តើ​បូសទ្រនិច​កើត​ឡើង​ដោយសារ​អ្វី?

  • 2014-11-15 15:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ជួប​បទ​ពិសោធន៍​កើត​បូស​ហើយ​មើល​ទៅ ប៉ុន្តែ​ប្រិយមិត្ត​ខ្លះ​ក៏​ប្រហែល​ជា​មិន​ធ្លាប់កើត​នោះ​ដែរ។ តើ​មាន​ដឹង​ឬ​ទេ​ថា​តើ​អ្វី​ទៅ​ជា​បូស​ទ្រនិច? តើ​វា​កើត​ឡើង​ដោយ​សារ​អ្វី?

 

តើ​បូសទ្រនិច​ជា​អ្វី?

 

បូសទ្រនិច​ជា​មេរោគ​សើស្បែក កើត​​នៅ​ក្នុង​ឫស​សក់ និង​គល់​រោម។ ធម្មតា​នៅ​កណ្ដាល​បូស​ មាន​សភាព​ទន់ និង​កោសិកា​ឈាម​ស​ប្រឆាំង​មេរោគ ដែល​រាងកាយ​បញ្ជូន​តាម​សរសៃ​ឈាម ដើម្បី​បំបាត់​ការ​ឆ្លង​រោគ។ ហើយ​ការ​ប្រមូលផ្ដុំ​នៃ​កោសិកា​ឈាម​ស បាក់តេរី និង​ប្រូតេអ៊ីន គេ​ហៅ​​ថា​​ខ្ទុះ។ ចុង​ក្រោយខ្ទុះ​កើត​ក្បាល ​ដែល​អាច​​ផ្ទុះធ្លាយ​ចេញ​មក​ក្រៅ។

​​​ រោគសញ្ញា

 

  • ដុំ​រឹង​ពណ៌ក្រហម មាន​ទំហំ​១អ៊ីញ ប្រហែលជាង​២​ស.ម។ ពីរ​បី​ថ្ងៃ​ក្រោយ ពក​នោះ​ឡើង​ទន់ ធំ​ជាង​មុន និង​ឈឺ​ខ្លាំង។

  • ស្បែក​ជុំវិញ​បូស​មាន​ពណ៌​ក្រហម ហើម និង​ឈឺ​ចាប់

  • មាន​បូស​ច្រើន​កើត​ជុំវិញ បូស​ចាស់

 

កន្លែងដែល​បូសទ្រនិច​ពេញ​និយម​កើត ៖ ក ក្លៀក ស្មា គូទ តែ​បើ​កើត​លើ​ត្របក​ភ្នែក​គេ​ហៅ​ថា ពពែភ្នែក​ឬ​ពពែ​ឆ្កែ។

 

ហេតុ​អ្វី​បូស​នេះ​កើត?

 

បូស​ទ្រនិច​កើត​ឡើង​ដោយសារ​បាក់តេរី​ម្យ៉ាង​ហៅ​ថា Staphylococcus (Staph)។ វា​​បង្ក​ឱ្យ​ឆ្លង​រោគ​កើត​ជា​បូស និង​អាច​មាន​សភាព​ធ្ងន់ធ្ងរ​យ៉ាង​ឆាប់រហ័ស។ មេរោគ​នេះ​អាច​នៅ​លើ​ស្បែក ឬ​ក្នុង​រាងកាយ​មនុស្ស តាម​រយៈ​ការ​ដាច់​រលាត់​ស្បែក តាម​រន្ធ​សក់ សក់​ដុះ​ក្នុង​សាច់ ឬ​មុន​ជាដើម។

 

តើ​វ័យ​ណា​ទើប​កើត​បូស​នេះ?

 

និយាយ​ពី​រឿង​កើត​ហ្នឹង! អ្នកណា​ក៏​អាច​កើត​បាន​ដែរ ជា​ពិសេស​អ្នក​មាន​ជំងឺ ដែល​ប្រព័ន្ធភាពស៊ាំ​ចុះ​ខ្សោយ។

 

 

ត្រូវ​ព្យាបាល​យ៉ាង​ដូច​ម្ដេច?

 

វិធី​បឋម​នោះ​គឺ ប្រើ​កម្ដៅ​ដូចជា ត្រាំ​ឬ​ស្អំ​ទឹក​ក្ដៅ។ កម្ដៅ​បង្កើន​ចលនា​ទៅ​កាន់​តំបន់​បូស ហើយ​​​រាងកាយ​អាច​កម្ចាត់​មេរោគ​បាន​ល្អ តាម​រយៈ​នាំ​អង់ទីគ័រ និង​កោសិកា​ឈាម​ស។ កុំ​ប្រើ​ម្ជុល​ជួស​បូស​ឱ្យ​សោះ ព្រោះ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ។ ​

 

តើ​គួរ​ប្រើ​ថ្នាំ​បំបាត់​ផ្សះ​ទេ?

 

តាម​ធម្មតា​បើ​មាន​ការ​ឆ្លង​រោគ​ជុំ​វិញ​ស្បែក វេជ្ជបណ្ឌិត​តែង​​ឱ្យ​​ប្រើ​ថ្នាំ​ផ្សះ ដើម្បី​កម្ចាត់​បាក់តេរី តែ​យ៉ាងណា ថ្នាំ​ផ្សះ​មិន​មែន​ប្រើ​គ្រប់​ស្ថានភាព​ទេ។ ការ​ពិត​ពេល​ខ្លះ​​ថ្នាំ​ផ្សះ មិន​អាច​​ព្យាបាល​បូស​ដោយ​គ្មាន​ការ​វះកាត់​បន្ថែម​នោះ​ទេ។

​​​​

តើ​គួរ​​ព្យាបាល​នៅ​ពេល​ណា?

 

អ្នក​គួរ​ទៅ​រក​គ្រូពេទ្យ និង​ការ​ព្យាបាល​នៅ​ពេល បូស​កើត​នៅ​លើ​មុខ ឆ្អឹងខ្នង ទ្វារ​ធំ បូស​រីក​ធំឡើង ឈឺ​ខ្លាំង គ្រុនក្ដៅ ស្បែក​ជុំវិញ​បូស​ឡើង​ពណ៌​ក្រហម ឬ​ក្រហម​ឆ្នូតៗ មាន​បញ្ហា​បេះដូង ទឹកនោម​ផ្អែម មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ បូស​អត់​ធូរស្បើយ​ក្រោយ​ព្យាបាល​នៅ​ផ្ទះ​ប្រាំមួយ​ប្រាំពីរ​ថ្ងៃ និង​អ្នក​មាន​បូស​ច្រើន​ក្នុង​រយៈពេល​ប្រាំមួយ​​ឬ​ប្រាំពីរ​​ខែ៕

 

ចុចអាន! វិធី​បណ្ដេញ​សត្វ​រុយ​មហា​ស្រួល អ្នក​ដឹង​បាន​ដឹង

 

ចុចអាន! បុរស​គួរ​កក់​សក់​ច្រើន​បំផុត​ត្រឹម ៣​ដង​ក្នុង​មួយ​សប្ដាហ៍

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Several