ទើប​ធ្លាយ​ម្ចាស់​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​ឡាន​ច្រើន​ត្រឡប់​ធ្លាក់​ចូល​ស្រះ

  • 2018-08-09 03:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល Sabay ទទួល​បាន​ពី​ប្រភព​មួយ​នា​យប់​មិញ​នេះ ម្ចាស់​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" ស៊ឹម សុវណ្ណារ៉ុង បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ នៅ​លើ​កំណាត់​ផ្លូវ​ពី​បន្ទាយ​មាន​ជ័យ​ ដោយ​គ្មាន​អ្នក​ណា​ដឹង។

ប្រភព​ពី​​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ម្នាក់​របស់ ស៊ឹម សុវណ្ណារ៉ុង បាន​បង្ហើប​ថា ហេតុការណ៍​អកុសល​នេះ បាន​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន​នៅ​វេលា​ម៉ោង ២​រំលង​អាធ្រាត។ គ្រោះ​ថ្នាក់​នោះ បាន​កើត​ឡើង​ក្រោយ​ពី​ដំណើរ​វិល​ត្រឡប់​របស់ សុវណ្ណារ៉ុង ពី​ការ​ប្រគំ​តន្ត្រី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​គោល​ដៅ​សំដៅ​ទៅ​ខេត្ត​សៀមរាប​វិញ។

ពេល​នោះ តារា​ចម្រៀង​មិន​បាន​បើក​បរ​ដោយ​ខ្លួន​ឯង​ទេ ប៉ុន្តែ​មាន​តៃកុង​ឡាន​ម្នាក់​ផ្សេង​ជា​អ្នក​បើក ហើយ​រូប​គេ​អង្គុយ​ពី​ក្រោយ។ ប្រភព​បន្ត​ថា ពេល​មក​ដល់​ភូមិសាស្ត្រ​ស្រុក​ព្រះនេត​ព្រះ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ចំណុច​មួយ​ដែល​ល្បី​ថា​មាន​ជើង​កប(កន្លែង​ដែល​មាន​គ្រោះ​ថ្នាក់​ញឹកញាប់) តៃកុង​ឡាន របស់​ណារ៉ុង ទំនង​ងងុយ​ដេក ហើយ​ក៏​រេ​ចង្កូត​ចេញ​ពី​ផ្លូវ ហើយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​នៅ​ក្បែរ​ផ្លូវ​តែ​ម្ដង។

រថយន្ត​ម៉ាក នីសាន់​ណាវ៉ារ៉ា ជិះ​ដោយ​តារា​ចម្រៀង បាន​ខូច​ខាត​យ៉ាង​ដំណំ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ខាង​លើ។ ប៉ុន្តែ​សំណាង​ល្អ តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ រួម​ទាំង​អ្នក​បើក​បរ​ផង មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់​ធ្ងរ​ទេ គ្រាន់​តែ​ពួក​គេ​មាន​អារម្មណ៍​មិន​នឹងហ្ន៎ ដោយ​ការ​តក់ស្លុត។

រូបភាព៖ ហ្វេសប៊ុក ស៊ឹម សុវណ្ណារ៉ុង

“រាប់​ថា​ទឹកដោះ​ម្ដាយ​ថ្លៃ​ហើយ ណារ៉ុង មិន​ត្រូវ​របួស​អី​ខ្លាំង​ទេ​បង ប៉ុន្តែ​គេ​នៅ​មាន​អារម្មណ៍​តក់​ស្លុត​ខ្លាំង ក្រោយ​គ្រោះ​ថ្នាក់​នោះ។ ហើយ​ឡាន​ដែល​គេ​ខំ​សន្សំ​លុយ​ទម្រាំ​ទិញ​បាន ឥឡូវ​ខូច​ចង់​ខ្ទេច​ហើយ!"។ ប្រភព​ថ្លែង។

ជុំវិញ​បញ្ហា​ខាង​លើ ស៊ឹម សុវណ្ណារ៉ុង ចាប់​ផ្ដើម​ដោយ​ការ​ស្ទាក់​ស្ទើរ បាន​ប្រាប់​​តាម​សារ​សំឡេង​ថា រូប​គេ បាន​ជួប​គ្រោះ​ថ្នាក់​​មែន។ "អឹម...អឹម...បាទ​បង...ហើយ​បង​ឯង​ដឹង​ពី​ណា​មក...គ្រោះ​ថ្នាក់​មែន តែ​សំណាង​ដែរ ខ្ញុំ​អត់​ត្រូវ​អី​ខ្លាំង!”។

ដូច​នឹង​ការ​បង្ហើប​ប្រាប់​ពី​ប្រភព​ខាង​លើ សុវណ្ណារ៉ុង កាល​នោះ គឺ​លោក​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ទៅ​សៀមរាប ហើយ​មក​ដល់​កន្លែង​កើត​ហេតុ ក៏​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង។ "ពេល​រៀប​ចេញ​ដំណើរ​មក ខ្ញុំ​បាន​សួរ​អ្នក​បើក​បរ​ដែរ​ថា បង​ឯង​អត់​ទេ​អ្ហី​? ហើយ​គាត់​ប្រាប់​ថា រៀង​អស់​កម្លាំង​បន្តិច​ដែរ ព្រោះ​បើក​បរ​ជាប់​២-៣​ថ្ងៃ​ហើយ។ អីចឹង​ខ្ញុំ​ក៏​ឲ្យ​គាត់​សម្រាក​មួយ​សន្ទុះ ទើប​ចេញ​ដំណើរ​មក ប៉ុន្តែ​មក​ដល់​កន្លែង​នោះ ក៏​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង"។ ស៊ឹម សុវណ្ណារ៉ុង ថ្លែង។

(រូបភាព៖ ផ្ដល់​ដោយ​ប្រភព)

ម្ចាស់​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" ប្រាប់​ទៀត​ថា លោក​ខិត​សន្សំ​យ៉ាង​លំបាក ទម្រាំ​ទិញ​បាន​រថយន្ត​ខាង​លើ​ដែល​មាន​តម្លៃ​ជាង​១ម៉ឺន​ដុល្លារ មិន​គួរ​ណា​​មក​ជួប​គ្រោះ​ដូច្នេះ។ សុវណ្ណារ៉ុង បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ ៥ពាន់​ដុល្លារ​ដើម្បី​ជួសជុល​ឡាន​ដែល​ខូច។ ផ្សំ​នឹង​ចំ​រដូវ​ភ្លៀង មិន​សូវ​មាន​ការងារ​ផង លោក ប្រាប់​ថា ពេល​នេះ​លោក​ចាប់​ផ្ដើម​ប្រឈម​នឹង​ជីវភាព។

ស៊ឹម សុវណ្ណារ៉ុង គឺ​ជា​អតីត​ជយលាភី​លេខ​១​ការ​ប្រឡង​ភេសជ្ជៈ​កូកា​ប្រចាំ​ខេត្ត​ព្រៃវែង។ លោក ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង​កាល​ពី​ឆ្នាំ ២០១៧ តាម​រយៈ​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង"៕

រថយន្ត ស៊ឹម សុវណ្ណារ៉ុង ក្រឡាប់​ធ្លាក់​ចូល​ស្រះ​(រូបភាព៖ ផ្ដល់​ដោយ​ប្រភព)

អត្ថបទ៖ ទារិកា