ការ​លួច​បន្លំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រំពឹង​កើន​ដល់ ៦ ទ្រី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០២១

  • 2018-08-29 03:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧក្រិដ្ឋកម្ម​និង​ការ​លួច​បន្លំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

លោក Peter Marini ប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន NetGuardians បាន​ឲ្យ​ដឹង​ថា ការ​លួច​បន្លំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Cyber Fraud) រំពឹង​នឹង​កើន​ឡើង​ដល់ ៦ ទ្រី​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២១។

លោក Peter Marini

ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​ដែល​មានការ​ចូលរួមច្រើន​ពី​អ្នក​ជំនាញ​មកពី​ស្ថាប័ន​ហិរញ្ញវត្ថុ​កាល​ពី​ម្សិលមិញ​នេះ ប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មាន​ទីតាំង​នៅ​ស្វីស បាន​លើក​ចំៗ​ពី​ករណី​ដែល​ធនាគារ​មួយ​នៅ​ប្រទេស​បង់ក្លាដេស​ត្រូវ​បាន Hacker លួច​យក​លុយ​ជាង ១០០ លាន​ដុល្លារ​ដែល​មិន​ទល់​ពេល​នេះ​មិន​ទាន់​អាច​រក​ដាន​ឃើញ។

លោកបាន​ព្រមាន​ចំពោះ​មុខ​អ្នក​ចូលរួម​​ជា​ច្រើន​ថា ការ​លួច​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​មាន​និន្នាការ​កើង​ឡើង​ដែល​ជា​ក្តី​ព្រួយ​បារម្ភ ហើយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​មុខ​សញ្ញា​ងាយ​រង​គ្រោះ​ជាង​គេ។

នាយក​ជាន់​ខ្ពស់​នេះបាន​បង្ហាញពី​ដំណោះស្រាយ​របស់​ក្រុមហ៊ុន​ NetGuardians ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ផ្នែក​ហិរញ្ញវត្ថុ​។ NetGuardians មាន Risk Platform ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ដូចជា machine learning, big data និង artificial intelligence ដើម្បី​ការពារ​ការ​ក្លែង​បន្លំ ដែល​រាប់បញ្ចូល​ទាំង​ការ​ប្រើប្រាស់ ប្រព័ន្ធ​ធនាគារ​ចល័ត និង​អេឡិចត្រូនិច​, ការ​បន្លំ​ក្នុង​ស្ថាប័ន​, ការ​បន្លំ​លើ​ការ​ទូទាត់ និង​ការ​លួច​តាម​រយៈ SWIFT។

លោក​បាន​លើក​ឡើង​ថា តាំងពី​ឆ្នាំ ២០០៦ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​ធនាគារ​ក្នុង​ស្រុក​ដ៏​ធំ​មួយ ដោយ​ប្រើប្រាស់​កម្មវិធី Risk Platform ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​លួច​ប​ន្លំ​តាម​ប្រព័ន្ធ​ឌីជីថល។

លោក តាំង បូរ៉ាត់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន First Cambodia បាន​លើក​ឡើង​ថា First Cambodia កំពុង​តែ​បន្ត​ពង្រឹង​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ជួយ​ស្ថាប័ន​ធនាគារ​ក្នុង​ស្រុក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បន្លំ​ជាមួយ​ដំ​ណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព។

បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន System Integration ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​ស្ថាប័ន​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ តាម​រយៈ​ការ​ផ្គត់ផ្គង់ end-to-end solutions, ការ​គាំពារ​គម្រោង និង​ការអនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​លើ​ការ​ទូរ​ទាត់​លុយ (secure payment system environment)៕

ចុចអាន​ព័ត៌មាន​ដទៃ​ទៀត៖

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី