កុំ​ចេះ​តែឆ្លងដែន​ខុស​ច្បាប់! ចាញ់បោកមេខ្យល់​អត់បានការងារហើយអស់លុយ​មិនចេះតិច​

  • 2018-07-18 07:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូ​តខ្មែរ​ប្រ​ចាំទី​ក្រុង​បាងកក​ ប្រ​ទេស​ថៃ​​បានធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពល​ករខ្មែរជាង​២០​នាក់​ ដែល​ចាញ់​បោក​មេខ្យល់នាំចូលទៅ ធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ ដោយ​ខុសច្បាប់ ឲ្យ​ត្រឡប់​មក​ស្រុក​កំ​ណើត​វិញ។​

(ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​កំពុងដើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​កម្ពុជា-ថៃ)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ ស្ថានទូតខ្មែរ​ប្រ​ចាំប្រ​ទេស​ថៃ​ សរសេរ​ថា​ពល​រដ្ឋខ្មែរ​ចំនួន​២៤​នាក់​បាន​ចាញ់បោក​មេ​ខ្យល់​នាំទៅ​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​សាមុត្រប្រាកាន ប្រទេស​ថៃ។ កាលពី​ថ្ងៃទី​១៣ ខែកក្កដា កន្លង​ទៅ​ មន្ត្រី​ស្ថានទូត​បាន​ទៅជួប​ពល​ករ​ទាំងនោះ​នៅ​ក្នុង​ខេត្ត​ខាងលើ ហើយ​បាន​ដឹង​ថា​ពល​ករ​ម្នាក់​បានចំណាយ​ថវិកាទៅ​ឲ្យ​មេខ្យល់​ចំនួន​១៨ ០០០ បាត​ ឬប្រហាក់​ប្រ​ហែលជា​៥៣០​ដុល្លារអាមេរិក ក្នុង​ម្នាក់​សម្រាប់​ធ្វើ​លិខិត​ឆ្លងដែន ស្នើសុំទិដ្ឋាការស្នាក់នៅ និង​ទិដ្ឋាការ​ធ្វើការ​ដោយ​ស្របច្បាប់។ ទោះយ៉ាងណា រហូត​មក​ដល់ថ្ងៃ​មន្ត្រី​ស្ថានទូត​ចុះជួប​នោះ​ ពល​ករ​ទាំង​២៤​នាក់​មិនបាន​ទទួល​លិខិត​ស្នាម​អ្វីនោះទេ។ នេះបើ​តាម​ប្រ​ភពដដែល។

រហូត​មក​ដល់​ថ្ងៃទី១៦ ខែ​ក្កកដា ខាង​ស្ថានទូតខ្មែរ​ក៏បាន​ចេញ​លិខិត​ធ្វើ​ដំណើរ​បណ្តោះ​អាសន្នដល់ពលករ​ទាំង​២៤នាក់​ឲ្យ​បាន​ត្រឡប់មក​កាន់​ប្រ​ទេស​កម្ពុជា​ដោយ​សុវត្ថិភាពតាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ បើ​តាម​ប្រ​ភព​ដដែល ខាង​ស្ថានទូត​បាន​ណែនាំ​ដល់​ពល​ករ​ឲ្យ​រៀបចំឯកសារ​ស្របច្បាប់​ និង​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​តាម​រយៈ​ប្រ​ព័ន្ធ MOU ដើម្បី​កុំឲ្យ​ចាញ់​បោក​មេខ្យល់។​

គួរ​បញ្ជាក់ថា​ចាប់ពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០១៨ មក​រដ្ឋាភិបាល​ថៃ​ចាប់​ផ្តើម​ពិន័យ​លើ​ពល​ករ​បរទេស​ណា​ដែល​ធ្វើ​ការ​មិន​ស្រប​ច្បាប់​នៅ​ប្រ​ទេស​ថៃ ដោយពិន័យ​ជា​ប្រាក់​ចន្លោះពី​៥ ០០០ បាត ទៅ៥០ ០០០​បាត និងហាម​ចូលប្រ​ទេសថៃរយៈពេល​ពីរ​ឆ្នាំ។ ចំណែក​និយោជក​ដែល​ជួល​ពលករ​មិនស្រប​ច្បាប់ នឹង​ត្រូវ​ពិន័យ​ជាប្រាក់​ចន្លោះពី​១០ ០០០ បាត ទៅ​១០០ ០០០​ បាត ហើយ​បើ​នៅ​ប្រ​ព្រឹត្ត​កំហុស​ដដែល នឹ​ងត្រូវ​ពិន័យជា​ប្រាក់ពី​៥០ ០០០​បាត ទៅ​ ២០០ ០០០ បាត សម្រាប់​ពល​ករ​ម្នាក់ និង​អាចបញ្ឈប់​ឲ្យ​ជួល​ពលករ​បរទេស​ចំនួនបី​ឆ្នាំ។ នេះ​បើតាម​សេចក្តីជូន​ដំណឹងរបស់​ស្ថានទូតខ្មែរ​ប្រ​ចាំប្រទេស​ថៃកាលពី​ចុងខែមិថុនា​៕​

អត្ថបទ៖ ទូច សុខា