ម្ដាយ Paul Walker រៀបរាប់លម្អិតពីហេតុការណ៍នៅថ្ងៃលោកជួបគ្រោះថ្នាក់បាត់បង់ជីវិត
- 2018-08-02 02:33:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយ Paul Walker រៀបរាប់លម្អិតពីហេតុការណ៍នៅថ្ងៃលោកជួបគ្រោះថ្នាក់បាត់បង់ជីវិត
ចន្លោះមិនឃើញ
យោងទៅតាមវីដេអូឯកសារថ្មីរៀបរាប់ពីជីវិតរបស់អតីតតារាសម្ដែង Paul Walker ម្ដាយរបស់លោកបានបង្ហាញពីរឿងលំអិតថ្មីពាក់ព័ន្ធនឹងថ្ងៃដែលកូនប្រុសរបស់នាងជួបគ្រោះអកុសលរហូតដល់បាត់បង់ជីវិតក្នុងឆ្នាំ ២០១៣។
ក្នុងឯកសារនោះដែរ លោកស្រី Cheryl បានប្រាប់ថា កូនប្រុសរបស់នាងបានភ្លេចរាល់កម្មវិធីទាំងប៉ុន្មានដែលត្រូវធ្វើឡើងក្នុងកម្មវិធីសប្បុរសធម៌របស់លោកដែលមានឈ្មោះថា "Reach Out Worldwide” ហើយពេលនោះដែរ គឺជាពេលវេលាចុងក្រោយបង្អស់របស់លោកផងដែរ។ លោកនឹងមិនត្រូវបានចាកចេញលែងវិលត្រឡប់បែបនេះទេ ប្រសិនបើលោកមិនទទួលបានសាររំឭកពីកម្មវិធីនោះ។
បើតាមអ្នកម្ដាយរបស់អតីតតារាសម្ដែងដ៏ល្បីឈ្មោះរូបនេះ បានបន្តថា នៅពេលព្រឹកនៃថ្ងៃកើតហេតុរបស់លោក ខណៈសម្រាកពីការថតរឿង "Fast Furious 7” លោកមានសភាពស្វាហាប់ធម្មតា ដោយបានអង្គុយលេងនៅចង្ក្រានបាយជាមួយកូនស្រីវ័យ ១៥ឆ្នាំរបស់លោក Meadow ហើយពួកគេក៏បានរៀបគម្រោងថានឹងទៅទិញ និងតុបតែងដើមណូអែលនៅល្ងាចថ្ងៃនោះផងដែរ។
ប្រាប់សារព័ត៌មាន People លោកស្រី Cheryl បាននិយាយថា៖ "ពួកយើងសប្បាយជជែកលេងជាមួយគ្នា ហើយគេក៏ភ្លេចថាមានកម្មវិធីត្រូវចូលរួម។ ក្រោយមកគេក៏ទទួលបានសារមួយ ហើយក៏មានការភ្ញាក់ផ្អើល រួចក៏និយាយថាប្រញាប់ត្រូវទៅកន្លែងមួយ"។
លោកប្រញាប់ប្រញាល់រត់ចេញទៅកម្មវិធីសប្បុរសធម៌ ដែលធ្វើឡើងដើម្បីជួយជនរងគ្រោះពីព្យុះទីហ្វុងក្នុងប្រទេសហ្វីលីពីន។ តារាសម្ដែង Paul Walker បានចាកចេញពីកម្មវិធីជាមួយនឹងឡានម៉ាក Porsche Carrera GT បើកបរដោយមិត្តរបស់លោកដែលជាអតីតជើងឯកប្រណាំងឡាប Roger Rodas។ អំឡុងពេលនោះដែរ ឡានរបស់លោកគ្រប់គ្រងលែងបាន ហើយក៏បានបុកទៅនឹងបង្គោលដងគោម ផ្ទុះឆាបឆេះឡើង ដែលបង្កឲ្យពួកគេទាំង២នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
លោកស្រីបានបន្តទៀតថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ក្រុមគ្រួសាររបស់លោកតែងតែទៅកន្លែងដែលលោកចូលចិត្តជិះស្គីលើទឹកនៅឆ្នេរ Huntington ដើម្បីបោះផ្កាឈូករ័ត្នទៅក្នុងសមុទ្រនៅថ្ងៃទី ១២ ខែកញ្ញា ដែលជាថ្ងៃខួបរបស់លោក។
គួរបញ្ជាក់ផងដែរថា "I Am Paul Walker” ដែលជាវីដេអូឯកសារថ្មីរៀបរាប់ពីជីវិតរបស់អតីតតារាសម្ដែង Paul Walker នឹងបើកចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១១ ខែសីហាខាងមុខនេះលើ Paramount Network៕