ខ្មែរគ្រប់រូបត្រូវដឹង! ថ្ងៃនេះជាខួប៤៩ឆ្នាំ នៃការយាងចូលព្រះទិវង្គត សម្ដេចព្រះសង្ឃរាជ ជួន ណាត

  • 2018-09-25 07:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៨ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​៤៩​ឆ្នាំ នៃ​ការ​យាង​ចូល​ព្រះ​ទិវង្គត​សម្ដេច​ព្រះមហា​សុមេធា​ធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ គណៈ​មហា​និកាយ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា។ សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​លា​ចាក​ឆ្ងាយ​ពី​កូន​ខ្មែរ​គ្រប់​រូប នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩។

រូបភាព៖ Royal du Cambodge

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​បញ្ជាក់​ថា សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ រោច ខែ​ផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មីនា គ.ស ១៨៨៣។

ស្រុក​កំណើត​របស់​ព្រះអង្គ​នៅ​ភូមិ​កំរៀង សង្កាត់​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​មាន​មាតា​ឈ្មោះ យក់ បិតា​ឈ្មោះ ព្រហ្ម ជួន ជា​កសិករ។ ព្រះអង្គ​មាន​បងប្អូន​បង្កើត​ចំនួន​ពីរ​នាក់ គឺ​រូប​ព្រះអង្គ និង​ប្អូន​ប្រុស គឺ​លោក​ឧកញ៉ា​មន្ត្រី ជួន នុត។ សម្ដេច​ព្រះ​សង្ឃ​រាជ​កាល​ក្នុង​វ័យ​កុមារ ព្រះអង្គ​បាន​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ជាតិ​រហូត​ដល់​ជន្មាយុ ១៨ ឆ្នាំ ព្រះអង្គ​បាន​បួស​ជា​សាមណេរ ក្នុង​ពុទ្ធសករាជ ២៤៤១ ត្រូវ​នឹង​គ.ស ១៨៩៧ ។ ព្រះអង្គ​បួស​នៅ​ទីនោះ អស់​រយៈពេល ២ ឆ្នាំ ទើប​ទៅ​រៀន​សូត្រ បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ។

រូបភាព៖ Royal du Cambodge

ក្នុង​ព្រះជន្មាយុ ២១ វស្សា ព្រះអង្គ​បាន​បំពេញ​ឧប​សម្បទា​ជា​ភិក្ខុ និង​គង់​នៅ​ក្នុង​វត្ត​ពោធិព្រឹក្ស ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ក្នុង​ព.ស ២៤៤៨ ត្រូវ​នឹង​គ.ស ១៩០៤។ នៅ​ពេល​នោះ​ព្រះអង្គ​បាន​ទទួល​ព្រះនាម​បញ្ញត្តិ ជោតញ្ញាណោ។ ទាក់ទង​នឹង​វិស័យ​សិក្សា គឺ​ព្រះអង្គ​បាន​ចាប់​ផ្ដើម​រៀន​សូត្រ​ជា​ដំបូង គឺ​មេសូត្រ និង​ប្រែមូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ ពី​ព្រះពុទ្ធឃោសាចារ្យ ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈា។

សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​បាន​រៀន​ចេះ ក្រៅ​ពី​ភាសា​ជាតិ ព្រះអង្គ​ក៏​បាន​ចេះ​ដឹង​នូវ​វេយ្យាករណ៍​ភាសា​បាលី សំស្ក្រឹត ដែល​កាល​នោះ​ក្នុង​រវាង​គ.ស ១៩១០ ក្នុង​ចំណោម​អ្នក​សិក្សា​ភាសា​បាលី ព្រះអង្គ​មាន​ព្រះ​កិត្តិសព្ទ​ល្បី​ថា​ជា ព្រះ​ថេរៈ​មួយ​អង្គ មាន​ភាព​ស្ទាត់​ជំនាញ និង​ពូកែ​ខាង​ភាសា​បាលី។

ម្យ៉ាង​ទៀត​ព្រះអង្គ​បាន​រៀន​ចេះ​ភាសា​ផ្សេងៗ ទៀត​ជា​ច្រើន ដែល​រួម​មាន ភាសា​ថៃ ភាសា​ឡាវ ភាសា​បារាំង អង់គ្លេស និង​វៀតណាម។

រូបភាព៖ Royal du Cambodge

នៅ​ពុទ្ធសករាជ ២៤៥៧ ត្រូវ​នឹង​គ.ស ១៩១៣ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​នៅ​ក្នុង​ព្រះ​ឧបោសថរតនារាម វិហារ​ព្រះ​កែវ​មរកត​បាន ៤ ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ នៅ​ឆ្នាំ​១៩១៥ ព្រះអង្គ​បាន​ប្រឡង​ជាប់​លេខ ២ និង​ទទួល​បាន​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វថ្ងៃ​នេះ​ហៅ​ថា ពុទ្ធិកវិទ្យាល័យ សុរា​ម្រឹត។

លុះ​មក​ដល់​ព.ស ២៤៦៣ ដែល​កាល​នោះ​ព្រះអង្គ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា​បាន​ធ្វើ​ជា​សាមណសិស្ស​និមន្ត​ទៅ​បំពេញ​វិជ្ជា​ភាសា​សំស្ក្រឹត និង​អក្សរ​សិលា​ចារឹក នៅ​សាលា​បារាំងសែស​ចុង​បូព៌ា​ប្រទេស​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មាន​លោក ល្វី ហ្វីណូត៍(l Finot) ជនជាតិ​បារាំង​ជា​ចាងហ្វាង​សាលា​នោះ។

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​បំពេញ​ការងារ​ជា​ច្រើន​ទៀត ដោយ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​វចនានុក្រម​ខ្មែរ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​ក្នុង​សៀវភៅ​ផ្សេងៗ ដែល​សាលា​បាលី​ជាន់​ខ្ពស់​បាន​បោះពុម្ព​ផ្សាយ។

ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​បាន​ធ្វើ​ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋមសិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋមសិក្សា​ជាន់​ខ្ពស់​បារាំង​ខ្មែរ នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​ព.ស ២៤៧១ ត្រូវ​នឹង​គ. ស ១៩២៧ ព្រះអង្គ​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ជំនុំ​ផ្ដាច់​ឆ្នាំ​សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។ ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​ជា​ចាងហ្វាង​រង​សាលា​បាលី​ជាន់​ខ្ពស់ និង​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក។

រូបភាព៖ Royal du Cambodge

ម្យ៉ាង​ទៀត​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​ធ្លាប់​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​រឿង​របស់​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ជូន​ពាក្យ​ទាំង​នោះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ និង​ជា​សមាជិក​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​របស់​ក្រសួង​សិក្សាធិការ​ជាតិ។

ក្នុង​ឯកសារ​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ព.ស ២៤៧៨ គ.ស១៩៣៥ ព្រះអង្គ​ធ្វើ​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​ឡាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ក្រុង​ភ្នំពេញ។ សម្ដេច​ព្រះ​សង្ឃរាជ​ទ្រង់​បាន​ទទួល​តំណែង​ជា​ព្រះចៅ​អធិការ​វត្ត​ឧណ្ណាលោម និង​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់​ខ្ពស់​របស់​ព្រះសង្ឃ។ ម្យ៉ាង​ទៀត​ព្រះ​អង្គ​បាន​ទទួល​តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ «ក» នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។

នៅ​ក្នុង​ឆ្នាំ ១៩៦១ ទ្រង់​បាន​ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាសន៍​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុជាតិ​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ។ ព្រះអង្គ​ក៏​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។

ទាក់ទង​នឹង​ការ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនា​នៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម និង​ទៅ​កាន់​ប្រទេស ឡាវ ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ទី​នោះ។ នៅ​ឆ្នាំ​១៩៤៣ ព្រះអង្គ​បាន​ទទួល​តួនាទី​ជា​សមាជិក​ឆ្លើយឆ្លង​សាលា​បារាំង នៅ​ចុង​បូព៌ា​ប្រទេស។ សម្ដេច​ក៏​បាន​ដឹកនាំ​ប្រតិភូ​ទៅ​កាន់​ប្រទេស​ស្រីលង្កា ភូមា ដើម្បី​ធ្វើ​ឆដ្ឋសង្គាយនា​នៅ​ទី​នោះ។ នៅ​មាន​បេសកកម្ម​ក្រៅ​ប្រទេស​ជា​ច្រើន​ទៀត ដែល​សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​បំពេញ​ការងារ។

រូបភាព៖ Royal du Cambodge

លុះ​មក​ដល់​ព.ស ២៥០៧ គ.ស ១៩៦៣ ព្រះអង្គ​បាន​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេចព្រះសង្ឃរាជ ថ្នាក់​ទី​១ ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា។

បន្ទាប់មកនៅឆ្នាំ១៩៦៧ ព្រះអង្គ​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ​ពេញ​លក្ខណៈ​ ពី​សម្ដេច​ព្រះ​ប្រមុខរដ្ឋ ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ នៃ​ភូមិន្ទ​សកលវិទ្យាល័យ។

សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ទាំង​គម្ពីរ​ស្លឹករឹត និង​គម្ពីរ​ជា​សៀវភៅ ជា​ពិសេស គឺ​សៀវភៅ​ប្រែ​ពី​ភាសា​បាលី​មក​ជា​ភាសាខ្មែរ ដើម្បី​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​បាន​សិក្សា​រៀន​សូត្រ។

សៀវភៅ​ទាំង​នោះ​រួម​មាន៖ វចនានុក្រម​ខ្មែរ មាន​ពីរ​ភាគ ហើយ​ត្រូវ​បាន​គេ​បោះពុម្ព​ផ្សាយ​ជា​ច្រើន​លើក​រួច​មក​ហើយ​រហូត​មក​ដល់​សព្វថ្ងៃ។ សៀវភៅ​កច្ចាយនូបត្ថម្ភកៈ ឬ​វេយ្យាករណ៍​បាលី​មាន​ចំនួន​ពីរ​ភាគ។ សៀវភៅ គិហិបដិបត្តិ សៀវភៅ​សាមណេរ​វិន័យ បាតិមោក្ខសំវារៈ​សង្ខេប កាព្យ​លោកធម៌។ល៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី