កក្រើក! លៀក លីដា និងរ៉ូណាន់ ចាប់ដៃគ្នាផលិតរឿងថ្មីដើម្បីលើកស្ទួយភាពយន្តខ្មែរ
- 2018-08-11 05:04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើក! លៀក លីដា និងរ៉ូណាន់ ចាប់ដៃគ្នាផលិតរឿងថ្មីដើម្បីលើកស្ទួយភាពយន្តខ្មែរ
ចន្លោះមិនឃើញ
ចាងហ្វាងផលិតកម្ម LD លោក លៀក លីដា បានចាប់ដៃគ្នាជាមួយផលិតករវ័យក្មេង ចាន់ណា រ៉ូណាន់ លើកដំបូងធ្វើពិធីក្រុងពាលីភាពយន្តខ្នាតធំរឿង"ឯណាខ្មោច" ព្រឹកមិញនេះនៅផលិតកម្ម LD Picture បុរី លីមឈាងហាក់ ចម្ការដូង។
រៀបរាប់ក្នុងពិធីខាងលើលោក លៀក លីដា ឲ្យដឹងថា មូលហេតុសម្រេចចាប់ដៃគូជាមួយ ចាន់ណា រ៉ូណាន់ ផលិតរឿងខ្នាតធំដោយសារតែផលិតករវ័យក្មេងរូបនេះ មានស្នាដៃច្រើនដែលទទួលបានការគាំទ្រពីពុកម៉ែបងប្អូននាពេលកន្លងមក។ មានដូចជារឿង"កំណត់ហេតុនាងនាថ" និង "សសរកន្លោង" ជាដើម។ ដូច្នេះលោក ជឿជាក់ថារឿង"ឯណាខ្មោច" នឹងមានអ្នកទស្សនាច្រើនមិនខុសពីរឿងមុន។
“ការសហការគ្នាថតរឿងថ្មីទាំងខ្ញុំ និងរ៉ូណាន់ ចង់លើកស្ទួយវិស័យភាពយន្តខ្មែរយើង ព្រោះគាត់ជា ផលិតករឯករាជ្យអ៊ីចឹងគាត់មានសាច់រឿងល្អៗ។ នៅពេលរឿងបញ្ចាំងទៅ នឹងទទួលបានការគាំទ្រពីពុកម៉ែបងប្អូន ហើយភាពយន្តយើងក៏រីកចម្រើនតាមរយៈការផ្សព្វផ្សាយរបស់ពួកគាត់ដែលបានមកទស្សនា"។ ចាងហ្វាងផលិតកម្ម LD Picture លៀក លីដា បញ្ជាក់។
រីឯ ចាន់ណា រ៉ូណាន់ ផលិតករវ័យក្មេងវិញបានបង្ហាញក្ដីរំភើបយ៉ាងខ្លាំងចំពោះការសហការគ្នាជាមួយផលិតកម្ម LD លើកដំបូង ដោយលោកជឿជាក់ថា ស្នាដៃថ្មីមួយនេះនឹងទទួលបានការគាំទ្រពីហ្វេនៗខ្លាំងជាងមុនក្រោយពីរឿង"ឯណាខ្មោច"ដាក់បញ្ចាំងនៅចុងឆ្នាំ២០១៨។
ហេតុផលលោករំពឹងខ្ពស់ថា មានអ្នកទស្សនាច្រើនបន្ទាប់ពីសហការគ្នា ដោយសារតែផលិតកម្ម LD មានគ្រឹះរឹងមាំស្រាប់មានអ្នកគាំទ្រច្រើន រីឯអ្នកគាំទ្រដែលទន្ទឹងរង់ចាំទស្សនាស្នាដៃខ្លួន ក៏មានច្រើនដូចគ្នា។ ដូច្នេះពេលបូកបញ្ចូលគ្នាចំនួនអ្នកគាំទ្រច្បាស់ជាច្រើនជាងមុន។
ទាក់ទងដើមទុនសហការគ្នាលើកដំបូងនេះផលិតករទាំងពីរខាងលើ មិនអាចស្មានដឹងទេ រង់ចាំសាច់រឿងទាំងមូលផលិតចប់សពគ្រប់សិនទើបដឹងច្បាស់។
“ឯណាខ្មោច" ជាប្រភេទរឿងខ្មោចព្រឺព្រួចលងបន្លាចលាយឡំជាមួយឈុតឆាកកំប្លែងជាច្រើនធ្វើឲ្យទស្សនិកជនទស្សនាហើយទប់សំណើចមិនបាន។ ចូលរួមសម្ដែងដោយលោក ទ្រី តារាវុធ, កញ្ញាសួងស៊ីធឿន,លោកភីម៉ៃ, តារាកំប្លែងយេយេ, លោកសាតាន់, លោកដូរីកូ និងតារាកិត្តិយសជាច្រើនរូបទៀត៕