ប្រធាន​ក្រុម U15 កម្ពុជា តាំង ប៊ុនឆៃ ថា ឆ្នាំ​នេះ​ក្រុម​ខ្លាំង​ជាង​ឆ្នាំ​មុន

  • 2018-07-19 02:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៥ ឆ្នាំ​ តាំង ប៊ុនឆៃ ​បង្ហាញ​ពី​ជំនឿ​ចិត្ត​​ក្រុម​របស់​ខ្លួន នឹង​ខ្លាំង​ជាង​ឆ្នាំ​មុន​ សម្រាប់​ការ​ចូល​រួម​ប្រកួត​ពាន AFF U-15 Championship 2018 ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី​​ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨។ ​

តាំង ប៊ុនឆៃ

យុវជន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​​នេះ​ក្រុម​មាន​ការ​កើន​ឡើង​ទាំង​បច្ចេកទេស និង​កម្រិត​នៃ​ការ​លេង ពិសេស​មាន​កីឡាករ​ថ្មី​ៗ​​​មក​ជួយ​ក្រុម​។ និយាយ​ពី​ការ​លេង​ជា​ក្រុម​ឆ្នាំ​នេះ​គឺ​ហាក់​មាន​ភាព​ប្រសើរ​ និង​ខ្លាំង​ជាង​ឆ្នាំ​មុន​ឆ្ងាយ​ ដោយ​សារ​ក្រុម​ទាំង​មូល​មាន​ការ​ប្រឹងប្រែង​ហ្វឹកហាត់​​ខ្លាំង និង​​បាន​​ហ្វឹកហាត់​ជុំ​គ្នា​យូរ​គួរសម។

ប៊ុន​ឆៃ​ បន្ថែម​ថា ការ​ចូល​រួម​លើក​នេះ​ពូល​របស់​កម្ពុជា​សុទ្ធ​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​ក្រុម​បាន​​កំណត់​គោលដៅ​ថា នឹង​ធ្វើ​យ៉ាង​ណា​ពុះពារ​ឲ្យ​បាន​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​តាម​​ពូល។ ប៉ុន្តែ​អ្វី​ៗ​គឺ​ក្រុម​អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​ ដោយ​មិន​ហ៊ាន​សន្យា​ជា​មុន​អាច​ឡើង​ទៅ​វគ្គ​បន្ត​ឬ​យ៉ាង​ណា​នោះ​ទេ។

​ក្រុម​ U-15 កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និង​មីយ៉ាន់ម៉ា។​ ក្រុម U-15 កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ​២០១៨​ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​ចំនួន​២​ប្រកួត​គឺ​ថ្ងៃ​ទី​២០ ប៉ះ​ជម្រើស​ជាតិ​ U-16 របស់​ម៉ាឡេស៊ី និង ​ថ្ងៃ​ទី​២៣ ប៉ះ​ក្រុម​ U19 របស់​ក្លឹប UITM ។ បន្ទាប់​មក​បន្ត​បោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​ទី​២៧ ទើប​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

រំលឹក​ថា កាល​ពី​ឆ្នាំ​មុន​ក្នុង​ពាន​រង្វាន់​​ខាង​លើ​នេះ​ដែរ ក្រុម U-15 កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល ដោយ​រក​បាន ៦ ពិន្ទុ​ក្នុង​ចំណោម​ការ​ប្រកួត ៥ លើក​ស្ថិត​នៅ​លេខ ៣ ហើយ​​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី​ជា​អ្នក​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី