អាសូរតារាចម្រៀងជើងចាស់ នូ ស៊ឹប មិនប្រាថ្នាវិលចូលសិល្បៈវិញ សុំត្រឹមអាចរស់មានក្តីសុខជាងនេះ (វីដេអូ)
- 2018-09-10 09:12:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរតារាចម្រៀងជើងចាស់ នូ ស៊ឹប មិនប្រាថ្នាវិលចូលសិល្បៈវិញ សុំត្រឹមអាចរស់មានក្តីសុខជាងនេះ (វីដេអូ)
ចន្លោះមិនឃើញ
តារាចម្រៀងជើងចាស់ នូ ស៊ឹប បានប្រឡូកក្នុងសិល្បៈជិត៤០ឆ្នាំមកហើយ ប៉ុន្តែមកទល់ពេលនេះ លោកមិនសល់អ្វីជាដុំកំភួនឡើយ ក្រៅពីរស់នៅក្នុងផ្ទះជួលតូចមួយជាមួយក្មួយប្រុសមានសតិមិនសូវល្អ។ លោកមិនមានប្រពន្ធ កូនរស់នៅជាមួយទេ បន្ទាប់ពីបានលែងលះគ្នាតាំងពីឆ្នាំ១៩៨៧។
ចំពោះតារាចម្រៀងនៅខេត្តកំពង់ធំ គ្មានសង្ឃឹមថាអាចវិលទៅកាន់អាជីពចម្រៀងវិញនោះទេ ព្រោះលោកដឹងខ្លួនថា វ័យកាន់តែចាស់ សុខភាពកាន់តែខ្សោយ។ ទោះយ៉ាងណា អ្វីដែលលោករំពឹងចង់បានជាងគេ សុំត្រឹមអាចរស់នៅបានក្ដីសុខ មិនខ្វះមុខខ្វះក្រោយបែបនេះ។
សព្វថ្ងៃតារាចម្រៀងវ័យ៧២ឆ្នាំ លែងរកប្រាក់បាន តាមរយៈការច្រៀងទៀតហើយ ។ លោករស់នៅពឹងផ្អែកលើប្រាក់ខែចូលនិវត្តន៍ចំនួន៤៥ម៉ឺនរៀល ដែលលោកធ្លាប់បម្រើការងារជាមន្ត្រីរាជការពីមុនមក។ ថ្ងៃខ្លះ លោកគ្មានប្រាក់សូម្បីមួយរៀល ហើយអ្នកជិតខាងអាណិតអាសូរ ក៏យកបាយសម្ល និងផ្ដល់ថវិកាបន្តិចបន្តួចឲ្យ។ ពេលបើកប្រាក់ខែ លោកក៏យកប្រាក់សងគេវិញ មួយចំណែកទៀតទុកសម្រាប់ថ្លៃផ្ទះ ទឹកភ្លើង និងសម្រាប់ទិញនំចំណីពិសា។
លោក នូ ស៊ឹប រស់ក្នុងជីវភាពបែបនេះយូរឆ្នាំមកហើយ តែម្ចាស់បទ "ទឹកភ្នែកដើមឆ្នាំ" មិនដែលបង្ហាញទៅសាធារណជនឡើយ។ ដោយសារនៅឆ្នាំ២០១៥ លោកជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវជួបនូវការលំបាកច្រើន ទើបមិត្តភ័ក្ដិលោក បង្ហោះរូបភាពការរស់នៅក្នុងផ្ទះជួលតូចមួយយ៉ាងសង្វេគព្រមទាំងស្ថានភាពទ្រុឌទ្រោមរបស់លោកជាសាធារណៈ ធ្វើឲ្យអ្នកសិល្បៈមានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង។ គ្រានោះម្ដងម្កាល លោកត្រូវបានគេអញ្ជើញឡើងឆាក និងច្រៀងតាមពិធីមង្គលការ ដើម្បីបានប្រាក់បន្តិចបន្តួច។
ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន លោក នូ ស៊ឹប នៅតែជួបបញ្ហាលំបាកដដែល ព្រោះទីផ្សារចម្រៀងបានបង់ទាំងស្រុងទៅហើយ គួបផ្សំនឹងជំងឺប្រចាំកាយ គឺលើសឈាម និងឈឺជើង៕