នេះ ដែល​មិន​ដូច​កុន​ផ្សេងៗ! ឥទ្ធិពល​ដ៏​សំខាន់​របស់​ប្រលោម​លោក​រឿង បាតដៃខ្មៅ ទៅ​លើ​ភាពយន្ត​នេះ គឺ​អ្នក​ដែល​ទស្សនា​មិន​អាច​រក​ឃើញ​ភាព​ច្រំដែល និង​សកម្មភាព​ដែល​អាច​នឹង​ទស្សទាយ​ត្រូវ! ទីពីរ នៅ​ពេល​ស្ទូឌីយោ​៤​ទទួល​យក​ការងារ​នេះ យើង​យល់​ស្រប​ទំាង​អស់​គ្នា​ពី​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាពយន្ត​នេះ​ផ្សារ​ភ្ជាប់​ភាព​ជាក់​ស្តែង​ក្នុង​សង្គម​ខ្មែរ​ ចលនា​ ឥរិយាបថ ភាសា គឺ​ជា​អ្វី​ដែល​ពួក​គាត់​ធ្វើ​បាន​ល្អ​បំផុត​ទំាង​អ្នក Screenplay និង​អ្នក​ដឹកនាំ​រឿង ទី៣ តារា​ចម្រៀង​វ័យ​ក្មេង​​​របស់​យើង​បាន​ចុះ​សម្រុង​គ្នា​ឥត​ខ្ចោះ​ក្នុង​ការ​សម្តែង​ជា​ក្រុម​តែ​មួយ​នៅ​ក្នុង​កុន​ដំបូង​នៃ​ជីវិត​ពួកគេ ហើយ​ សាយ ជេន​រតនៈ តារាវីដ ម៉ានុត ធ្វើ​បាន​ល្អ​បំផុត ហ្វេន​ទំាង​អស់​របស់​ពួក​គេ​នឹង​មាន​មោទកភាព​នៅ​ពេល​បាន​ឃើញ​ស្នាដៃ​របស់​ពួក​គេ ដែល​ជា​ពួក​គេ​ពិតៗ មិន​មែន​​ស្រមោល​នៃ​តួ​ថៃ តួ​អា​គំាង ឬ​ស្រមោល​ចម្លង​ផ្សេងៗ​ដែល​យើង​ធ្លាប់​ទៅ​មើល​ហើយ​ខូច​ចិត្ត!»។

ភាពយន្ត បាតដៃខ្មៅ បាន​នាំ​មក​នូវ​សន្ទុះ​ជំនឿ​ចិត្ត​ថ្មី​ដល់​បណ្តា​ផលិតករ​វ័យ​ក្មេង​របស់​ខ្មែរ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ដែល Sabay បាន​ប្រកាស​ពេញ​ទំហឹង​ក្នុង​ការ​លើក​កម្ពស់​កម្លាំង​ចូល​រួម​របស់​យុវវ័យ​​វិស័យ​ភាពយន្ត​ជាតិ។

នាយក​ប្រតិបត្តិ ជី​ សិលា​ លើក​ឡើង​កាល​ពី​ខែ​មុន​ថា ទោះ​ "បាតដៃខ្មៅ​" មាន​លទ្ធផល​បែប​ណា កុនខ្មែរ​​ដែល​ជា​ស្នាដៃ​របស់​ក្រុម​យុវវ័យ​នឹង​ចេញ​រូប​រាង​ជា​បន្ត​បន្ទាប់។

លោក មាស រស្មី​ អ្នក​ដឹក​នាំ​រឿង​ បាតដៃខ្មៅ និង​ជា​អ្នក​បង្កើត​ផលិតកម្ម​ស្ទូឌីយោ៤ ជាមួយ​មិត្តភក្តិ​២នាក់​ផ្សេងទៀត បាន​អះ​អាង​ថា ស្ទូឌីយោ មាន​មោទកភាព​នឹង​បញ្ចេញ​ភាពយន្ត​ថ្មីៗ​បន្ថែម​ក្នុង​រូបភាព​ផ្សេងៗ​នា​អនាគត​ដ៏​ខ្លី​ខាង​មុខ។​

«យើង​មិន​អាច​ទៅ​សុំ​អង្វរ​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ទស្សនា​កុន​មួយ​ដែល​គេ​មិន​ចង់ រឹត​តែ​មិន​អាច​បង្ខំ​​យក​ទីផ្សារ​ដោយ​សេចក្តី​មានៈ តែ​យើង​អាច​យក​ឈ្នះ​ការ​លំបាក​អស់​នេះ ដោយសារ​អ្នក​ទៅ​ទស្សនា​នៅ​រោង​ជា​យុវវ័យ​ដែល​ឆ្លង​កាត់​ការ​ទស្សនា​រឿង​រាប់​មិន​អស់! គាត់​ដឹង​ច្បាស់ ថា​អ្វី​ទៅ ​Originalហើយ​អ្វី​ទៅ​ជា​ស្រមោល​លួច​ចម្លង​គ្មាន​ដួង​ព្រលឹង​ជា​របស់​ខ្លួន​ឯង!» អ្នក​និពន្ធ​បន្ថែម។

"បាតដៃខ្មៅ" បាន​ចេញ​នៅ​គ្រប់​រោង​ភាពយន្ត ចំ​ពេល​ដែល​កុន​ធំៗ​របស់​ថៃ និង​អាមេរិក​ដូច​ជា Ant-Man អ្នក​ចម្បាំង​ញិក​ញ៉ក់។ល។ កំពុង​សង្គ្រប់​ព័ទ្ធ​លើ BoxOfficeកម្ពុជា។

យុវជន ​នី ពេញវុធ ទស្សនិកជន​ដែល​មក​ទស្សនា​ថ្ងៃ​ដំបូង​នៅ​ខេត្ត​សៀមរាប​ប្រាប់ Sabayថា គេ​រំភើប​ចំពោះ​ពិធី​បូជា​ក្បាល​ក្របី ប្រពៃណី​យូរ​លង់​របស់​ខ្មែរ ដែល​គ្មាន​កុន​ណា​ធ្លាប់​ធ្វើ។ «ធ្លាប់​តែ​ឮ​ពុក​ខ្ញុំ​ប្រាប់ ពេល​ឃើញ​ក្នុង​រឿង​ បាត​ដៃខ្មៅ ព្រឺ ព្រឺ​មែន​បង! រាង​ខ្លាច ខ្លាច​ពី​ក្នុង​មក​ហ្មង​បង!»។

ប្រភព​ពី​រោង​ភាពយន្ត Major Cineplex ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា តួ​លេខ​លក់​សំបុត្រ​របស់ បាតដៃខ្មៅ​ មាន​សន្ទុះ​ល្អ​ជាង​ការ​រំពឹង​ទុក​ ហើយ​បើ​ធៀប​នឹង​កុន​ខ្មែរ​ផ្សេង​កាល​ពី​ពេល​ថ្មីៗ​នេះ រឿង បាតដៃខ្មៅ នៅ​ក្រោម​តែ​រឿង​ធ្មប់​មួយ​តែ​ប៉ុណ្ណោះ។ មក​ដល់​សប្តាហ៍​ទី​២​នេះ សន្ទុះ​អ្នក​ចូល​មើល​កើន​ឡើង​នៅ​ភ្នំពេញ ដែល​កាល​ពី​សប្តាហ៍​មុន បណ្តា​ខេត្ត​មាន​ខ្ពស់​ជាង។

តោះ!​ ចាំ​អីទៀត? ទៅ​មើល​រឿង បាតដៃខ្មៅ ទាំង​អស់​គ្នា ចុង​សប្តាហ៍​នេះ!

អត្ថបទៈ ពិសី