តោះទៅលេងព្រៃវែង! ៥កន្លែងនេះ ល្បីថាសប្បាយខ្លាំង មិនចាញ់ខេត្តផ្សេងឡើយ

  • 2018-08-04 05:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​អំពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា គ្រប់​គ្នា​កម្រ​នឹកនារ​ដល់​ទឹក​ដី​ខេត្ត​ព្រៃវែង​ណាស់ ព្រោះ​មិន​សូវ​មាន​ជ្រោះជ្រង ​ព្រៃ​ភ្នំ អ្វី​នោះ​ឡើយ។ ប៉ុន្តែ​មែនទែន​ទៅ​ខេត្ត​មួយ​នេះ​ក៏​មាន​តំបន់​ទេសចរណ៍​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ មិន​ចាញ់​ខេត្ត​ផ្សេងៗ​ប៉ុន្មាន​នោះ​ឡើយ។

១. ចុង​ប៉ម​កន្លែង​មើល​ថ្ងៃ​លិច​ស្អាត​បំផុត​

ក្រុង​ព្រៃវែង ត្បិត​ខ្សត់​កន្លែង​កម្សាន្ត​មែន តែ​មាន​កន្លែង​មួយ​ដែល​មើល​ថ្ងៃ​លិច​ស្អាត​បំផុត បើ​បាន​ឃើញ​ហើយ​ដឹង​តែ​ជាប់​ចិត្ត​ស្ទើរ​ដក​មិន​រួច។ នោះ​គ្មាន​អី​ក្រៅ​ពី ចុងប៉ម ល្បី​ប្រចាំ​ក្រុង​ព្រៃវែង​នោះ​ឡើយ។

អម​ដោយ​ទេសភាព​ថ្ងៃ​លិច​នា​រដូវ​ទឹក​ឡើង​ដែល​មិន​ចាញ់​ភ្នំ​ក្រោម និង​ភ្នំ​បាខែង ខេត្ត​សៀមរាប នោះ អ្នក​ក្រុង​ព្រៃវែង ទាំង​សិស្ស ទាំង​អ្នក​ធម្មតា តែង​មក​ទី​នេះ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៃ​ក្លិន​ទឹក​ទន្លេ ត្រជាក់​ស្វាង​អស់​ខួរ​ក្បាល។ ឯ​ខែ​ប្រាំង​វិញ គេ​នៅ​តែ​ស្រូប​ខ្យល់​បរិសុទ្ធ​ត្រជាក់ តែ​អម​ដោយ​ទេសភាព​វាល​ស្រែ​ប្រាំង​វិញ​ម្ដង ជំនួស​លើ​ផ្ទៃ​ទឹក​នា​ខែ​វស្សា។

២. ឈើ​កាច់​បាភ្នំ

ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១ ​ត្រង់ ឆ្លង​ស្ពាន​ត្សឹបាសា រហូត​ដល់​ផ្សារ​កំពង់សឹង ក្នុង​ចម្ងាយ ៧២​គីឡូម៉ែត្រ លោក​អ្នក​នឹង​បាន​ឃើញ​ផ្លូវ​មួយ​បត់​ទៅ​ខាង​ឆ្វេង​ដៃ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ តម្រង់​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​បាភ្នំ ដែល​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​ខេត្ត​ព្រៃវែង។

ជា​រៀង​រាល់​ឆ្នាំ មាន​អ្នក​ទៅ​លេង​ឈើ​កាច់​បាភ្នំ​រាប់​ម៉ឺន​នាក់ ជា​ពិសេស​គឺ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បុណ្យ​ឡើង​អ្នក​តា​មេស ដែល​មាន​ប្រវត្តិ​ល្បី​ល្បាញ​តាំង​ពី​បុរាណ​កាល​មក។ ទោះ​បែប​នេះ​ក្ដី លោក​បាន​បញ្ជាក់​ថា ថ្ងៃ​ធម្មតា មិន​សូវ​មាន​មនុស្ស​ទៅ​លេង​ឡើយ ដោយ​សារ​បញ្ហា​ហូប​ចុក និង​ស្នាក់​នៅ ប៉ុន្តែ​ក្រុម​ការងារ​ក្នុង​មូលដ្ឋាន​កំពុង​ប្រឹង​ប្រែង​គិត​គូរ​លើ​បញ្ហា​នេះ។

ប្រវត្តិ​ស្រុក​បាភ្នំ ដែល​ស្រាវជ្រាវ​ដោយ​លោក ឡុង គារ បាន​កត់​ត្រា​ថា ទីក្រុង​វ្យាធបុរៈ (ឬ បុរី​នៃ​ស្ដេច​ទាក់​ដំរី​សម័យ​ហ្វូណន) អាច​ស្ថិត​នៅ​ម្ដុំ​បាភ្នំ និង​បាណាម ក្នុង​ខេត្ត​ព្រៃវែង​នេះ​ឯង។ ប្រសិន​បើ​នោះ​ជា​ការ​ពិត​មែន មាន​ន័យ​ថា​បាភ្នំ ជា​ទឹក​ដី​រាជធានី​ខ្មែរ​ដំបូង​បង្អស់ ដែល​មាន​ឈ្មោះ​ថា «នគរភ្នំ​ ឬ​ហ៊្វូណន» កសាង​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ ​ហ៊ុន ទៀន​ នៅ​ក្នុង​សតវត្ស​ទី១​។ យ៉ាង​ណា​ក្ដី មិន​មាន​ប្រភព​ហ៊ាន​អះអាង​ច្បាស់ ពី​ប្រវត្តិ​ដើម​នៃ​ទឹក​ដី​បាភ្នំ​នេះ​ឡើយ។

៣. បឹង​ស្នេហ៍​កន្លែង​មើល​សត្វ​ស្លាប​រាប់​ម៉ឺន​ប្រភេទ

សត្វ​ស្លាប​ច្រើន​ប្រភេទ​រាប់​សិប​ម៉ឺន​ក្បាល​ដែល​ហោះ​ជា​ក្រុមៗ​មក​ទំ​ជ្រក​នៅ​ព្រៃ​លិច​ទឹក​រាល់​ល្ងាច​នៅ​បឹង​ស្នេហ៍​ ក្លាយ​ជា​ទិដ្ឋភាព​យ៉ាង​ស្អាត​បែប​ធម្មជាតិ​ជាមួយ​នឹង​សំឡេង​ស្រែក​ឆ្លើយ​ឆ្លង​កង​រំពង​លាន់​ឮ​ពេញ​ព្រៃ​លិច​ទឹក​ទំហំ ៨០ ហិកតា ធ្លាយ​ដល់​ផ្ទៃ​ជលសារ​បឹង​ស្នេហ៍ ២៧៧៦ ហិកតា ដែល​ព័ទ្ធ​ជុំវិញ​ព្រៃ​នោះ។

សត្វ​​មាន​ច្រើន​រហូត​ដល់​ថ្នាក់​ទំ​ស្ទើរ​ងាប់​ដើម​ឈើ ពោល​គឺ​ដើម​ឈើ​ជ្រុះ​ស្លឹក​អស់​សល់​តែ​មែក​ច្រងេង​ច្រងាង ខណៈ​ទិដ្ឋភាព​កម្រ​មាន​នេះ ទេសចរ​អាច​ឃើញ​នៅ​ទួល​អភិរក្ស​ព្រៃ​ព័ន្ធតាឡី បឹង​ស្នេហ៍ ក្នុង​ភូមិ​ស្នេហ៍ ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ សត្វ​ស្លាប​ទាំង​នេះ​ជា​ពពួក​សត្វ​ផ្លាស់​ទី ដូចជា ននាល ក្រៀល​ខ្យង ទុង ក្រសារ កុក ក្អែក​ទឹក។ ទេសចរ​អាច​ទៅ​មើល​សត្វ​បាន​ចាប់​ពី​ខែ​កក្កដា ដល់ វិច្ឆិកា តែ​ចន្លោះ​ខែ​កញ្ញា និង​តុលា ជា​ពេល​សម្បូរ​សត្វ​គ្រប់​ប្រភេទ​ជាង​គេ។ ឯ​ខែ​វិច្ឆិកា សម្បូរ​តែ​សត្វ​កុក​ប៉ុណ្ណោះ។

៤. ប្រាសាទ​ចុង​ស្រុក

​ប្រាសាទ​ចុង​ស្រុក (អ្នក​ស្រុក​ហៅ​ព្រៃ​ដើម​ស្រុក ឬ​ប្រធាតុ​) ស្ថិត​នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង។ ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ ធ្លាប់​មាន​រឿង​រ៉ាវ​ចម្លែក​ជា​ច្រើន​កើត​ឡើង ប៉ុន្តែ​មិន​សូវ​មាន​អ្នក​បាន​ដឹង បាន​ស្គាល់​ឡើយ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សភាព​ស្ងាត់​ជ្រងំ​នៅ​ថ្ងៃ​ធម្មតា និង​មាន​មនុស្ស​មួយ​ចំនួន​តូច​បាន​ទៅ​លេង​នៅ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ។

ប្រាសាទ​ចុង​ស្រុក មាន​ចម្ងាយ​ប្រហែល ៣៨គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ព្រៃវែង​។ ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម បាក់បែក ធ្វើ​ពី​ឥដ្ឋ និង ថ្ម​ភក់ កសាង​ឡើង​នៅ​សតវត្យរ៍ទី៧។ មាន​សមិទ្ធផល​មួយ​ចំនួន បាន​កសាង​ឡើង​នៅ​ទីនេះ ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ពាក់ព័ន្ធ និង​មាន​បុរសចំណាស់​ម្នាក់​នៅ​មើល​ការ​ខុស​ត្រូវ។

៥. ​ទស្សនា​ថ្ងៃ​រៀប​លិច​នៅ​ស្ពាន​ត្សឹបាសា

ទេសភាព​ដ៏​ស្រទន់​នា​ពេល​សុរិយា​រៀប​អស្ដង្គត បាន​បន្ថែម​សម្រស់​ស្ពាន​ត្សឹបាសា​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មិន​ចាញ់​នៅ​បរទេស​ឡើយ។ ស្ពាន​ដែល​វែង​បំផុត​នៅ​កម្ពុជា​នេះ មាន​ប្រវែង​សរុប ២២១៥​ម៉ែត្រ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​សាង​សង់​អស់​ប្រមាណ ១៣០​លាន​ដុល្លារ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី