មានក្ដីសុខតែម្នាក់ឯងទាំងគេមិនបានស្រលាញ់ចេញពីចិត្ត ចុងក្រោយត្រូវគ្រាំចិត្តស្ទើរស្លាប់

  • 2018-07-13 05:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​សោះ​ក្លាយ​ជា​អ្នក​ដែល​ស្និទ្ធស្នាល​ទាំង​មិន​បាន​តាំង​ចិត្ត ធ្លាប់​គិត​ថា​គេ​គ្រាន់​តែ​អ្នក​ស្គាល់​គ្នា​ធម្មតាៗ តែ​អ្វីៗ​ក៏​ប្រែប្រួល​អស់​ទាំង​មិន​ដែល​គិត​ចង់​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​ពី​មនុស្ស​ដែល​មិន​ខ្វល់​ពី​រឿង​ស្នេហា បែរ​ជា​ធ្លាក់​ក្នុង​ជម្រៅ​ស្នេហ៍​មួយ​ទាំង​គ្មាន​សង្ឃឹម​យ៉ាង​ងប់ងុល​។ អ្វីៗ​ចាប់​ផ្ដើម​ប្រែប្រួល​ តែង​មាន​ស្នាម​ញញឹម​ទាំង​ពព្រាយ​ពេល​ឃើញ​គេ លែង​ហ៊ាន​មើល​មុខ​ចំ​ដូច​មុន ចង់​ឈាន​ជើង​ចូល​ក្បែរ​មិន​លះៗ​ដូច​មុន​ហាក់​ញ័រ​ដៃ​ញ័រ​ជើង​ខុស​ពី​មុន​ដាច់​ដូច​មេឃ​នឹង​ដី។ មិន​ដឹង​ថា តើ​គេ​មាន​ឥទ្ធិពល​អ្វី​ម្ល៉េះ​លើ​អារម្មណ៍​របស់​ខ្ញុំ? តើ​គេ​មាន​អំណាច​អ្វី? ពេល​នេះ​ទទួល​ស្គាល់​ហើយ​ថា ស្រលាញ់​មនុស្ស​ម្នាក់​គឺ​គ្មាន​ហេតុផល ហើយ​ក៏​ដឹង​ទៀត​ថា ទោះ​យើង​ជា​មនុស្ស​ម៉ឺងម៉ាត់​យ៉ាង​ណា​ក៏​មិន​អាច​គេច​រួច​ពី​អារម្មណ៍​ស្នេហា​បាន​ឡើយ ពេល​ដែល​មនុស្ស​ម្នាក់​ជ្រាប​ចូល​មក​ដល់​បេះដូង​ហើយនោះ។

រូបតំណាង

សំណួរ​មួយ​ក៏​បាន​លេច​ឡើង​ថា តើ​នេះ​ហៅ​ថា​ស្នេហា​ដែរ​ឬទេ? បើ​ម្នាក់​ទៀត​មិន​ត្រូវ​ជា​អ្វី​ជាមូយ​យើង​ផង​នោះ? តើ​នៅ​សុខៗ​ម៉េច​ក៏​យក​រឿង​បែប​នេះ​មក​បំផ្លាញស្នាម​ញញឹម​ដែល​ធ្លាប់​មាន? ពេល​មួយ​ខ្ញុំ​ក៏​គិត​ថា បើ​បន្ត​បែប​នេះ​ខ្ញុំ​អាច​នឹង​នឹក​គេ​ដល់​ស្លាប់​ហើយ បែប​នេះ​ខ្ញុំ​គួរ​តែ​សារភាព​ដែរ​ទេ? តាម​ពិត​ពាក្យ​ស្រលាញ់​មួយ​ម៉ាត់​មិន​ពិបាក​និយាយ​ឡើយ តែ​ខ្ញុំ​ហា​មាត់​មិន​កើត បាន​ត្រឹម​ស្រមៃ ហើយ​នៅ​តែ​បន្ត​មាន​ក្ដី​សុខ​តែ​ម្នាក់​ឯង​បន្ត​ទៀត។ ហឹមម...ឯង​ឆ្កួត​មែន​ទែន​ហើយ បេះ​ដូង​ឆ្កួត​ហើយ​មិន​អាច​ធ្វើ​បែប​នេះ​ទៀត​ទេ យ៉ាង​ណា​ត្រូវ​តែ​សារភាព​ប្រាប់​គេ​ថា​យើង​ស្រលាញ់​គេ ហើយ​ក៏​តាំង​ចិត្ត​រួច​ជា​ស្រេច​ទោះ​ចម្លើយ​គេ​បែប​ណា​ក៏​ដោយ។

ចម្លើយ​ដែល​ខ្ញុំ​ទទួល​បាន​ពី​គេ គេ​ប្រាប់​ថា​គេ​ក៏​ស្រលាញ់​ខ្ញុំ​ដែរ។ អារម្មណ៍​ដែល​ធ្លាប់​មាន​ក្ដី​សុខ​តែ​ម្នាក់​ឯង​ក៏​កាន់​តែ​មាន​ក្ដី​សុខខ្លាំងថែម​ទៀត ពាក្យ​ស្រលាញ់​របស់​គេ​បាន​សម្លាប់​ចិត្ត​ខ្ញុំ ឲ្យ​ខ្ញុំ​ព្រម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​គេ កាន់​តែ​ចង់​នៅ​ក្បែរ​គេ ស្នាម​ញញឹម​ ពាក្យ​សម្ដី​គ្រប់​ម៉ាត់​របស់​គេ​ស្ថិត​ក្នុង​ខួរ​ក្បាល​ខ្ញុំ​គ្រប់​ពេល។ តែ​ពាក្យ​ស្រលាញ់​ និង​ទង្វើ​របស់​គេ គឺ​ខុស​គ្នា​ស្រលះ​ពី​ខ្ញុំ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ឯកា​ឡើង ជាង​ពេល​ដែល​គ្មាន​វត្តមាន​គេ​ទៅ​ទៀត ខ្ញុំ​ត្រេក​អរ​នឹង​ពាក្យ​ដែល​គេ​ប្រាប់​ថា​ស្រលាញ់​ទាំង​មិន​អស់​ចិត្ត ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​ប្រាប់​ទាំង​មិន​បាន​តាំង​ចិត្ត។ គ្រប់​ពេល​ខ្ញុំ​ឆាត​ទៅ​គេ​ មិន​ដែល​ឆ្លើយ​តប​ភ្លាមៗ​ឡើយ ពេល​ខ្លះ​គេ​ផុស​រូប​ជាមួយ​ខ្ញុំ តែដាក់​Only me ដូច​ខ្លាច​អ្នក​ណា​ឃើញ មិន​ដែល​ហ៊ាន​កាន់​ដៃ​ខ្ញុំ​ជា​សាធារណៈ មិន​ដែល​និយាយ​ពាក្យ​ផ្អែម​ល្ហែម។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ឈឺ​ចាប់​ជាង​កាល​ស្រលាញ់​គេ​ម្នាក់​ឯង​ទៅ​ទៀត ហើយ​បើ​ប្រៀបធៀប​អារម្មណ៍​ដែល​ស្រលាញ់​គេ​តែ​ម្នាក់​ឯង គឺ​ខ្ញុំ​មាន​ក្ដី​សុខ​ជាង​ពេល​នេះ គឺ​ពេល​ដែល​គេ​ប្រាប់​ថា​ស្រលាញ់។

រូបតំណាង

នៅ​ជាមួយ​គ្នា​ហាក់​សោះកក្រោះ​ទោះ​ខ្ញុំ​ព្យាយាម​ធ្វើ​ល្អ​ដាក់​គេ​ប៉ុណ្ណា​ក៏​ដោយ តែ​នៅ​ទី​បំផុត​គេ​សារភាព​ប្រាប់​ខ្ញុំ​ត្រង់ៗ​ថា គេ​ជ្រុល​ប្រាប់​ពាក្យ​ស្រលាញ់​មក​ខ្ញុំ​ទាំង​មិន​បាន​តាំង​ចិត្ត គេ​មិន​អាច​បង្ខំ​អារម្មណ៍​គេ​ឲ្យ​មក​ស្រលាញ់​ខ្ញុំ​បាន​ឡើយ គេ​មិន​ទាន់​មាន​អ្នក​ណា តែ​ក៏​មិន​មាន​ខ្ញុំ​បេះ​ដូង​គេ​ដែរ គេ​ប្រាប់​ថា​ស្រលាញ់​ខ្ញុំ ព្រោះ​ខ្លាច​ខ្ញុំ​ខ្មាស​គេ​ ខ្លាច​ខ្ញុំ​អន់​ចិត្ត។ តែ​ផ្ទុយ​មក​វិញ​អ្វី​ដែល​គេ​ប្រាប់​ខ្ញុំ​នៅ​ពេល​នេះ គឺ​ជា​រឿង​ធ្វើ​ឲ្យ​ខ្មាស​គេ​ខ្លាំង​បំផុត តាំង​ខ្លួន​ធ្វើ​ជា​សង្សារ​គេ មាន​ក្ដី​សុខ​ ឈឺ​ចាប់​ស្រក់​ទឹក​ភ្នែក​អត់​ប្រយោជន៍​មិន​ដឹង​ដើម្បី​អ្នក​ណា? តើ​ពេល​នេះ​ឲ្យ​ខ្ញុំ​កាត់​ចិត្ត​បែប​ណា? បើ​ក្ដី​ស្រលាញ់​ដែល​ខ្ញុំ​មាន​បាន​ប្រគល់​ឲ្យ​អ្នក​គ្មាន​ចំណែក​សេសសល់​សម្រាប់​ខ្លួន​ឯង​ឡើយ។ ខ្ញុំ​ចង់​ស្អប់​អ្នក​ ចង់​បំភ្លេច​អ្នក​តែ​ខ្ញុំ​ធ្វើ​មិន​បាន ខ្ញុំ​មិន​អាច​ជា​ស្នេហា​សម្រាប់​អ្នក ហើយ​អ្នក​ក៏​កាន់​តែ​មិន​អាច​ធ្វើ​ជាមិត្ត​ជាមួយ​ខ្ញុំ​បាន​ឡើយ។ ព្រោះ​តាំង​ពី​ដំបូង​អារម្មណ៍​ខ្ញុំ​មិន​ដែល​គិត​អ្នក​ត្រឹម​មិត្ត​ទេ។​

ពេល​នេះ​ចង់​បំភ្លេច​គេ​ក៏​ភ្លេច​មិន​បាន ខំ​ធ្វើ​ខ្លួន​ឲ្យ​រវល់​ក៏​នៅ​តែ​នឹកគេ សូម្បី​តែ​ពេល​គេង​ក៏​ហូរ​ទឹក​ភ្នែក ជិះ​ម៉ូតូ​ក៏​ហូរ​ទឹក​ភ្នែក។ ខ្ញុំ​ស្គាល់​អ្នក​មិន​ដល់​មួយ​ខែ ហើយ​ក្ដី​សុខ​ដែល​ខ្ញុំ​មាន​ក៏​មិន​ដល់​២​ខែ តែ​ពេល​នេះ​ការ​ឈឺ​ចាប់​រាប់​ខែ​ហើយ​នៅ​តែ​មិន​ព្រម​បាត់ ខ្ញុំ​ស្អប់​ខ្លួន​ឯង​នៅ​ពេល​នេះ ចង់​បាន​ខ្លួន​ខ្ញុំ​ពី​មុន​មក​វិញ។ បើ​មាន​អព្ភូតហេតុ​មែន ខ្ញុំ​ចង់​បំភ្លេច​អ្នក​ទាំង​ស្រុង ចង់​ឲ្យ​ក្លាយ​ជា​មនុស្ស​មិន​ស្គាល់​គ្នា ហើយ​ក៏​មិន​ស្គាល់​គ្នា​ជា​រៀង​រហូត៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី