ស្អាតពេកហើយ! ដើរលេង៥កន្លែងនេះនៅស្រុកខ្មែរឲ្យអស់សិន មុនចង់ហោះទៅលេងស្រុកគេ

  • 2018-07-14 04:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា ជា​ប្រទេស​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​តំបន់​ទេសចរណ៍​ជា​ច្រើន ជា​ពិសេស​តំបន់​ធម្មជាតិ ដែល​មាន​ទេសភាព​ស្អាត​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី ដូច្នោះ​ដែរ​។ ​ថ្ងៃ​នេះ​ Sabay សូម​នាំ​អារម្មណ៍​ប្រិយ​មិត្ត​ទៅ​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ ៥​កន្លែង ទេស​ភាព​ស្អាត​បំផុត​ប្រៀប​ដូច​រូប​គំនូរ​។

១. ភូមិដំណាក់ដំរី

នៅ​ក្បែរ​ជើង​ភ្នំ​គិរីរម្យ ភូមិ​ដំណាក់​ដំរី គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​បែប​កែ​ច្នៃ​ថ្មី​មួយ​ទៀត ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ប្រសិន​បើ​ប្រិយមិត្ត​បាន​ទៅ​ដល់​ទីនោះ ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ ដ៏​ស្រស់​បំព្រង​លាត​សន្ធឹង​លើ​ផ្ទៃដី​រាប់រយ​ហិច​តា។ បើ​តាម​ជំនួយការអ្នក​គ្រប់​គ្រង​រីសត​នេះ បាន​ប្រាប់​ Sabay ថា ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​កម្សាន្ត​នឹង​ទទួល​បាន​ការ​កម្សាន្ត​ជា​ច្រើន ក្រៅ​ពី​ផ្ដិត​យក​ទេសភាព​ដ៏​ប្រណិត​ដូចជា៖ ការ​ជិះសេះ​លម្ហែ​អារម្មណ៍​ ស្ទូច​ត្រី បោះតង់ បាល់ទាត់ បាល់​ទះ។ ជា​ពិសេស​ថែម​ទាំង​មាន​អាង​ហែល​ទឹក ភោជនីយដ្ឋាន មាន​ម្ហូប​គ្រប់​ប្រភេទ​ក្នុង​តម្លៃ​ដ៏​សមរម្យ​ទៀត​ផង។

ចំពោះ​កន្លែង​ស្នាក់​នៅ​វិញ​កាន់​តែ​ពិសេស​ថែម​ទៀត នៅ​ភូមិ​ដំណាក់​ដំរី​ភ្ញៀវ​ទេសចរណ៍​អាច​ស្នាក់​ជា​តង់ វិឡា ផ្ទះ​រចនាបថ​ម៉ូត​ខ្មែរ​។ល។ ភូមិ​ដំណាក់​ដំរី មាន​ស្ថិត​នៅ​ក្នុង​ឃុំ​គិរីរម្យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ​ដើម្បីទៅដល់តំបន់ទេសចរណ៍មួយនេះ ប្រិយមិត្តត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដល់ផ្សារត្រែងត្រយឹងបត់ចូលប្រមាណ ៨គីឡូម៉ែត្រ ភ្ញៀវទេសចរ​នឹងឃើញរីសត​មួយ​ដ៏​ស្រស់បំព្រងខ្យល់អាកាសដ៏បរិសុទ្ធ។

២. ពពក​ហោះ​ថ្មដា

ថ្មដា ជា​ឃុំ​មួយ​ក្នុង​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​ ​ជា​តំបន់​ទេសចរណ៍​ថ្មី​សន្លាង​មួយ​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជិត​ទាំង​ឆ្ងាយ​។ តំបន់​ទេសចរណ៍​មួយ​នេះ​ ​នៅ​ជាប់​ព្រំ​ប្រទល់​កម្ពុជា-ថៃ​ ​ដែល​ថ្មដា ជា​ច្រក​មួយ​ឆ្លង​ចូល​ប្រទេស​ថៃ។ រីឯ​ទេសភាព​នៅ​លើភ្នំ​ថ្មដា ​មើល​មួយ​ភ្លែត​ស្មាន​តែ​សមុទ្រ​ឈើ​ដូច​នៅ​​មណ្ឌលគិរី និង​ពពក​ហោះ​លើ​ភ្នំបូកគោ ។ ថ្មដា​នៅ​ពេល​ព្រឹក​ព្រលឹម​មាន​ពពក​រសាត់​ទាបៗ​ជាប់​នឹងង​ជើង​ភ្នំ ត្រជាក់សព្វរាងកាយ។

៣.ថ្ម​លយ ឬ​អូរ​តាសេក

បើ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ឧទ្យាន​ជាតិ​គិរីរម្យ ភ្ញៀវ​ទេសចរនឹក​ស្រមៃ​មុន​គេ គឺ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គ្រប​ដណ្ដប់​ដោយ​ដើម​ស្រល់​រាប់​ពាន់​ដើម និង​ទឹក​ជ្រោះដ៏​ស្រស់​ត្រកាល។ ប៉ុន្តែ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​រុក​រក​ទីតាំង​ប្លែកៗ​ក្នុង​ប្រទេស​កម្ពុជា Off-Road បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​មួយ​ឈ្មោះ​ថា ថ្ម​លយ ឬ​អូរ​តាសេក ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​មិន​នឹក​ស្មាន​ដល់។

ថ្ម​លយ ឬ​អូរ​តាសេក មាន​ទីតាំង​នៅ​ជិត​ជ្រោះ​ផ្ដាច់​ព្រលឹង​ នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​។ បើ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ ប្រិយ​មិត្ត​នឹង​លង់​នូវ​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​ ជា​ពិសេស​នៅ​ពេល​ថ្ងៃ​រៀប​លិច​ជះ​ពន្លឺ​នៃ​ព្រះទិនករ មក​លើ​ព្រៃ​ឈើ និង​ផ្ទាំង​សិលា​នានា រំលេច​ចេញ​ជា​ផ្ទាំង​ទស្សនីយភាព កម្រ​បាន​ឃើញ​បំផុត។

៤.ដើម​ស្រល់​ ​​​នៅ​​មណ្ឌល​គិរី​

ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង​សែន​មនោរម្យ​ ទី​រួម​ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​ឃុំ​ដាក់ដាំ​​ ស្រុក​អូររាំង​ ចម្ងាយ​ប្រហែល​១៥​​គីឡូម៉ែត្រ ​​​​លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​ដើម​ស្រល់​​​ជា​ច្រើន​ ​ដុះ​អម​​សង​ខាង​ផ្លូវ​ លើ​ភ្នំ​​ខ្ពស់​ទាប​ ​និង​បង្ហាញ​សម្រស់​ធម្មជាតិ​​ស្រស់​ស្អាត ​​មិន​ចាញ់​ដើម​ Christmas (គ្រីស្មាស) សិប្បនិម្មិត ដែល​គេ​តុប​តែង​ឡើយ។

នៅ​លើ​ដង​ផ្លូវ​​កៅស៊ូ​​រលោង​ស្រិល​​ដ៏​សែន​​ស្ងាត់​ ​ដែល​ពុំ​សូវ​មាន​​អ្នក​​​ដំណើរ​​ឆ្លង​កាត់​ ​​​ហើយ​ពេល​ឃើញ​ដើម​ស្រល់​យ៉ាង​ច្រើន​ដុះ​លើ​ភ្នំ​​​ ​​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​​វា​​ពិត​ជា​​ស្អាត​មែន​ទែន​ ​ប្រៀប​ដូច​​នឹង​ដើម​ Christmas ដែល​គេ​តុប​តែង​ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​​ឆាប់ៗ​ខាង​មុខ​នេះ​យ៉ាង​ដូច្នោះ​ដែរ។

៥. ដង​ព្រៃ​លិច​ទឹក​នៅ​ស្ទឹង​ត្រែង

ព្រៃ​លិច​ទឹក​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ជា​កន្លែង​កម្សាន្ត​ដ៏​កម្រ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​ឃើញ។ ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ រុំាសា​ (​តំបន់​អភិរក្ស​លិច​ទឹក​)​​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​តាម​ដង​ទន្លេ​មេគង្គ​ ​នៅ​ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបូរិវ៉ាត​ ខេត្ត​ស្ទឹងត្រែង។

តំបន់​នេះ​គឺជា​ផ្នែក​មួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យ​បុរាណ ​ និង​រាប់​បញ្ចូល​ ទាំង​រុំាសា ​(តំបន់​អភិរក្ស​ លិចទឹក) ដែល​មាន​សត្វ​ផ្សោត​តាម​ដង​​ទន្លេ​មេគង្គ​ សត្វ​បក្សា​បក្សី​ សត្វព្រៃ​ ជា​ច្រើន​​ទៀត។​ វា​ប្រៀប​​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏​មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​ពី​ទឹក​តាម​បណ្តោយ​ទន្លេ​មេគង្គ​។ ​វា​បាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ ប្រសើរ​ ដែល​ជា​ជម្រ​ដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ។​ ជា​ពិសេស ​ហ្វូង​បក្សា​បក្សី ​និង​ជា​ជម្រ​កត្រី​ដ៏​ប្រសើរ​ក្នុង​រដូវ​វស្សា។

នៅ​រដូវ​ប្រាំង​ ពេល​ទឹក​ស្រក​ ទីនេះ​បាន​រំលេច​ឲ្យ​ឃើញ​នូវ​ឆ្នេខ្សាច់​ពណ៌ស​ដ៏​ស្រស់​ស្អាត​ ដែល​លាតសន្ធឹង​ តាម​បណ្តោយ​ដងទន្លេ​ គួរ​ឲ្យ​ចង់​ដើរ​លេង​កម្សាន្ត​​ ហើយ​ក៏​មាន​ព្រែក​ជាច្រើន​ ដោយ​មាន ព្រែក​ខ្លះ​មាន​ទឹក​ហូរ​លឿន​។ នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​  ក្នុង​ឃុំ​ស្វាយ​ តំបន់​អភិរក្ស​ដីល្បាប់​រុំសា ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ ជា​ពិសេស​តំបន់​ត្រីពង​ ដែល​ជា​​ទីក​ន្លែង​ផ្តល់​នូវ​ការ​បង្ក​កំណើត​ដល់​ត្រី​រាប់​លាន​ក្បាល សត្វ​បក្សា​ បក្សី​ និង​សត្វ​ព្រៃ​ដ៏​ទៃ​ទៀត ​ព្រម​ទាំង​មាន​ដើម​ឈើ​ជា​ច្រើន​ប្រភេទ​  ផ្តល់​ឲ្យ​តំបន់​នេះ​ក្លាយ​ជា ​តំបន់​អេកូឡូស៊ី​ដ៏​ធំ​មួយ។ ឃុំ​អូរស្វាយ ​មាន​ចម្ងាយ​​៥៧​គីឡូម៉ែត្រ​ ពី​ផ្លូវជាតិ​លេខ​៧ ​និង​អាច​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ​ដែល​ហូរ​ឆ្ពោះ​ទៅ ​ទិសពាយព្យ​នៃ​ក្រុង​ស្ទឹងត្រែង៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី