​​​តារា​បី​ដួង ស្ទើរ​របូត​ជីវិត​ព្រោះ​ជំ​ងឺ​កាច​សាហាវ

  • 2018-08-18 02:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក យូ ឌី​ស្កូ លោក ម៉ឺន ពិសិដ្ឋ និង លោក​យាយ ណយ សំណាង ​ត្រូវ​ជំ​ងឺ​គំរាម​កំហែង ​បិះ​ឆក់​យក​អាយុ​ជីវិត ​ប៉ុន្តែ​ពេល​នេះ​បាន​ធួរ​ស្រាល​មួយ​កម្រិត​​ហើយ។ ស្ថាន​ភាព​ជំ​ងឺ​របស់​អ្នក​​ទាំង​បី ធ្វើ​ឲ្យ​ប្រិយ​មិត្ត​​អាសូរ​យ៉ាង​ខ្លាំង ព្រោះ​អំឡុង​មាន​ជំងឺ​ធ្វើ​ទុក្ខ សិល្បករ​ទាំង​បី​រូប​នេះ គ្មាន​ប្រាក់​គ្រប់​គ្រាន់​ព្យាបាល​ជំងឺ​នោះ​ទេ។​

យូ ឌី​ស្កូ ៖ ​ជំ​ងឺ​ក្រលៀន ទឹក​នោម​ប្រៃ និង​ឈាម​ស ឡើង​ខ្ពស់ ស្ទើរ​តែ​ឆក់​យក​ជីវិត​របស់​លោក ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ និង​ស្គម​ស្គាំង​គួរ​ឲ្យ​សង្វេគ។ ​គ្រា​នោះ​លោក​ ធ្លាប់​ប្រាប់​​អ្នក​នាង ទូច ស្រី​ល័ក្ខ ទាំង​ក្តុកក្តួល​ថា​ លោក​ចង់​រស់ ​មិន​ចង់​ស្លាប់​នោះ​ទេ។ ក្រោយ​មាន​ជំនួយ​ក្នុង​ការ​រ៉ាប់​រង​ទៅ​ព្យាបាល​នៅ​ឥណ្ឌា​​អស់​ជា​ច្រើន​ខែ ចំណាយ​​ថវិកា​ប្រមាណ ៥ម៉ឺន​ដុល្លារ ស្ថានភាព​ជំ​ងឺ​របស់​តារា​សម្ដែង​រូប​នេះ បាន​ធូរស្រាល​មួយ​កម្រិត។

លោក​បាន​វិល​មក​កម្ពុជា​វិញ​ហើយ កាល​ពី​ថ្មីៗ​នេះ ដោយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​លោក​ពាក់​ម៉ាស​​​រយៈ​ពេល​២​ឆ្នាំ តម​អាហារ​​មួយ​ចំនួន និង​​ត្រូវ​លេប​ថ្នាំ​ពេញ​មួយ​ជីវិត។ ​ថ្វី​ត្បិត​ លោក យូ ឌី​ស្កូ ​បាន​វិល​មក​ប្រទេស​កំណើត​វិញ​ក្ដី តែ​លោក​មិន​ទាន់​អាច​វិល​ចូល​សិល្បៈ​បាន​ភ្លាម​ៗ​នោះ​ទេ​ ហើយ​វា​បាន​ក្លាយ​ជា​បន្ទុក​មួយ​ថ្មី ព្រោះ​ថ្នាំ​សង្កូវ​ប្រចាំ​ខែ​របស់​លោក​ត្រូវ​ចំណាយ​ច្រើន ដោយ​ក្នុង​មួយ​ខែ​ចំណាយ​​លើ​ថ្នាំ​សង្កូវ​ជាង​៣០០​ដុល្លារ។​

ម៉ឺន ពិសិដ្ឋ ៖ តួ​អង្គ​ ម៉ា​ ចា​វីន ក្នុង​រឿង "បេសកកម្ម​មួយ" ស្ទើរ​របូត​ជីវិត ដោយ​សារ​ជំ​ងឺ​របេង​​ស្រោម​ខួរ​ក្បាល បណ្ដាល​ឲ្យ​លោក​សន្លប់​ជា​ច្រើន​ថ្ងៃ។ សាច់​ញាតិ​របស់​លោក ព្រួយ​បារម្ភ​​ខ្លាំង ដោយសារ​បន្ទុក​តែ​មួយ​ក្នុង​គ្រួសារ​បាន​ដួល ហើយ​គ្មាន​ប្រាក់​ព្យាបាល​ជំ​ងឺ។

ក្រោយ​ពី​មាន​ជំនួយ​ពី​សប្បុរស​ជន ​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​លោក​ទៅ​ប្រទេស​ថៃ។ ពេល​នេះ​ ពិសិដ្ឋ បាន​ធូរ​ស្រាល​ពី​ជំ​ងឺ ដោយ​លោក​បាន​ដឹង​ខ្លួន​ឡើង​វិញ តែ​មិន​ទាន់​អាច​ដើរ​បាន និង​ចង​ចាំ​​រឿង​កាល​ពី​មុន​បាន​ទាំង​អស់​នោះ​ទេ។ ​យ៉ាង​ណា​មិញ គ្រូ​ពេទ្យ ​នៅ​បន្ត​តាម​ដាន​ស្ថាន​ភាព​ជំ​ងឺ​របស់​ ពិសិដ្ឋ​ បន្ត​ទៀត។

ពិសិដ្ឋ ក្រោយដឹង​ខ្លួន​ឡើង​វិញ

ណយ សំណាង ៖ ​តារា​កំប្លែង​រូប​នេះ មាន​ជំ​ងឺ​ចុក​ឆ្អល់​​ធ្លាក់​ឈាម​តាម​ទ្វារ​ធំ រហូត​មិន​អាច​ទទួល​ទាន​បាយ​បាន​អស់​ពេល​ជាង​២​ខែ ដោយ​អាច​ហូប​បាន​តែ​បបរ​រាវ​ៗ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ អាជីព​កំប្លែង​បាន​បាត់​បង់​ទាំង​ស្រុង​និង​គ្មាន​ថវិកា​គ្រប់​គ្រាន់​ផង​នោះ ​លោក​យាយ សុខ​ចិត្ត​ដោះ​កង​ដៃ​ចៅ​ស្រី​ទៅ​លក់​ ដើម្បី​បាន​ប្រាក់​បន្តិច​បន្តួច។

ក្រោយ​មក​ជំ​ងឺ​បេះ​ដូង បាន​រើ​ឡើង​វិញ ស្ទើរ​តែ​ឆក់​ជីវិត​លោក​យាយ ណយ សំណាង​ទៅ​ហើយ។ ​តែ​កូន​ប្រុស​ លោក​យាយ​ បាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ក៏​អាការៈ​លោក​យាយ បាន​ធូ​រ​ជាង​មុន​។ មក​ទល់​ពេលនេះ គេ​ឃើញ​ លោក​យាយ ណយ សំណាង​អាច​អង្គុយ​ហូប​បាយ​បាន តែ​សុខភាព​មិន​ទាន់​ប្រសើរ​ទាំង​ស្រុង​នោះ​ទេ៕ ​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម