ពលរដ្ឋម្ចាស់ស្រុកតិចជាងបរទេសខ្លាំងបានចុះឈ្មោះរត់ម៉ារ៉ាតុងចក្រភពខ្មែរ គិតត្រឹមពេលនេះ
- 2018-07-10 07:27:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋម្ចាស់ស្រុកតិចជាងបរទេសខ្លាំងបានចុះឈ្មោះរត់ម៉ារ៉ាតុងចក្រភពខ្មែរ គិតត្រឹមពេលនេះ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋខ្មែរ និងបរទេសដែលបានចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៥មានភាពខុសគ្នាខ្លាំងបំផុត បន្ទាប់ពីបើកចុះឈ្មោះរយៈពេលប៉ុន្មានសប្តាហ៍កន្លង់ទៅ។ នេះបើតាមការឲ្យពីសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា ការចុះឈ្មោះបានបើកមួយរយៈពេលហើយដែលរហូតដល់ពេលនេះទទួលបានអ្នកចុះឈ្មោះចូលរួមប្រកួតប្រមាណ១៣០០នាក់។ ក្នុងចំណោមអ្នកចុះឈ្មោះប្រមាណ១៣០០នាក់នេះគឺមានជនបរទេសជាង១ពាន់នាក់ ប៉ុន្តែពលរដ្ឋខ្មែរមានចំនួនតិចនៅឡើយ។ ពេលវេលាប្រហែលជា១ខែ ឬ២ខែដំបូងពេលប្រកាសចុះឈ្មោះ ពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែប្រហែលជា១សប្ដាហ៍ឬ២សប្ដាហ៍ជិតដល់ថ្ងៃប្រកួតទើបសម្រុកចុះឈ្មោះចូលរួមប្រកួត។
ឯកឧត្តមបន្តថា ក្នុងចំណោមជនបរទេសជាង១ពាន់នាក់ដែលបានចុះឈ្មោះគឺភាគច្រើនបំផុតជាជនជាតិអាស៊ី។ ក្នុងរយៈពេលខែមិថុនា ឬកក្កដានេះជាពេលដែលជនជាតិអាស៊ីមានទំនេរអាចដើរកម្សាន្តបានដូច្នេះហើយបានជាមានជនជាតិអាស៊ីច្រើន ប៉ុន្តែបើចុងឆ្នាំវិញទើបជាពេលជនជាតិអឺរ៉ុបច្រើន។ ជនជាតិអាស៊ីទាំងនេះគឺចិនបានចុះឈ្មោះច្រើនជាងគេរហូតជាប់លេខ១ ជនជាតិជប៉ុនលេខ២ និងសិង្ហបុរីលេខ៣។ ក្រៅពីនោះមានពលរដ្ឋមកពីប្រទេសផ្សេងៗនៅអាស៊ី។
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៥នៅខេត្តសៀមរាបនឹងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ដែលត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុនដែលមានប្រមាណជាង២នាក់ប៉ុណ្ណោះ។ ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរដែលមាន៤វិញ្ញាសាគឺ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រនេះចូលរួមឧបត្ថម្ភធំដោយ Smart។
សូមបញ្ជាក់ ការចុះឈ្មោះចូលរួមប្រកួតរត់ម៉ារ៉ាតុងចក្រភពខ្មែរបើករហូតដល់ថ្ងៃប្រកួតទើបបិទ ដូច្នេះជាឱកាសដែលបងប្អូនពលរដ្ឋខ្មែរ ជាលក្ខណៈគ្រួសារ ស្ថាប័ន ក្រុមហ៊ុន និងជនជាតិបរទេសនៅមានឱកាសចុះឈ្មោះចូលរួមប្រកួត ពីព្រោះមានវិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រដែលជាប្រភេទវិញ្ញាសារត់ដើម្បីកម្សាន្ត និងសុខភាព៕