អ៊ុំ វិចិត្រ​ ធ្លាក់​ស្ទើរ​ដល់​សូន្យ​ តែ​តស៊ូ​ឡើង​ដល់​ចំណុចកំពូលវិញ

  • 2018-08-08 02:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​ អ៊ុំ វិចិត្រ​ បាន​តស៊ូ​ឡើង​ដល់​កម្រិត​ល្អ​ប្រសើរ​បំផុត​របស់​ខ្លួន​វិញ​ហើយ​ បន្ទាប់​ពី​បាន​របួស​ដៃ​រហូត​​នៅ​ក្រៅ​ទី​លាន​​ប្រកួត​រាប់​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ស្ទើរ​អស់​សង្ឃឹម​ទៅ​ហើយ។

អ្នក​ចាំទី អ៊ុំ វិចិត្រ

កាល​ពី​អាយុ​២០​ឆ្នាំ​ អ៊ុំ វិចិត្រ​ ជា​អ្នក​ចាំ​ទី​ដ៏​ល្អ​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្លឹប​ក្រសួង​ការពារ​ជាតិ​ ប៉ុន្តែ​​របួស​​ឆ្អឹង​ដៃ​​ឆ្វេង​បាន​កើត​មាន​ឡើង​ចំ​ពេល​ដែល​វិស័យ​កីឡា​បាល់ទាត់​កំពូល​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន។ របួស​បាន​កើត​​លើ​អ្នក​ចាំ​ទី​រូប​នេះ​នៅ​ពេល​ដែល​ហ្វឹក​ហាត់​សម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ត្រៀម​ប្រកួត​មិត្តភាព​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​ ​ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រកួត​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ​ Hassanal Bolkiah Trophy កាល​ពី​ឆ្នាំ​២០១៤។ ពេល​នោះ​ហើយ​ជា​ឱកាស​ប្អូន​របស់​ខ្លួន​គឺ​អ្នក​ចាំ​ទី​ អ៊ុំ សេរីរ័ត្ន​ បង្ហាញ​សមត្ថភាព​រហូត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

របួស​ដៃ​ឆ្វេង​នោះ​ត្រូវ​បង្ខំ​ អ៊ុំ វិចិត្រ​ ឲ្យ​នៅ​ក្រៅ​ទី​លាន​បាល់ទាត់​រាប់​ខែ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​​ដើម្បី​​ព្យាបាល​របួស។ ពេល​វេលា​ដ៏​វែង​ឆ្ងាយ​នេះ​បាន​ធ្វើ​ឲ្យ​សមត្ថភាព​ចាំ​ទី​របស់​គេ​ស្ទើរ​ធ្លាក់​ដល់​កម្រិត​សូន្យ​​ហើយ​ជា​ពេល​ដែល​រូប​គេ​ស្ទើរ​អស់​សង្ឃឹម​​ក្នុង​អាជីព​ចាំ​ទី។

អ្នក​ចាំទី អ៊ុំ វិចិត្រ

ព្រឹក​​ថ្ងៃ​ទី​៨​ ខែ​សីហា​​ ២០១៨​នេះ​ អ៊ុំ វិចិត្រ​ បាន​ប្រាប់​ Sabay ថា ៖«បាទ​បង​!​ អំឡុង​ពេល​ព្យាបាល​ហ្នឹង​​ប្រើ​ពេល​យូរ​ ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​មែន»។ តើ​កត្តា​អ្វី​បាន​ជំរុញ​ឲ្យ​​រូប​គេ​តស៊ូ​​ឡើង​វិញ​រហូត​​ឈាន​ឡើង​កម្រិត​ល្អ​ប្រសើរ​របស់​ខ្លួន​វិញ?

វិចិត្រ​បាន​និយាយ​ថា​ ៖«ទី​១​គឺ​ខ្ញុំ​​អត់​បាក់​ទឹក​ចិត្ត។ អ្វី​ដែល​ខ្ញុំ​ស្រលាញ់​តាំង​ពី​តូច​​ គឺ​មិន​បោះ​បង់​ចោល។ ទោះ​របួស​ធ្វើ​ឲ្យ​បាត់​បង់​អ្វី​ៗ​ទាំង​អស់​ តែ​ខ្ញុំ​ត្រូវ​យក​វា​មក​វិញ។ ទី​២​ ខ្ញុំ​បាន​ព្យាយាម​រក​វិធី​សាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ក.ដៃ​របស់​ខ្ញុំ​មាន​ចលនា​ដូច​ដើម​វិញ។ ​ខ្ញុំ​អត់​ចេះ​លេង​ហ្គីតា​ទេ​ តែ​ខ្ញុំ​បាន​ទិញ​ហ្គីតា​ និង​ព្យាយាម​​លេង​ហ្គីតា​រហូត​ចេះ​ ហើយ​ដៃ​ខ្ញុំ​ក៏​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់»។

«ម្យ៉ាង​ទៀត​ ​មាន​ការ​លើក​ទឹក​ចិត្ត​​​ច្រើន​ពី​​មនុស្ស​ជុំ​វិញ​ខ្លួន​​ មាន​គ្រួសារ​ មិត្ត​ភក្តិ​ និង​អ្នក​គាំទ្រ​បាន​​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឹង​ប្រែង​តស៊ូ​ចូល​ទី​លាន​វិញ»។

បន្ទាប់​ពី​ដៃ​​ល្អ​ប្រសើរ​វិញ​តាម​រយៈ​ការ​​ព្យាបាល​ជិត​​៣​ឆ្នាំ​ អ៊ុំ វិចិត្រ​បាន​វិល​ចូល​ទី​លាន​​នៅ​ចុង​ឆ្នាំ​២០១៦។ ចុង​ឆ្នាំ​នោះ​រូប​គេ​លេង​បាន​២​ប្រកួត​​ឲ្យ​ក្រសួង​ការពារ​ជាតិ​ ហើយ​ប្រឹង​ប្រែង​បន្ត​បន្ទាប់​ នៅ​ឆ្នាំ​២០១៧​ រូប​គេ​​លេង​បាន​៥​ប្រកួត​​ទៀត​ និង​​​ឆ្នាំ​២០១៨​នេះ​​ចូល​លេង​ជា​ញឹកញាប់​ទាំង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ និង​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ជា​ពិសេស​ កាល​ពី​​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ រូប​គេ​ក៏​ត្រូវ​បាន​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​លោក​ Lee Tae Hoon កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ​ក្នុង​ការ​ប្រកួត​មិត្តភាព​​អន្តរជាតិ​ជា​មួយ​ហុងកុង។

បច្ចុប្បន្ន​ អ្នក​ចាំ​ទី​ អ៊ុំ វិចិត្រ​បាន​ក្លាយ​ជា​តួ​​ដ៏​សំខាន់​ម្នាក់​ជួយ​ដល់​ក្លឹប​ក្រសួង​ការពារ​ជាតិ​​ទាំង​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន​ និង​លីគ​កំពូល​កម្ពុជា​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​ចូល​លេង​​ឆ្លាស់​គ្នា​ជា​មួយ​ប្អូន​ប្រុស​បង្កើត​ អ៊ុំ សេរីរ័ត្ន៕

អ្នក​ចាំទី អ៊ុំ វិចិត្រ ក្នុង​ក្រុម​ក្រសួង​ការពារ​ជាតិ
ក្រុម​ក្រសួង​ការពារ​ជាតិ​អបអរ​ជ័យជម្នះ​កន្លង​មក

អត្ថបទ៖ ជាន ចាន់រ៉ា