តាមពិត អេ យ៉ានុត ស្រលាញ់សិល្បៈតាំងពីតូច តែឪពុកឲ្យហាត់ប្រដាល់
- 2018-08-10 03:19:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត អេ យ៉ានុត ស្រលាញ់សិល្បៈតាំងពីតូច តែឪពុកឲ្យហាត់ប្រដាល់
ចន្លោះមិនឃើញ
មានលោកអេ ភូថង ជាឪពុកមានឈាមជ័រជាអ្នកប្រដាល់ និងបានឲ្យចូលហាត់ផ្នែកនេះតាំងពីវ័យក្មេង រហូតទទួលបានកេរ្តិ៍ឈ្មោះ មហាជនជាច្រើនគិតថា កញ្ញា អេ យ៉ានុត ប្រាកដជាស្រលាញ់ចូលចិត្តវិស័យប្រដាល់តាំងពីកំណើតជាក់ជាមិនខាន។ ផ្ទុយស្រឡះ យ៉ានុត ទម្លាយថា តាំងពីតូចមក នាងស្រលាញ់សិល្បៈ ។
កូនស្រីច្បងរូបនេះ ប្រាប់ថា កាលពីក្មេង នាងមើលរឿង ឃើញគេដើរតួ យ៉ានុត ចង់ធ្វើដូចគេដែរ។ តែក្រុមគ្រួសាររបស់នាង ភាគច្រើនជាអ្នកប្រដាល់ ហើយនៅពេលឪពុកជំរុញឲ្យហាត់ប្រដាល់ យ៉ានុត ក៏តាមឪពុក។ និយាយទៅ ការស្រលាញ់សិល្បៈតាំងពីតូច វាជាក្តីស្រមៃក្នុងចិត្ត ដែលមិនធ្លាប់គិតថា នឹងមានឱកាសចាប់យក តែនៅពេលហាត់ប្រដាល់យូរទៅ ទើបយ៉ានុត ដឹងថា វិស័យប្រដាល់ពិតជាសំខាន់ខ្លាំងណាស់សម្រាប់នាង។
ចំពោះពេលនេះ ទស្សនិកជនមើលឃើញថា ក្ដីស្រមៃរបស់អ្នកប្រដាល់វ័យ២០ឆ្នាំរូបនេះ បានក្លាយជាពិត ដោយនាងបានសម្ដែងក្នុងរឿង "កញ្ញាជើងខ្លាំង" ឲ្យស្ថានីយទូរទស្សន៍មួយ។ អ្វីដែលរំភើបចិត្តខ្លាំងទៀតនោះ ទាំងប្រដាល់ និងសិល្បៈ គឺសុទ្ធតែឪពុករបស់នាង ជាអ្នកត្រួសត្រាយ។ ប៉ុន្តែគ្រាន់ថា ចំពោះប្រដាល់ លោក អេ ភូថង ចង្អុលបង្ហាញ ប្រាប់តិចនិក។ ចំណែកសិល្បៈសម្ដែងរឿងវិញ យ៉ានុត ស្វែងយល់ដោយខ្លួនឯង ដោយគ្មានអ្នកបង្រៀនទេ ដោយសារក្រុមគ្រួសារ របស់ក្មេងស្រីរូបនេះ មិនមានអ្នកណាប្រឡូកក្នុងវិស័យនេះ។
ការសម្ដែងរឿងលើកទីមួយ យ៉ានុត ថា មានការពិបាកខ្លះដែរ ដោយនាងហាត់រៀនសម្ដែងខ្លួនឯង ធ្វើកាយវិការនៅមុខកញ្ចក់។ ក្នុងចិត្តរបស់ អេ យ៉ានុត នៅពេលនេះ ទាំងសិល្បៈ និងប្រដាល់ គឺស្រលាញ់ដូចគ្នា៕