គួរ​ឲ្យ​សរសើរ​ គ្រួសារ​​កូន​ស្រី​តូច​២​នាក់​មក​ពី​តាកែវ​រត់​ម៉ារ៉ាតុង​​នៅ​អង្គរ​វត្ត​ ព្រឹក​មិញ

  • 2018-08-05 04:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​មួយ​មាន​ប្តី​ប្រពន្ធ​ និង​កូន​ស្រី​​តូច​២​នាក់​មក​ពី​ខេត្ត​តាកែវ​​បាន​ចូល​រួម​រត់​ប្រណាំង​ម៉ារ៉ាតុង​​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​​នៅ​ប្រាសាទ​អង្គរ​វត្ត​នៃ​ខេត្ត​សៀមរាប​ដើម្បី​បណ្តុះ​គំនិត​ឲ្យ​កូន​ស្រលាញ់​សុខភាព។

អ្នក​ស្រី នី ស្រីពេជ្រ និង​កូន​ស្រី

អ្នក​ស្រី​ នី ស្រីពេជ្រ​ បាន​ប្រាប់​ថា​ អ្នក​ស្រី​ និង​ស្វាមី​ ព្រម​ទាំង​កូន​ស្រី​តូច​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៣​ ខែ​សីហា​ ឆ្នាំ​២០១៨​ដើម្បី​ចូល​រួម​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រ​ភព​ខ្មែរ​​នៅ​ប្រាសាទ​អង្គរ​វត្ត។ តាម​ពិត​ទៅ​ប្តី​​របស់​អ្នក​​ស្រី​ធ្លាប់​បាន​ចូល​រួម​រត់​ម៉ារ៉ាតុង​ស្ទើរ​រាល់​ឆ្នាំ​​ ប៉ុន្តែ​សម្រាប់​​អ្នក​​ស្រី​វិញ​ទើប​ជា​លើក​ទី​១​ដែល​បាន​ចូល​រួម​នេះ។

អ្នក​ស្រី​បាន​បន្ត​ថា​ ប្តី​របស់​​អ្នក​ស្រី​បាន​​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ ប៉ុន្តែ​សម្រាប់​អ្នក​ស្រី​ និង​កូន​ស្រី​តូច​២​នាក់​រត់​ក្នុង​ចម្ងាយ​តែ​៣​គីឡូម៉ែត្រ​ដើម្បី​តែ​សប្បាយ​រីក​រាយ​ និង​សុខភាព​ប៉ុណ្ណោះ។ ការ​ធ្វើ​ដំណើរ​មក​ពី​ចម្ងាយ​ដើម្បី​ចូល​រួម​រត់​នេះ​គឺ​គោល​បំណង​សំខាន់​ដើម្បី​បណ្តុះ​គំនិត​កូន​ស្រី​ឲ្យ​ស្រលាញ់​កីឡា​ដើម្បី​សុខភាព។ កីឡា​ជា​មធ្យោបាយ​ដ៏​សំខាន់​ដែល​​ជួយ​ដល់​សុខភាព​រាង​កាយ​ឲ្យ​មាំ​មួន។

អ្នក​ស្រី នី ស្រីពេជ្រ និង​កូន​ស្រី

«ពេល​ណា​យើង​ឧស្សាហ៍​នាំ​ក្មេង​ឲ្យ​ចូល​រួម​សកម្មភាព​កីឡា​ ដូច​ជា​ម៉ារ៉ាតុង​ជា​ដើម​​​​ នឹង​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​មាន​អារម្មណ៍​ចូល​ចិត្ត​។ លើក​ក្រោយ​យើង​អត់​នាំ​មក​ ក៏​ពួក​គេ​​ចូល​រួម​ដោយ​ខ្លួន​ឯង​ដែរ»។ អ្នក​ នី​ ស្រីពេជ្រ បាន​ប្រាប់​ Sabay ពេល​​កំពុង​រត់​បណ្តើរ​ដឹក​ដៃ​កូន​ស្រី​ទាំង​ពីរ។

អ្នក​ស្រី​ នី​ ស្រីពេជ្រ​ និង​គ្រួសារ​​វិល​ត្រឡប់​ទៅ​​ខេត្ត​​តាកែវ​វិញ​ថ្ងៃ​ត្រង់​ អាទិត្យ​ ទី​៥​ សីហា​​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​ចប់​ចូល​រួម​ប្រកួត។

ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​ឆ្នាំ​២០១៨​​លើក​ទី​៥​នេះ​បើ​តាម​ឯក​ឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​ថា​ អ្នក​រត់​ប្រណាំង​ចំនួន​៣០៥៥​នាក់​​មក​​​ពី​៥០​ប្រទេស​​លើ​ពិភព​លោក​ចូល​រួម​។ ក្នុង​នោះ​ជន​បរទេស​ជាង​១​ពាន់​​នាក់​ដែល​ជន​ជាតិ​ចិន​ចូល​រួម​ច្រើន​ជាង​គេ​រហូត​ជាប់​លំដាប់​លេខ​១ បន្ទាប់​មក​ជប៉ុន​ និង​ម៉ាឡេស៊ី​ ព្រម​ទាំង​មក​ពី​ប្រទេស​ផ្សេង​ទៀត។

សកម្មភាព​រត់​វេលា​ម៉ោង​៤:៣០​នាទី​ព្រឹក​ព្រលឹមមុខ​អង្គរវត្ត

វេទិកា​ជួប​ជុំ​រត់​ប្រណាំង​ដើម្បី​​កីឡា​អាជីព​ ទេសចរណ៍​ សុខភាព​ និង​សាមគ្គីភាព​នេះ​ត្រូវ​បាន​ដាក់​វិញ្ញាសា​៤​ប្រភេទ​ឲ្យ​រត់​ប្រណាំង​គឺ​ចម្ងាយ​៤២​គីឡូម៉ែត្រ​ ២១​គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ​ និង​៣​គីឡូម៉ែត្រ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី