Pele ទាយថា រដូវកាល​នេះ​នឹង​ជា​ឆ្នាំ​របស់ Liverpool នៅ Premier League

  • 2018-08-11 05:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pele យល់​ថា​ឆ្នាំ​នេះ Liverpool នឹង​លើក​ពាន​​នៅ Premier League ហើយ​កីឡាករ​ប្រេស៊ីល​២​នាក់​គឺ Alisson និង Roberto Firmino នឹង​ជា​តួ​សំខាន់​​ដើម្បី​ដឹកនាំ​ក្លឹប​​ឲ្យ​ទទួល​បាន​កិត្តិយស​នេះ។

ប៉ុន្តែ ការ​ទស្សន៍ទាយ​នេះ​មិន​ដឹង​ថា​ជា​ការ​​ជូនពរ ឬ ជា​បណ្ដាសា​ឡើយ​ព្រោះ​កន្លង​មក​ ការ​ទាយ​ទុក​របស់​ Pele ច្រើន​តែ​ខុស។ ​​

ក្រុម​ហង្សក្រហម ខកខាន​មិន​បាន​លើក​ពាន Premier League ជា​លើក​ចុងក្រោយ​របស់​ខ្លួន​ចាប់តាំង​ពី​​រដូវកាល ១៩៨៩-៩០ ពោល​គឺ​អស់​រយៈ​ពេល ៣០​ឆ្នាំ​មក​ហើយ។

ក្រុមរបស់លោក Jurgen Klopp បាន​ចាយលុយ​ច្រើន​ជាង​ក្លឹប​គូបដិបក្ខ​ណាៗ​ទាំង​អស់​នៅ​អង់គ្លេស​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ។ ក្លឹប​នេះ​បាន​ទិញ Alisson ពី Roma ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​​ ជា​អ្នក​ចាំទី​ថ្លៃ​បំផុត ប្រមាណ ៨៥ លាន​ដុល្លារ ខណៈដែល Naby Keita, Fabinho និង Xherdan Shaqiri ក៏បានមកដល់ Anfield ។

Liverpool ទិញ Alisson ពី Roma ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​​ ជា​អ្នក​ចាំទី​ថ្លៃ​បំផុត ៨៥ លាន​ដុល្លារ

Pele បាន​សរសេរ​នៅ​លើ Twitter ថា "វា​ជា​ការ​ចាប់ផ្តើម​នៃ​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​នេះ។ តើ​អ្នក​គិត​ថា​អ្នក​ណា​ឈ្នះ? ខ្ញុំ​គិត​ថា​វា​ជា​ឆ្នាំ​របស់ Liverpool Alisson និង Firmino! "​។

Pele អតីត​កីឡាករ​ដែល​​បាន​ឈ្នះ​ World Cup ៣​ដង ល្បី​​ខាង​ទាយ​​​ខុស ធ្លាប់​បាន​ទាយ​ថា ក្រុម​មក​ពី​អាហ្វ្រិក​នឹង​លើក​ពាន​ World Cup មុន​ឆ្នាំ ២០០០។ ក្រោយ​មក ទាយ​ថា Nil Lamptey នឹង​ក្លាយ​​ទៅ​ជា "Pele ថ្មី"។

World Cup ឆ្នាំ ២០០២ Pele ទាយ​ថា អាហ្សង់ទីន និង បារាំង​នឹង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ តែ​ក្រុម​យក្ស​២​នេះ​ធ្លាក់ ដោយ​ឆ្លង​មិន​ផុត​វគ្គ​ចែក​ពូល​ផង ផ្ទុយ​ទៅ​វិញ​ប្រទេស​​របស់​លោក​ទេ ដែល​លើក​ពាន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត