ភ្ញាក់ផ្អើល គូម៉ា លេចមុខក្នុងគម្រោងមានតម្លៃប្រមាណ ២លានដុល្លារអាមេរិក
- 2018-09-17 03:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល គូម៉ា លេចមុខក្នុងគម្រោងមានតម្លៃប្រមាណ ២លានដុល្លារអាមេរិក
ចន្លោះមិនឃើញ
ក្រោយពីចេញដំណឹងហក់ចូលប្រឡូកការសម្ដែងភាពយន្តដំបូង ឥឡូវតារាចម្រៀង គូម៉ា បញ្ចេញសមិទ្ធផលថ្មីទៀត ក្នុងគម្រោងអាជីវកម្មដែលមានតម្លៃប្រមាណ ២លានដុល្លារអាមេរិកឯណោះ។
សមិទ្ធផលថ្មីនោះ គឺអាជីវកម្មផ្នែករៀលអ៊ីសស្តេត ដែលមិត្តរួមអាជីពរបស់លោកមួយចំនួនទៀត មានដូចជា ព្រាប សុវត្ថិ សិរីមន្ត និងអ៊ីណូជាដើម ក៏កំពុងសកម្មដែរ។ គូម៉ា បានបញ្ចេញតម្រុយនៅលើបណ្ដាញសង្គម ខណៈប្រិយមិត្ត អ្នកគាំទ្ររបស់លោកមួយចំនួន លេចចេញការងឿងឆ្ងល់។
សាមីខ្លួន បានសារភាពដោយត្រង់លើបញ្ហានេះ ដោយបានប្រាប់ថា លោកបានហក់ចូលប្រឡូកក្នុងទីផ្សារពុះដីឡូលក់ដូចរៀមច្បងខាងលើពិតមែន។ ម្ចាស់បទ "សង្សារពាល" បញ្ចេញថា លោកមិនមែនជាម្ចាស់ហ៊ុនតែម្នាក់ឯងនោះទេ គឺលោកបានចូលហ៊ុនជាមួយដៃមួយចំនួនទៀត វិនិយោគលើគម្រោងដែលផ្ទៃដី៤ហិកតា មានទីតាំងនៅរមណីយដ្ឋានត្រាវកុដិ នាខេត្តសៀមរាប។
ទំហំវិនិយោគរួម ត្រូវបានតារាចម្រៀងបញ្ចេញថា មានប្រមាណជិត ២លានដុល្លារអាមេរិក។ យ៉ាងនេះក្ដី លោកមិនព្រមបញ្ចេញតួលេខពិតប្រាកដដែលលោកខ្លួនឯងបានវិនិយោគឡើយ។ គូម៉ា បញ្ជាក់ថា សម្រាប់លោក គឺជាការចាប់ផ្ដើមដំបូងបំផុតក្នុងអាជីពជាអ្នករកស៊ីពុះដីឡូតិ៍លក់។ ដូច្នេះហើយ លោកមិនទាន់ហ៊ាននិយាយពីលទ្ធផលឡើយ។
"ចេះតែខំៗទៅបង ទាន់មានឱកាស...វាជាការចាប់ផ្ដើម ដូច្នេះមិនអាចនិយាយបានថា ផ្លូវដែលដើរទៅនេះ វាជោគជ័យទេ ប៉ុន្តែចាត់ថា ជាការរៀនសូត្រ...ជួបឧបសគ្គអី យើងចេះតែខំពុះពារទៅ"។
ទន្ទឹមនឹងការបញ្ចេញពីសមាសភាព ធ្វើជាអ្នកជំនាញដីធ្លីលើកដំបូង គូម៉ា ប្រាប់ទៀតថា បន្ទាប់ពីគម្រោងខាងលើធ្វើនៅខេត្ត ក្រុមរបស់លោក ក៏បាន និងកំពុងរៀបចំគម្រោងបន្ទាប់ទៀតដែរ ដែលអាចវិលមកតំបន់កៀកៗរាជធានីភ្នំពេញវិញម្ដង៕