ពូកែមែន! ទើបអាយុ១១ឆ្នាំ រៀនចប់បរិញ្ញាបត្ររង និងមានគម្រោងធំមួយ នៅអាយុ១៨ឆ្នាំ
- 2018-07-23 07:57:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែមែន! ទើបអាយុ១១ឆ្នាំ រៀនចប់បរិញ្ញាបត្ររង និងមានគម្រោងធំមួយ នៅអាយុ១៨ឆ្នាំ
ចន្លោះមិនឃើញ
ក្មេងប្រុសដ៏ពូកែម្នាក់ មានឈ្មោះថា William Maillis មិនទាន់គ្រប់អាយុដើម្បីបោះឆ្នោត ហើយក៏មិនទាន់គ្រប់អាយុដើម្បីបើកបរ ប៉ុន្តែរូបគេបានរៀនចប់ និងទទួលបានសញ្ញាប័ត្របរិញ្ញាបត្ររងទៅហើយ។
William ដែលមានអាយុទើបតែ ១១ឆ្នាំ បានទទួលសញ្ញាប័ត្របរិញ្ញាបត្ររង ផ្នែក Associate in Arts ពីសាកលវិទ្យាល័យ St. Petersburg College នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
វេជ្ជបណ្ឌិត Tonjua Williams ប្រធានសាកលវិទ្យាល័យ St. Petersburg បានប្រាប់ CNN ថា «ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការងារ និងអ្វីដែល William បានធ្វើ។ គេពិតជាអស្ចារ្យ , បើកចំហរ និង ចូលចិត្តសហការខ្លាំងមែនទែន»។
គួរឲ្យដឹងថា William បានចាប់ផ្ដើមចូលរៀនសាកលវិទ្យាល័យ នៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ នៅអាយុ៩ឆ្នាំ។ ឪពុកម្ដាយរបស់គេនិយាយថា នៅអាយុ២ឆ្នាំ William អាចធ្វើគណិតវិទ្យាសាមញ្ញបាន និង នៅអាយុ៤ឆ្នាំ រូបគេបានរៀនពីជគណិតទៀតផង។
William បានប្រាប់ CNN ថា «អ្នករាល់គ្នាសុទ្ធតែទទួលបានអំណោយពីព្រះ។ ខ្ញុំទទួលបានទេពកោសល្យផ្នែកចំណេះដឹង វិទ្យាសាស្ត្រ និង ប្រវត្តិសាស្ត្រ។
យ៉ាងណាមិញ ក្មេងប្រុសដ៏ពូកែខាងលើ មានគម្រោងបន្តការសិក្សារបស់ខ្លួន និងចាប់ផ្ដើមចូលរៀននាខែក្រោយ នៅឯសាកលវិទ្យាល័យ University of South Florida។ ជាមួយគ្នានេះ William មានគម្រោងបញ្ចប់ថ្នាក់បណ្ឌិតនៅអាយុ ១៨ឆ្នាំ ដែលជាអាយុមនុស្សភាគច្រើនទើបចាប់ផ្ដើមចូលរៀននៅសាកលវិទ្យាល័យប៉ុណ្ណោះ៕
ចុចអាន៖