គ្រូ​ការពារ​ជាតិ​រៀបរាប់​ពី​កត្តា​រួម​ផ្សំ​នាំ​ឲ្យ​ជ័យជម្នះ​លើ​បឹងកេត​

  • 2018-07-28 01:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​​បឹងកេត​បាន​ស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​លីគ​កម្ពុជា​រដូវ​កាល​​នេះ​ បន្ទាប់​ពី​ចាញ់​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល​ ២-០ នៃ​ការ​ប្រកួត​សប្តាហ៍​ទី​១៦​ ជើង​ទី​២​កាល​ពី​ល្ងាច​មិញ​នៅ​ស្តាត​ចាស់។​

លោក ភា សុភ័ក្ត្រា

លោក ភា សុភ័ក្ត្រា គ្រូ​ក្រសួង​ការពារ​​ជាតិ​បាន​រៀប​រាប់​ថា ៖«សម្រាប់​ស្ថានភាព​ប្រកួត​ថ្ងៃ​នេះ​តាន់​តឹង​មែន​ទែន​ ជា​ពិសេស​នៅ​វគ្គ​ទី​២។ យ៉ាង​ណា​យើង​រំលឹក​ទៅ​វគ្គ​ទី​១​វិញ យើង​ធ្វើ​បាន​ល្អ។ ជា​ពិសេស​អ្វី​ដែល​យើង​បាន​ហាត់ យើង​ប្តូរ​ យើង​ទប់​ស្ថាន​ការណ៍​​វាយ​បក​របស់​គេ។ ជា​ពិសេស​កម្លាំង​នៃ​ការ​ប្រយុទ្ធ​របស់​គេ​យើង​អាច​ទប់​ស្កាត់​បាន។ នេះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​យើង​មាន​​​ឱកាស​រក​គ្រាប់​បាល់​បាន»។

លោក​គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ​បន្ត​​​ថា ៖«​ដោយ​ឡែក​នៅ​វគ្គ​ទី​​២​ គេ​គ្រប់​គ្រង​ស្ថានការណ៍​វិញ​ ពី​ព្រោះ​គេ​ដូរ​ចូល​កីឡាករ​ដែល​មាន​សមត្ថភាព​​គ្រប់​គ្រង​​បាល់​ បង្កើត​ចលនា​ និង​ការ​ប្រយុទ្ធ។ មែន​ទែន​ទៅ​ វគ្គ​ទី​២​ យើង​លេង​ការពារ​សុទ្ធ។ មួយ​វិញ​ទៀត​យើង​ឃើញ​ថា ចៃ​ដន្យ​ដែល​ដូច​អ្វី​​ដែល​​គ្រូ​បង្វឹក​ជាប់​ពិន័យ​ កីឡាករ​មាន​របួស​​​ដែល​​ចំណែក​មួយ​ដែល​ជួយ​ដល់​ជ័យជម្នះ​របស់​យើង​ផង​ដែរ។ សម្រាប់​ខ្ញុំ​សរសើរ​អស់​ពី​ចិត្ត​ចំពោះ​កីឡាករ​ក្រសួង​ការពារ​ជាតិ​ ថ្វី​បើ​មិន​សប្បាយ​ចិត្ត​ពេល​ស្មើ​នឹង​វេស្ទើន​ ប៉ុន្តែ​ពេល​នេះ​យើង​​ធ្វើ​បាន​ល្អ​វិញ​ហើយ»។

​​​២​គ្រាប់​របស់​ក្រសួង​ការពារ​ជាតិ​បាន​កើត​ឡើង​ពី​ការ​តែត​ចូល​ទី​ទាំង​ពីរ​ដោយ​កីឡាករ​​លេខ​១៧​ ឈិន ឈឿន​នៅ​នាទី​ទី​២២​ និង​កីឡាករ​កូរ៉េ​ Yoo Jae Ho នៅ​នាទី​ទី​៣៣។

កាល​ពី​ម្សិល​មិញ​ដែរ​ ណាហ្គាវើល​បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល​ ២-១។ ២​គ្រាប់​របស់​ណាហ្គាវើល​ធ្វើ​បាន​សម្រេច​ដោយ​​ Mathew Osa នៅ​នាទី​ទី​៦៨​ និង​ សួង វីរៈ​នៅ​នាទី​ទី​៩០+២ ហើយ​១​គ្រាប់​​របស់​ភ្នំពេញ​កើត​ឡើយ​ដោយ​​ខ្សែ​ការពារ​ណាហ្គាវើល ញឹម សុវណ្ណារ៉ា​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​នៅ​នាទី​ទី​៥៦៕

ខាង​ក្រោម​ជា​សកម្មភាព​ប្រកួត​រវាង ការពារជាតិ និង បឹងកេត

អត្ថបទ៖ ជាន ចាន់រ៉ា