អ៊ុក សុវណ្ណ៖ ​ភ្នំ​ពេញ​ក្រោន ​អស់​ឱកាស​ប្រជែង​យក​ពាន​លីគ​កំពូល​កម្ពុជា​ហើយ

  • 2018-07-16 07:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ អ៊ុក សុវណ្ណ ​របស់​ក្រុម​ភ្នំពេញ​ក្រោន បាន​បញ្ជាក់​ថា​ឱកាស​លើក​ពាន​រង្វាន់​ក្រុម​អស់​ហើយ ​នៅ​រដូវ​កាល​នេះ ដោយ​សល់​តែ Hun Sen Cup ​ប៉ុណ្ណោះ។

អ៊ុក សុវណ្ណ អបអរ ក្រោយរកគ្រាប់បាល់បាន​

ម្សិលមិញ​នេះ ​ភ្នំពេញ​ក្រោន​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​វិសាខា ៣-១ ​នា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៤។ បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ភ្នំពេញ​ដាច់​ពិន្ទុ​ក្រុម​កំពូល​តារាង​ខ្លាំង​មែនទែន ​សឹង​តែ​អស់​ឱកាស​ប្រជែង​​យក​ពាន​ជាមួយ​ក្រុម​ដទៃ​ទៅ​ហើយ។ ជាមួយ​គ្នា​នេះ ​សុវណ្ណ ដែល​ជា​ខ្សែ​ការពារ​រក​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់​វិសាខា ​យល់​ឃើញ​ថា​ក្រុម​របស់​ខ្លួន​អស់​ឱកាស​ហើយ។ នៅ​ឆ្នាំ​នេះ ​លីគ​កំពូល​កម្ពុជា ​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោន​មិន​អាច​ប្រជែង​បាន​ទៀត​ទេ ពោល​គឺ​បច្ចុប្បន្ន​ក្រុម​ទាំង​មូល​នឹង​ផ្ដោត​ទៅ​លើ Hun Sen Cup ​វិញ។

ភ្នំពេញ​ក្រោន ឆ្លង​កាត់​១៤​ប្រកួត ​មាន​២១​ពិន្ទុ​ប៉ុណ្ណោះ ​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង។ ស្រប​ពេល​ដែល​ក្រុម​ឈរ​លើ​គេ​វិញ ​បឹង​កេត ​ឆ្លង​កាត់​១៤​ប្រកួត ​មិន​ទាន់​ចាញ់​ឡើយ ​មាន​៣៦​ពិន្ទុ​ក្នុង​ដៃ​។ ដូច្នេះ​ហើយ ​បើ​មើល​តាម​ពិន្ទុ​នេះ​ទៅ ​ក្រោន​ចាញ់​ក្រុម​កំពូល​តារាង​ដល់​ទៅ​១៥​ពិន្ទុ​ទៅ​ហើយ។

សម្រាប់ Hun Sen Cup ​វិញ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ ​ក្រុម​ភ្នំពេញ​ក្រោន ​បាន​យក​ឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា ​ក្នុង​លទ្ធផល ២-១ ​នៅ​ជើង​ទី​១។ សម្រាប់​ជើង​ទី​២​វិញ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខាង​មុខ​នេះ ​នា​កីឡដ្ឋាន RSN ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម