មកស្គាល់ឲ្យហើយ! បង្ហាញឈ្មោះសាកលវិទ្យាល័យរដ្ឋ និងឯកជនល្បីៗទាំង១៣នៅកម្ពុជា
- 2018-09-04 08:39:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឲ្យហើយ! បង្ហាញឈ្មោះសាកលវិទ្យាល័យរដ្ឋ និងឯកជនល្បីៗទាំង១៣នៅកម្ពុជា
ចន្លោះមិនឃើញ
វិស័យអប់រំនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ សាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីទទួលស្វាគមន៍កូនខ្មែរគ្រប់រូបឲ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ។ ថ្ងៃនេះ Sabay សូមបង្ហាញពីសាកលវិទ្យាល័យរដ្ឋ និងឯកជនល្បីៗប្រចាំប្រទេសកម្ពុជាដូចខាងក្រោមនេះ៖
១. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឫហៅកាត់ជាភាសាបារាំងថា (URPP) និងភាសាអង់គ្លេស (RUPP) គឺជាគ្រឹះស្ថានឧត្ដមសិក្សាចំណាស់ជាងគេ និងធំជាងគេនៅកម្ពុជា។ សាកលវិទ្យាល័យនេះចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេស(IFL)។
សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ចំពោះជំនាញសិក្សាល្បីៗបំផុតមានដូចជា៖ អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា ចិត្តវិទ្យា ទេសចរណ៍ អក្សរសាស្ត្រអង់គ្លេស និងជំនាញជាច្រើនទៀត។
២. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) ហៅក្រៅថាសាលាក្រហម ជាគ្រឹះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាលដ៏ចំណាស់មួយ និងល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៦មកម្ល៉េះ។ ចំពោះសិស្សដែលចង់សិក្សាក្នុងសាកលវិទ្យាល័យនេះ ត្រូវសម្រិតសម្រាំងយ៉ាងពិសេស តាមរយៈការប្រឡងចូលរៀនយ៉ាងតឹងរ៉ឹងបំផុត។
៣. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច ជា សាកលវិទ្យាល័យ ដែលចំណាស់ជាងគេ នៅក្នុងចំណោមគ្រឹះស្ថានឧត្ដមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ ក្នុងទម្រង់ជា វិទ្យាស្ថាននីតិសាស្ត្រ នយោបាយនិងសេដ្ឋកិច្ច ហើយត្រូវបានប្ដូរឈ្មោះដូចបច្ចុប្បន្ននៅក្នុងឆ្នាំ ២០០៣។ សាកលវិទ្យាល័យ ផ្ដល់កម្មវិធីសិក្សាជាមួយនឹងការផ្ដោតជាចម្បង ទៅលើផ្នែកនីតិសាស្ត្រ សេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម។ ចំណែកប្រព័ន្ធអប់រំវគ្គសិក្សាត្រូវបានបែងចែកជា ២ ឆមាស និងជា ៨ ឆមាសសម្រាប់ការសិក្សាបរិញ្ញាបត្រទាំងមូល ៤ ឆ្នាំ។
៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង
សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៨៣មកម្ល៉េះក្នុងនាមជាវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សាកលវិទ្យាល័យនេះផ្ដល់នូវជំនាញសិក្សាជាច្រើនដល់និស្សិតដូចជា៖ គ្រប់គ្រង, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ព័ត៌មានវិទ្យា, ច្បាប់ពាណិជ្ជកម្ម, ទេសចរណ៍, និងភាសាបរទេស អមដោយការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
៥. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៨ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។ ចំពោះជំនាញសិក្សារួមមាន៖ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលម្អរ វិចិត្រកម្ម និងចម្លាក់ជាដើម។ ក្នុងនោះចែកចេញជា៥មហាវិទ្យាល័យដូចជា៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យវិចិត្រសិល្បៈសូនរូប មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យដូរ្យតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។
៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម
សាកលវិទ្យាល័យភូមិន្ទកសិកម្មជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈផ្នែកកសិកម្ម មានទីតាំងនៅប៉ែកខាងលិចឈៀងខាងត្បូងនៃរាជធានីភ្នំពេញ បង្កើតឡើងនៅឆ្នាំ១៩៦៤ ក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះបាទនរោត្តម សីហនុ។
៧. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថាននេះគឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈដ៏ល្បីល្បាញបំផុតនៅកម្ពុជា តាំងពីឆ្នាំ ១៩៦៤ រហូតមកដល់បច្ចុប្បន្ននេះ។ វិទ្យាស្ថាននេះផ្ដោតការអប់រំសំខាន់លើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដែលជាតម្រូវការចាំបាច់បំផុត ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងវិស័យ វិទ្យាសាស្ត្រ និងវិស្វករ។ ចំណែកនិស្សិត ដែលចង់សិក្សានៅទីនោះត្រូវសម្រិតសម្រាំងតាមរយៈការប្រឡងប្រជែងកម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
៨. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាគឺជាគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសមត្ថភាពផ្ទេរនូវបច្ចេកទេសដល់និស្សិត រៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ ដែលមានសហប្រតិបត្តិការជាមួយនិងសាកលវិទ្យាល័យ Jeon Ju នៃប្រទេសកូរ៉េខាងត្បូង ។ NPIC ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី ហ៊ុនសែន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០០៥ ។
ចំពោះការសិក្សាផ្ដោតសំខាន់ទៅលើការអនុវត្តន៍ (៧០ភាគរយ) និងទ្រឹស្ដី (៣០ភាគរយ)។ សិស្សនិស្សិតត្រូវសិក្សាជំនាញជាមួយសាស្ត្រាចារ្យខ្មែរដែលមានបទពិសោធន៍យូរឆ្នាំ និងសាស្ត្រាចារ្យជនជាតិកូរ៉េ ដោយសិក្សាក្នុងមួយថ្ងៃ ៦ ម៉ោង ហើយ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ។ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា គេអាចមានសំណាងបន្តការសិក្សានិងធ្វើការនៅប្រទេសកូរ៉េទៀតផង។
៩. សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញអន្តរជាតិ (AUPP)
AUPP ជាសាកលវិទ្យាល័យលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យសិស្សបញ្ចប់ការសិក្សាទទួលបានការអប់រំបែបអាមេរិក និងសញ្ញាប័ត្រមកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាប័ត្រដែលចេញពី AUPP។ មានន័យថា និស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិក និងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាគ្រឹះស្ថានឧត្ដមសិក្សាអន្តរជាតិលំដាប់ទី១ នៅកម្ពុជាចាប់ផ្ដើមទទួលនិស្សិតឱ្យចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ហើយ។ វគ្គសិក្សាថ្មីនឹងចាប់ផ្ដើមចូលរៀននៅថ្ងៃទី ១ ខែ តុលា ឆ្នាំ២០១៨ តែម្ដង។
១០.សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
បញ្ញាសាស្ត្រកម្ពុជា ជាសាកលវិទ្យាល័យឯកជនមួយ ដែលមានប្រព័ន្ធសិក្សាល្អបំផុត។ គឺជាសាកលវិទ្យាល័យឯកជនមួយមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ ហើយបានបើកនៅឆ្នាំ២០០០ ដោយផ្ដល់ការសិក្សាផ្អែកលើភាសាអង់គ្លេសនៅគ្រប់មុខវិជ្ជាទាំងអស់។
១១. សាកលវិទ្យាល័យន័រតុន
សាកលវិទ្យាល័យន័រតុនគឺជាសាកលវិទ្យាល័យឯកជនលើកដំបូងនៅក្នុងប្រទេសកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២ ធ្នូឆ្នាំ ១៩៩៦។ បានចាប់ផ្តើមផ្តល់ជូននូវថ្នាក់រៀននៅក្នុងខែធ្នូឆ្នាំ 1996 និងត្រូវបានគេទទួលស្គាល់ថាជាសាកលវិទ្យាល័យមួយដោយអនុក្រឹត្យស្តីពីខែកញ្ញា ឆ្នាំ១៩៩៧។ ស្ថាប័ននេះត្រូវបានសម្ពោធជាផ្លូវការនៅក្នុងពិធីមួយកាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ១៩៩៧ ចូលរួមដោយសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
១២.សាកលវិទ្យាល័យហ្សាម៉ាន់
សាកលវិទ្យាល័យ ហ្សាម៉ាន់ (Zaman University) គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែល បាន ចាប់ ដំណើរ ការ នៅ ឆ្នាំ ២០១០។ និស្សិតត្រូវបង់ថ្លៃសិក្សាចន្លោះពី ៣ ០០០ ទៅ៤ ០០០ដុល្លារក្នុង១ឆ្នាំ អាស្រ័យទៅតាមជំនាញដែលជ្រើសរើស។
១៣. សាកលវិទ្យាល័យកម្ពុជា
សាកលវិទ្យាល័យកម្ពុជា ត្រូវបានស្ថាបនាឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០០៣។ សាកលវិទ្យាល័យកម្ពុជា (UC) គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយ ស្ថិតនៅលើផ្លូវណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕