អាណិតពូប៉ូលិស...ហ្នឹងហើយ...ដោយសារតែមិនព្រមជឿតាមពួកម៉ាកខ្ញុំ!!!
- 2018-10-05 12:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតពូប៉ូលិស...ហ្នឹងហើយ...ដោយសារតែមិនព្រមជឿតាមពួកម៉ាកខ្ញុំ!!!
ចន្លោះមិនឃើញ
សុំទោស...សុំទោស...ប្រិយមិត្ត ខកខានប៉ុន្មានសប្ដាហ៍ ដោយអត់មានអ្នកជួយចែករំលែក។ តែថ្ងៃនេះ រកបានអ្នកចែករំលែករឿងអស់សំណើច សើចហួសចិត្តទៀតហើយ មើលហើយសើចលេងបន្តិចទៅ។ នេះគឺជាសាច់រឿងរបស់លោក ពេជ្រ មកពីខេត្តសៀមរាប ដែលលោក ពេជ្រ មានរឿងជាមួយប៉ូលិសចរាចរណ៍។ តោះ...ស្ដាប់លោក ពេជ្រ រៀបរាប់ទាំងអស់គ្នា៖
ជម្រាបសួរ តែសុំលាក់ឈ្មោះខ្ញុំចុះបងប្អូន ព្រោះយករឿងពួកម៉ាកមកនិយាយទេ ខ្ញុំក៏មិនហ៊ានអះអាងថាពិត ឬមិនពិតដែរ ព្រោះផឹកស៊ីជាមួយគ្នាវានិយាយឲ្យស្ដាប់។ អីចឹងបើវាកុហក គឺកុហកតាមគ្នាហើយ...ខិខិខិ។ រឿងនេះ គិតជារឿងអស់សំណើច តែរាងអាក្រក់ស្ដាប់បន្តិច សង្ឃឹមថា បងប្អូនទទួលយកបាន។
តាមពិតរឿងនេះខ្ទង់ ១០ឆ្នាំហើយ ប៉ុន្តែវាទើបតែនិយាយឲ្យស្ដាប់ប្រមាណជា ២-៣ ខែមុន...។ សុំលាក់ឈ្មោះអាសម្លាញ់ដែរ ព្រោះជារឿងអាម៉ាស់របស់វា។ ពួកម៉ាករបស់ខ្ញុំ វាមានផ្ទះជួលនៅម្ដុំខាងលិចផ្សារអូរឬស្សី ហើយតាមធម្មតាចរាចរណ៍ គឺធ្វើជារង្វង់ពីខាងកើតមក ប៉ុន្តែថ្ងៃមួយវាក៏បង្ខំចិត្តទៅបញ្ច្រាស ទើបធ្វើឲ្យកើតរឿងជាមួយប៉ូលិសដែលប្រចាំការនៅទីនោះ។
អាសម្លាញ់ដ៏អភ័ព្វរបស់ខ្ញុំ វាប្រាប់ថា ថ្ងៃមួយវាធ្វើទុក្ខពោះខ្លាំង តាំងពីម្ដុំវិមានឯករាជ្យ។ វាប្រឹងខ្ជឹបចង់ដាច់ខ្យល់ងាប់ ខ្លាចលិចលើម៉ូតូ(រសជាតិបែបនេះ ជឿថានរណាក៏ធ្លាប់ដែរ ហាហា)។ កាលនោះមិនជាមានបង្គន់សាធារណៈអីទេ ផ្សារទំនើបអី ក៏មិនសូវដែរ។ ដូច្នេះហើយ វាសុខចិត្តខាំមាត់សង្កត់ធ្មេញ ជិះពីវិមានឯករាជ្យសំដៅមកដល់ផ្ទះវិញ នៅអូរឬស្សី។
ពេលមកដល់ ដោយសារថា កំសួលជន់ជោរដល់កំពូលទៅហើយ វាបង្ខំចិត្តខុសទម្លាប់ជិះចូលពីខាងកើតវង់មកខាងលិច ពោលគឺវាជិះហួសពីកើតកាត់មុខផ្សារមកខាងលិច ហើយបត់ស្ដាំវិញ បើទោះដឹងថា មានប៉ូលិសចាំនៅទីនោះក៏ដោយ ព្រោះលឿនជាង បើមកតាមដំណើរ ដោយចូលពីខាងកើតមកខ្លាចថា មិនទាន់ ព្រោះអាចកកស្ទះចរាចរណ៍ផង។
គ្រាន់ក្បាលម៉ូតូបត់ចូលបញ្ច្រាសពីខាងលិចផ្សារភ្លាម បងប៉ូលិស ស្ទុះមកវឹងបំណងស្ទាក់ចាប់ផាកពិន័យអាសម្លាញ់ខ្ញុំ...ប៉ុន្តែសម្លាញ់អភ័ព្វអត់ឈប់ទេ(ឈប់យ៉ាងម៉េចបើប្រុងផ្ទុះហើយ) វាបានជិះលឿនគេចប៉ូលិស ហើយស្រែកប្រាប់ប៉ូលិសថា "ឈឺជុះអាចម៍...ៗៗៗ"។ ទំនងប៉ូលិស ស្ដាប់មិនបាន ស្មានតែវាឲ្យ "អាចម៍" គាត់ បានទាញម៉ូតូជិះមកតាមអាសម្លាញ់ខ្ញុំដល់ផ្ទះ។
...មកដល់ផ្ទះល្មម...គឺល្មមគ្រប់រឿង ប៉ូលិសក៏ដល់ល្មម...សំខាន់ អាចម៍ក៏មកដល់ល្មមដូចគ្នា...។
អាសម្លាញ់ខ្ញុំឈរឲ្យវាមកតាមសម្រួល ថែមទាំងសើចហួសចិត្ត... “ហើយពូឯងធ្វើអី...បើប្រាប់ថា ឈឺជុះអាចម៍ៗៗៗ ហើយហ្នឹង...ឃើញទេនែក...(សើច)"។ ពូប៉ូលិស ក៏អស់សំណើច... “អើ...ស្មានតែអាក្អូនឯងឲ្យអាចម៍ពូអ្ហា!!!” ហាហា...ហ្នឹងហើយ អត់ជឿពួកម៉ាកខ្ញុំ...ខិខិខិ!!!
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ "នឹកឡើងហួសចិត្ត" ក៏បាន!!!