អ្នកវិភាគថា អ្នកឈ្នះក្រោយការចាកចេញរបស់ Ronaldo គឺ Bale

  • 2018-07-28 03:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​វែល ធ្លាប់​បាន​និយាយ​ថា​គេ​នឹង​ពិចារណា​អនាគត​របស់​ខ្លួន​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ តែ​ឥឡូវ​ច្បាស់​ណាស់​ថា Bale នឹង​បន្ត​ស្នាក់​នៅ Real ហើយ​មើល​ទៅ​អនាគត​នឹង​ត្រចះត្រចង់​បន្ទាប់​ពី​ការ​ចាកចេញ​របស់​មិត្ត​រួមក្រុម​ទៅ Juventus។ នេះ​បើ​តាម Goal។

បន្ទាប់​ពី​ Real Madrid ឈ្នះ​ជើងឯក​ក្របខ័ណ្ឌ Champions League លើ Liverpool នៅ​ទីក្រុង​ Kiev កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ទាំង​ Gareth Bale និង Cristiano Ronaldo សុទ្ធ​តែ​ បាន​និយាយ​ថា​ពួកគេ​អាច​នឹង​ចាកចេញពី Real Madrid ។

ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​ចាកចេញ ប្រាកដ​ណាស់​ថា​នឹង​ជា​ Bale មិន​មែន​ Ronaldo ឡើយ។ ប៉ុន្តែ​២​ខែ​ក្រោយ​មក តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ចាកចេញ​ទៅ​ក្លឹប Juventus ខណៈ​អតីត​កីឡាករ Spurs នឹង​ត្រៀម​រដូវ​កាល​ទី​៦​របស់​ខ្លួន​នៅ Real។

ច្បាស់​ណាស់​ថា រដូវ​កាល​លីគ​បាល់ទាត់​អាជីព​ដែល​នឹង​ជិត​ចាប់ផ្តើម ក្រុម​អ្នក​គាំទ្រ Real Madrid នឹង​ក្លាយ​ទៅ​ជា fan របស់​ Bale បន្ទាប់​ពី​ការ​ចាញចេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល ទៅ​អ៊ីតាលី​ក្នុង​តម្លៃ ១០០ លាន​អឺរ៉ូ (ប្រហែល ១១៧ លាន​ដុល្លារ)។

បន្ទាប់ពីការចាកចេញរបស់ អតីត​កីឡាករ​​ក្លឹប​បិសាច​ក្រហម Real Madrid ហាក់​បាន​កំណត់​ទិសដៅ​តាម​ប្រមាញ់ Neymar, Kylian Mbappe និង Eden Hazard ដើម្បីបំពេញនូវចន្លោះ​របស់​ Ronaldo ដែល​បាន​ស៊ុត ៤៥០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨​ប្រកួត​ឲ្យ Los Blancos ក្នុង​រយៈ​ពេល​៩​រដូវ​កាល។

យ៉ាង​ណា​ក្តី​គោលដៅ​របស់​ក្រុម​អធិរាជ​ស តាម​ទិញ​កីឡាករ​របស់ Paris Saint-Germain និង Chelsea ទំនង​ជា​ពិបាក​ធ្វើ​ទៅ​រួច​ណាស់​នៅ​​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ ព្រោះ​ទាំង​ PSG និង Chelsea គ្មាន​ចេតនា​ចង់​លក់​កំពូល​កីឡាករ​របស់​ពួកគេ​ឡើយ។

​​​នេះ​ហើយ​ជា​ហេតុផល​ចម្បង​ដែល​ Real Madrid មិនចង់ឱ្យ Bale ចាកចេញ​បើ​ទោះ​ជា Ronaldo មិន​ចេញ​ទៅ​ Juventus ក៏​ដោយ។ សារព័ត៌មាន​​កីឡា AS របស់​អេស្ប៉ាញ​បាន​សរសេរ​ថា ក្រុម Madrid នឹង​ស្ថិត​នៅ​ក្នុង​ដៃ [Bale] នៅ​រដូវ​កាល​ ២០១៨-១៩ នេះ។

Bale ដែល​នឹង​មាន​អាយុ​២៩​ឆ្នាំ ក្នុង​ខែ​នេះ បាន​ស៊ុត​បញ្ចូល​ទី ៨៨ គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ១៨៩ ប្រកួត​នៅ Real បាន​ជួយ​ក្លឹប Los Blancos ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ៤​លើក។ Bale លេង​បាន​តែ ៥៣% ប៉ុណ្ណោះ​នៃ​នាទី​សរុប និង គិត​ជា​មធ្យម ស៊ុត​គ្រាប់​បាល់​បាន​១​គ្រាប់​នៅ​រៀងរាល់ ១៥៩ ម្តង​ បើ​ធៀប​នឹង Ronaldo រក​គ្រាប់​បាន​នៅ​រៀង​រាល់ ៨៤​ នាទី​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​គឺ​ជា​អ្នក​រ៉ាប់រង​រាល់​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ និង បាល់​ free-kick ជា​ហេតុ​ធ្វើ​ឲ្យ​​គ្រាប់​ស៊ុត​របស់ Ronaldo មាន​អត្រា​ខ្ពស់។

គ្មាន Ronaldo មាន​ន័យ​ថា គេ​នឹង​អាច​ឃើញ Bale លេង​បាន​ច្រើន​នាទី​បន្ថែម ហើយ​ក៏​ជា​រឿង​អស្ចារ្យ​សម្រាប់ Los Blancos ដែល​នឹង​ចាប់ផ្តើម​ជំពូក​ថ្មី​​ដ៏​ស្រពិចស្រពិល​របស់​ពួកគេ​នៅ​ពេល​អវត្តមាន Ronaldo តែ​សំណាង​នៅ​សល់ Bale៕​​​

ប្រភព៖ Goal   ប្រែសសម្រួល៖ សុខ លាងហ៊ត