គីសាន់ រ៉ៃយ៉ា ចង់​ស្រក់​ទឹក​ភ្នែក ពេល​ឃើញ​សិល្បករមិន​មើល​រំលង​ឪពុក​ខ្លួន​ដែល​កំពុង​លំបាក

  • 2018-09-11 14:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​លោក ពៅ គីសាន់ គឺ គីសាន់ រ៉ៃយ៉ា បាន​និយាយ​ថា លោក​រំភើប​ចង់​ស្រក់​ទឹក​ភ្នែក បន្ទាប់​ពី​ថ្ងៃ​នេះ លោក​ទទួល​បាន​ការ​ឈឺ​ឆ្អាល​ពី​មិត្ត​សិល្បៈ​នានា ជួយ​ស្រោចស្រង់​ជីវិត​ឪពុក​លោក​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

បុគ្គល​សិល្បៈ ដែល​បាន​ចេញ​មុខ​ជួយ​លោក ពៅ គីសាន់ មាន​អ្នកនាង ស៊ិន ឧត្តមផល្លា កញ្ញា សុខ សីឡាលីន ជា​ដើម​បាន​បរិច្ចាគ​តាម​សន្ធា​រៀង​ខ្លួន។ នៅ​រសៀល​នេះ សមាគម​សិល្បៈ​ខ្មែរ​ ក៏​បាន​ចេញ​មុខ​ជួយ "ខ្ញុំ​រំភើប​ណាស់​បង ពុក​កំពុង​តែ​ពិបាក អាច​នឹង​ត្រូវ​វះកាត់​ទៀត ព្រោះ​កក​ឈាម​២​កន្លែង​ក្នុង​ក្បាល ដែល​ត្រូវ​ចំណាយ​ច្រើន ឥឡូវ​បាន​បង​ប្អូន​ជួយ អ្នក​បង ឧត្តម​ផល្លា កញ្ញា សុខ សីឡាលីន ពិសេស​សមាគម​សិល្បករ​របស់​បង​ ចន ច័ន្ទលក្ខិណា សូម​អរគុណ​មែន​ទែន!”។

តាម​កូន​ប្រុស​រូប​នេះ សមាគម​សិល្បករ​ខ្មែរ បាន​អន្តរាគមន៍​ជួយ​ឲ្យ​ឪពុក​របស់​លោក​ទទួល​បាន​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ដោយ​ឥត​គិត​ថ្លៃ។ ដូច្នេះ​ហើយ ទើប​លោក​បញ្ជាក់​ថា រំភើប​ខ្លាំង និង​មាន​សង្ឃឹម ព្រោះ​ក្រុម​គ្រួសារ​របស់​លោក​កំពុង​តែ​ប្រឈម​ខ្លាំង​មែន​ទែន​លើ​ការ​ចំណាយ​ព្យាបាល​អ្នក​មាន​គុណ។

លោក ពៅ គីសាន់ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី ៧ សីហា ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះវិញ​ដោយ​ម៉ូតូ ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ក្រាំង​ធ្នង់។ របួស​របស់​លោក ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​រងរបួស​ជា​ច្រើន​កន្លែង ក្នុង​នោះ​បាក់​ឆ្អឹង​ជំនី​អស់ ៥ ដង​កាំបិត​១ បាក់​នាង​ដៃ​ខាង​ឆ្វេង​១ និង​កកឈាម​ក្នុង​ខួរ​ក្បាល​២​កន្លែង និង​របួស​ដាច់​រលាត់​ជា​ច្រើន​កន្លែង​ទៀត។

តាម​ព័ត៌មាន​ចុង​ក្រោយ លោក រ៉ៃយ៉ា បញ្ជាក់​ថា អាការ​កក​ឈាម​ក្នុង​ខួរ​ក្បាល​របស់​ឪពុក​លោក ពេទ្យ​បញ្ជាក់​ថា មិន​ត្រូវ​ការ​វះកាត់​ទេ ពោល​គឺ​អាច​រំលាយ​ដោយ​ប្រើ​ប្រាស់​ថ្នាំ​លេប​បាន៕

អត្ថបទ៖ ទារិកា