សម្ដេចសង្ឃបិណ្ឌបាត៖ «កូនចៅបើទៅស្រុកសូមកុំបង្កើតបំណុលឲ្យ​ឪពុកម្ដាយ»

  • 2018-10-04 09:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពៃណី​ដ៏​ល្អ​ផូរផង់​មួយ គឺ​នៅ​អំឡុង​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ កូន​ចៅ​ជិត​ឆ្ងាយ​តែង​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​។ ប៉ុន្តែ​អ្វី​ដែល​ជា​កំហុស​ឆ្គង​នោះ គឺ​កូន​ចៅ​ខ្លះ​ពេល​ទៅ​ដល់​ស្រុក​ ជូន​លុយ​កាក់​ឪពុក​ម្ដាយ​បន្តិច​បន្តួច​ហើយ ក៏​នាំ​គ្នា​ផឹក​ស៊ី​ឱ្យ​ឪពុក​ម្ដាយ​បម្រើ​ទាំង​ខ្លួន​ឯង និង​ពួកម៉ាក​បន​ភឿន​។ មិន​តែ​ប៉ុណ្ណោះ កូន​ខ្លះ​ផឹក​ស៊ី​រហូត​ជំពាក់​ចិន ទុក​ឱ្យ​ឪពុក​ម្ដាយ​សង​គេ។

សម្ដេច​សង្ឃ​បាន​បិណ្ឌបាត​ដល់​កូន​ចៅ​ទាំង​ឡាយ ដែល​ធ្លាប់​ធ្វើ​បែប​នេះ សូម​ឈប់​ធ្វើ​ត​ទៅ​ទៀត ព្រោះ​ជា​អំពើ​បាប និង​មិន​គប្បី​សោះ​ឡើយ​។ ពេល​ទៅ​លេង​ស្រុក​កំណើត​សូម​ខេមរបុត្រ​គ្រប់​រូប មេត្តា​កុំ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​បម្រើ​ ហើយ​កុំ​ទៅ​បង្កើត​បំណុល​ឲ្យ​ឪពុក​ម្ដាយ​ជា​អ្នក​សង​គេ​។ នេះ​គឺ​ជា​បិណ្ឌបាត​របស់​សម្ដេច​ឧត្ដម​ចរិយា​បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅ​អធិការ​វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក។

«​ជូន​ឪពុក​ម្ដាយ​បួន ដប់ ម្ភៃ​ម៉ឺន​រៀល ហើយ​ក៏​នៅ​ទី​នោះ​យូរ​ថ្ងៃ​អ៊ីចឹង​ទៅ ក៏​ឲ្យ​ម្ដាយ​ឪពុក​ហ្នឹង​​ប៉ាវ​រហូត​តែម្ដង​។ តាំង​ពី​បាយ​ទឹក តាំង​ពី​នំ​ចំណី ត្រី​សាច់ រហូត​ដល់ អាការសាហាវ (ស្រា) អី​ទៀត​ឯ​នោះ ដើម្បី​ជប់លៀង​ខ្លួន​។ ដល់​ពេល​ដែល​ត្រលប់​មក​វិញ ម្ដាយ​ជំពាក់​គេ​មួយ​លាន​ ពីរ​លាន​ដោយសារ​តែ​កូន​ទៅ​លេង (អា) កន្លែង​ត្រង់​ហ្នឹង ដែល​ពុទ្ធបរិស័ទ​ទាំង​អស់​គួរ​ពិចារណា ​យក​សតិ​មក​ប្រើ យក​សម្បជញ្ញៈ​មក​ប្រើ​»។

ការ​បិណ្ឌបាត​របស់​សម្ដេច ឈឹង ប៊ុនឈា បែប​នេះ ដោយសារ​កន្លង​មក​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា មាន​អ្នក​ខ្លះ​នា​ឱកាស​បុណ្យ​ទាន ដូច​ជា​បុណ្យ​ចូល​ឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ដើម ពេល​ទៅ​លេង​ស្រុក​កំណើត បន្ទាប់​ពី​បាន​ជូន​លុយ​កាក់​តិច​តួច​ដល់​ឪពុក​ម្ដាយ​ហើយ ក៏​នាំ​គ្នា​ផឹក​ស៊ី​សប្បាយ​ អស់​មាន់​អស់​ទា​ឪពុក​ម្ដាយ ហើយ​ក៏​ត្រូវ​ឲ្យ​ឪពុក​ម្ដាយ​ធ្វើ​បាយ​ទឹក​ម្ហូប​អាហារ ដល់​ខ្លួន​ ថែម​ទាំង​មិត្តភ័ក្ដិ​បន​ភឿន​របស់​ខ្លួន​ទៀត​។ ពេល​ខ្លះ​ក៏​ស្រវឹង​កើត​ជម្លោះ​បង្កើត​ជា​ក្ដី​កង្វល់​ដល់​ឪពុក​ម្ដាយ​មួយ​ជាន់​ទៀត​។ ពេល​ពួក​គេ​ត្រឡប់​ទៅ​វិញ​ ក៏​បន្សល់​ទុក​នូវ​បំណុល​ឱ្យ​ឪពុក​ម្ដាយ​ចាស់​ជរា​ជា​អ្នក​សង​គេ​ជំនួស​ខណៈ​ជីវភាព​របស់​ពួក​គាត់​ខ្សត់​ខ្សោយ​ស្រាប់​។

ខ្លឹម​សារ​ដ៏​សំខាន់​បំផុត​មួយ នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺ​បង្កើត​សាមគ្គីភាព សាង​បុណ្យ​កុសល សាង​ក្តី​ល្អ​ដល់​គ្នា និង​គ្នា ជា​ពិសេស​ដល់​លោក​អ្នកមាន​គុណ ទាំង​នៅ​រស់ និង​ស្លាប់​ទៅ​ហើយ តាម​រយៈ​ការ​ធ្វើ​ទាន​ជា​ដើម​។ រីឯ​ទង្វើ​ទាំង​ឡាយ​របស់​កូន​ចៅ​មួយ​ចំនួន ដូច​ដែល​បាន​លើក​ឡើង​ខាង​ដើម​នេះ គឺ​ជា​ទង្វើ​ផ្ទុយ​ទាំង​ស្រុង​ពី​ខ្លឹម​សារ នៃ​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​៕

អត្ថបទ៖ ឈិន ធារ៉ាត់