Chris Evans បង្ហោះ​សារ​មួយ ហាក់​បង្ហាញ​​តម្រុយ​ពី​អនាគត​រឿង "Avengers 4”

  • 2018-10-05 04:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈកាល​ប៉ុន្មាន​ខែ​មក​ហើយ ក្រោយ​ការ​ចាក់​បញ្ចាំង​រឿងAvengers: Infinity War ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​សាច់រឿង​បន្ទាប់​ពី​រឿង Avengers: Infinity War នៅ​តែ​ជា​ចម្ងល់​សម្រាប់​ទស្សនិកជន​ជា​ច្រើន ថា​ចុង​បញ្ចប់​តួអង្គ​នីមួយ​ៗ​នឹង​ទៅ​ជា​យ៉ាង​ណា។

ការ​បញ្ចប់​នៃ​សាច់រឿង​ដែល​រក្សា​នៅ​អាថ៌កំបាំង បង្ក​ជា​ចម្ងល់​ជា​ច្រើន​សម្រាប់​អ្នក​ទស្សនា​នោះ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ផ្ដោត​សំខាន់​ទៅ​លើ​ជោគវាសនា​រស់​តួអង្គ​សំខាន់ ២ នៅ​ក្នុង​រឿង ក្នុង​នោះ​មាន​តួអង្គ Captain America និង​តួអង្គ Iron Man។ ទស្សនៈ​មួយ​របស់​អ្នក​គាំទ្រ បាន​គិត​ថា តួអង្គ​ម្នាក់​ក្នុង​ចំណោម​តួអង្គ​សំខាន់​ទាំង​២​ខាង​លើ អាច​នឹង​ត្រូវ​បាត់បង់​ជីវិត ដោយ​សារ​តែ​ព្យាយាម​បញ្ឈប់​តួអង្គ​ Thanos។

ជាក់​ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្វី​ៗ​ហាក់​ដូច​បង្ហាញ​ឲ្យ​ដឹង​កាន់​តែ​ច្បាស់ ខណៈ​តារា​សម្ដែង Chris Evans ដែល​គ្រង​តំណែង​ជា​តួអង្គ Captain America នោះ បាន​បង្ហោះ​សារ​មួយ​លើ​គណនី Twitter របស់​លោក ដោយ​ហាក់​ដូច​ជា​បង្ហាញ​ពី​តម្រុយ​ចុង​បញ្ចប់​នៃ​រឿង "Avengers 4”។

ក្នុង​សារ​នោះ​ដែរ តារា​សម្ដែង​រូប​នេះ​បាន​សរសេរ​ថា៖ "ទី​បំផុត​ Avengers 4 ត្រូវ​បាន​ថត​រួចរាល់។ យ៉ាង​ហោច​ណាស់ វា​គឺ​ជា​ថ្ងៃ​ដ៏​រំជួលចិត្ត​មួយ។ ដើរ​តួ​ជា​តួអង្គ​មួយ​នេះ អស់​រយៈពេល ៨ ឆ្នាំ​មក​នេះ ពិត​ជា​មាន​មោទនភាព​ណាស់។ សម្រាប់​គ្រប់គ្នា​ដែល​នៅ​ពី​មុខ​កាមេរ៉ា ក្រោយ​កាមេរ៉ា និង​សម្រាប់​ទស្សនិកជន​ទាំង​អស់ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ចងចាំ​ទាំង​ប៉ុន្មាន។ អរគុណ​ជា​រៀង​រហូត"។

ជាមួយ​នឹង​សារ​បែប​នេះ អ្នក​គាំទ្រ​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​ផង​ដែរ ដោយ​គ្រប់​គ្នា​ជឿជាក់​ថា តួអង្គ Captain America អាច​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​រឿង "Avengers 4” នេះ៕

ប្រភព៖ buzzfeed   ប្រែ​សម្រួល៖ អន សុភក្ត្រា