ព្រោះ​តែ​កូន​ជិត​កើត គីសាន់ រ៉ៃយ៉ា សុខ​ចិត្ត​ឆ្លៀត​ពី​នាទី​ជា​ប្រធាន​ក្រុម​ពិធីការ​ មក​​រត់​កង់​បី​​បន្ថែម​ទៀត

  • 2018-08-01 04:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​វិវត្ត​ខ្លួន​ពី​អ្នក​រត់​កង់​បី មក​ជា​ប្រធាន​ក្រុម​ពិធីការ​មួយ ដែល​ទើប​បើក​បង្ហាញ​ថ្មី​ៗ ឥឡូវ​មាន​ដំណឹង​ថា កូន​ប្រុស​តារា​សម្ដែង ពៅ គីសាន់ លោក គីសាន់ រ៉ៃយ៉ា គ្រោង​ឆ្លៀត​ពី​អាជីព​​នេះ ​ចេញ​រត់​ម៉ូតូ​កង់​បី​ជា​ថ្មី។

"គី​សាន់ ពី​មុន​នឹង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ" លោក គីសាន់ រ៉ៃយ៉ា បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក។ ជាមួយ​គ្នា គេ​ក៏​បាន​ឃើញ​លោក​បង្ហោះ​រូប​លោក​បាន​ចូល​ទៅ​កន្លែង​លក់​ម៉ូតូ​កង់បី​ឥណ្ឌា ហើយ​បាន​ភ្ជាប់​ជាមួយ​សារ​ទៀត​ថា "បើ​ខ្ញុំ​រត់​កង់​បី បង​ប្អូន​ជួយ​ជិះ​ខ្ញុំ​អត់?”។ មិត្តភ័ក្ដិ​លោក​ជា​ច្រើន បាន​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ​ចំពោះ​កូន​ប្រុស​តារា​សម្ដែង។

ជុំវិញ​បញ្ហា​នេះ គីសាន់ រ៉ៃយ៉ា បាន​ឆ្លើយ​ប្រាប់ Sabay ថា ជា​ការ​ពិត លោក​គ្រោង​នឹង​ចេញ​រត់​កង់​បី អាជីព​ចាស់​របស់​លោក​កាល​ពី​ជិត​១០​ឆ្នាំ​មុន​មែន ព្រោះ​ថា​ លោក​មើល​ខ្លួន​ឯង​នៅ​សល់​ទំនេរ​ច្រើន​ពេក ដែល​គួរ​តែ​ប្រើ​ពេល​វេលា​នេះ​រក​ប្រយោជន៍ ក៏​ដូច​ជា​កម្រៃ​បន្ថែម។ ចំណុច​សំខាន់​ជាង​នេះ​ទៀត ក៏​ព្រោះ​តែ​លោក​ជិត​ទទួល​សមាជិក​គ្រួសារ​ថ្មី​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​បន្ទុក​គ្រួសារ​កាន់​តែ​ធំ។

"បាទ​បង រត់​បង​រត់ គឺ​ត្រូវ​តែ​រត់(រត់​កង់​បី) ព្រោះ​រាល់​ថ្ងៃ​ដូច​សល់​ពេល​ទំនេរ​ច្រើន​ពេក ហើយ​ម្យ៉ាង​គ្រួសារ​ខ្ញុំ គាត់​ជិត​សម្រាល​ហើយ អីចឹង​ហើយ​នៅ​ពេល​កូន​កើត​មក ប្រាកដ​ជា​ចំណាយ​កាន់​តែ​ច្រើន អីចឹង​ហើយ​បើ​មិន​ឆ្លៀត​រក​ចំណូល​បន្ថែម​ទេ ប្រាកដ​ជា​ពិបាក​ហើយ!”។ រ៉ៃយ៉ា ថ្លែង។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រ៉ៃយ៉ា មិន​ទាន់​បាន​ចេញ​រត់​កង់​បី​រក​ចំណូល​បន្ថែម​នៅ​ឡើយ​ទេ ដោយ​កំពុង​រៀប​ចំ​ឯកសារ សម្រាប់​ការ​ទិញ​បង់​រំលស់ ព្រោះ​តម្លៃ​កង់​បី​ឥណ្ឌា​ដល់​ទៅ​ជិត ៤០០០​ដុល្លារ​នោះ លោក​មិន​មាន​លទ្ធភាព​ទិញ​ទេ។ លោក​សង្ឃឹម​ថា ឯកសារ​នឹង​បាន​ស្រេច​បាច់ ហើយ​លោក​នឹង​បាន​ម៉ូតូ​កង់​បី មក​ប្រកប​អាជីព​ក្នុង​ពេល​ឆាប់​ៗ។

គីសាន់ រ៉ៃយ៉ា បាន​តស៊ូ​ច្រើន​ឆ្នាំ រត់​កង់​បី​ផង និង​លក់​បាយ​ម្ហូប​ផង បើ​ទោះ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ម្នាក់​ក៏​ដោយ។ ក្រោយ​ពី​តស៊ូ​បាន​ប៉ុន្មាន​ឆ្នាំ កូន​ប្រុស​លោក ពៅ គីសាន់ ក៏​បាន​ក្លាយ​ជា​ប្រធាន​នៃ​ក្រុម​ពិធីការ "គីសាន់ រ៉ៃយ៉ា តន្ត្រី" ដែល​មាន​ទទួល​រៀប​ចំ​ផ្នែក​ពិធីការ មាន​ដូច​ជា មង្គល​ការ ខួប​កំណើត និង​ពិធី​ជប់​លៀង​ផ្សេង​ៗ។ អាជីព​ថ្មី​បាន​ជួយ​ឲ្យ​ជីវភាព​របស់​លោក បាន​ប្រសើរ​មួយ​កម្រិត។

ប៉ុន្តែ​មិន​ទាន់​ផុត​ការ​ភ័យ​នៅ​ឡើយ ពិសេស​ពេល​រដូវ​ភ្លៀង​​ចូល​មក​ដល់ ការងារ​ផ្នែក​ពិធីការ​របស់​លោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​លោក​មាន​ពេល​ទំនេរ​ច្រើន។ ផ្សំ​នឹង​ត្រូវ​រ៉ាប់រង​បន្ទុក​ចំពោះ​កំណើត​កូន​ដំបូង​ឆាប់​ៗ​នេះ​ផង រ៉ៃយ៉ា ប្រាប់​ថា លោក​លែង​មាន​ភាព​​ស្ទាក់​ស្ទើរ​ សម្រាប់​វិល​ទៅ​កាន់​អាជីព​ជា​អ្នក​រត់​កង់​បន្ថែម​ពី​តួនាទី​ជា​ប្រធាន​ក្រុម​ពិធីការ​ឡើយ។

ព័ត៌មាន​ចុង​ក្រោយ គីសាន់ រ៉ៃយ៉ា ទទួល​បាន​កង់​បី​ពី​ការ​បង់​រំលស់​ហើយ។ "បាន​ហើយ​បង អីចឹង​ទំនេរ​ពី​ការងារ ខ្ញុំ​នឹង​រត់​ហើយ!”។

លោក រ៉ៃយ៉ា បាន​រៀប​អាពាហ៍ពិពាហ៍ កាល​ពី​ខែ ១១ ឆ្នាំ ២០១៧។ បច្ចុប្បន្ន ភរិយា​របស់​លោក​កំពុង​ពពោះ​កូន​ដំបូង គ្រោង​នឹង​សម្រាល​នៅ​ក្នុង​រង្វង់​ខែ​ក្រោយនេះ៕

រ៉ៃយ៉ា កាល​នៅ​រត់​កង់បី
រ៉ៃយ៉ា ទៅ​រក​ទិញ​កង់បីឥណ្ឌា គ្រោង​ចេញ​រត់​ជា​ថ្មី(រូបភាព៖ ហ្វេសប៊ុក រ៉ៃយ៉ា)

អត្ថបទ៖ ទារិកា