កំពូលអ្នកសន្សំ៖ ធ្វើបាន៥ចំណុចនេះ អាយុ២៥មិនទាន់ ដឹងតែសល់លុយណែនកាបូប
- 2018-08-07 09:31:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអ្នកសន្សំ៖ ធ្វើបាន៥ចំណុចនេះ អាយុ២៥មិនទាន់ ដឹងតែសល់លុយណែនកាបូប
ចន្លោះមិនឃើញ
ចាប់ពីវ័យ ១៨ឆ្នាំឡើង ជាវ័យដែលមនុស្សកំពុងពេញកម្លាំងអាចរកប្រាក់ដោយខ្លួនឯង ស្របនឹងច្បាប់ការងារនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ យុវតី ចាន់ រស្មី និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង វ័យ ២០ឆ្នាំ បានរៀបរាប់ប្រាប់ Sabay ពីបទពិសោធន៍សន្សំលុយទាំងវ័យក្មេង និងមិនធ្លាប់ដាច់លុយចាយនោះឡើយ។ បច្ចុប្បន្នកញ្ញាជាបុគ្គលិកក្រៅម៉ោងរបស់ក្រុមហ៊ុនឯកជនមួយ មានចំណូល ១០០ដុល្លារ ប្រចាំខែ។ តទៅនេះ គឺជាគន្លឹះចាយលុយសំខាន់ៗ ៥ចំណុច ដែលជួយឲ្យយុវតីរូបនេះ មិនខ្ចីលាតដៃសុំលុយម៉ាក់ប៉ា ក្រោយរៀនចប់វិទ្យាល័យ។
១. សន្សំ ទើបចំណាយក្រោយ
ជារៀងរាល់ខែ ចំណូលដែលបានពីធ្វើការ កញ្ញា រស្មី ដកសន្សំចំនួន ៣០ភាគរយ ហើយសល់ប៉ុន្មានសម្រាប់ចាយ។ នៅពេលដើរផ្សារ ឬទៅណាម្ដងម្កាលជាមួយមិត្តភក្តិ កញ្ញាមិនដាក់លុយច្រើនតាមខ្លួននោះដែរដោយគិតថាអាចនឹងត្រូវចាយអស់។ ម្យ៉ាងរស្មី ក៏មិនចូលចិត្តបង្កើតទម្លាប់ខ្ចីលុយមិត្តភក្ដិចាយនោះដែរ។
២. ធ្វើតារាងទំនិញចាំបាច់
យុវវ័យមិនថា ស្រី ឬប្រុសជៀសមិនផុតឡើយលើការចំណាយសម្ភារៈប្រើប្រាស់។ ប៉ុន្តែយុវតីនេះ ចេះបង្កើតតារាងទំនិញចាំបាច់ផ្ទាល់ខ្លួន សម្រាប់ចំណាយ ដោយកត់ត្រាទុកនូវវត្ថុទាំងនោះឲ្យបានច្បាស់លាស់ ហើយត្រូវកំណត់អោយដាច់ខាតថានឹងទិញតែអ្វីដែលមានក្នុងតារាងជៀសវាងការទិញរបស់តាមនឹកឃើញដែលមិនសូវសំខាន់។ ជាងនេះសំណួរ ដែលត្រូវសួរខ្លួនឯងមុនទិញនោះគឺ របស់ហ្នឹងទិញមកអាចផ្តល់ប្រយោជន៍អីខ្លះ? ហេតុអីត្រូវទិញវា?
៣. លក់អីវ៉ាន់មួយទឹក
ចំណុចនេះ រស្មីប្រាប់ថា រៀនតាមគេដែរ ព្រោះគេតារាមួយចំនួនលក់ខោអាវខ្លួនស្លៀករួច ក្នុងតម្លៃថោកៗ។ ដោយឡែកយុវតីនេះ ជាមនុស្សចូលចិត្តរក្សាទុករបស់របរឲ្យស្អាត និងនៅថ្មី អ៊ីចឹងរបស់ប្រើមួយចំនួន មិនទាន់ហួសសម័យ លែងត្រូវប្រើប្រាស់ទៀត ដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច... ហើយយកវាទៅដាក់លក់តាមonline តាមទីផ្សារ រឺក៍មុខផ្ទះ ដែលអាចចំនេញបានទាំងលុយហើយបានទូលាយផ្ទះទៀតផង។
៤. បាយផ្ទះរាល់ថ្ងៃ
មួយខែ សឹងតែ៣០ថ្ងៃ ហើយ ដែលយុវតីកំពូលអ្នកសន្សំនេះ ញ៉ាំបាយជុំគ្នាជាមួយគ្រួសារ។ ខ្លះណាបើមិត្តភក្ដិបបួលញាំអី នាងតែងហៅមកជួបជុំធ្វើផ្ទះ វាក៏បង្កបរិយាយកាសសប្បាយម្យ៉ាង និងចំណាយអស់តិចផងដែរ។
៥. រៀនធ្វើរបស់ដោយខ្លួនឯង (DIY)
DIY មានន័យថា Do it yourself។ រស្មី លើកឡើងថា របស់របរប្រើប្រាស់មួយចំនួន យើងអាចរៀនធ្វើរបស់ដោយខ្លួនឯងបាន។ ឧទាហរណ៍ ការជូនកាដូជាដើម យើងអាចរៀន DIYងាយៗតាមYoutube ក្នុងនោះមានវត្ថុជាច្រើន យើងអាចកែច្នៃធ្វើបានដោយខ្លួនឯងពីអ្វីដែលមានស្រាប់ ដោយមិនចាំបាច់ចំណាយលុយទៅទិញនោះទេ។