រៀនចប់ផ្នែកទេសចរណ៍ យុវជនម្នាក់ជម្នះគ្រួសារ ធ្វើជាអ្នកឆុងកាហ្វេ រហូតបានតំណាងខ្មែរទៅប្រកួតលើឆាកអន្តជាតិ

  • 2018-10-07 06:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ចប់​ការ​សិក្សា​ផ្នែក ​ទេសចរណ៍ និង​បដិសណ្ឋាកិច្ច ពី​សាកលវិទ្យាល័យ​ល្បី​មួយ យុវជន​វ័យ ២៣ ឆ្នាំ សន សុផានិត បែរ​ជា​សម្រេច​ចិត្ត​ចាប់​អាជីព​ជា​អ្នក​ឆុង​កាហ្វេ​​ក្នុង​ហាង​លំដាប់​អន្តរជាតិ​មួយ​គឺ Starbucks ទៅវិញ។ ហែល​ឆ្លង​ក្នុង​អាជីព​នេះ​អស់ ២ ឆ្នាំ រហូត​ទទួល​តំណែង​ខ្ពស់ និង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ឆុង​​កាហ្វេ​លើ​ឆាក​អន្តរជាតិ​ក្ដី​ កូន​អ្នក​ភ្នំពេញ​រូប​នេះ​នៅ​តែ​ទទួល​បាន​ការ​ប្រឆាំង​ពី​គ្រួសារ​ចំពោះ​ការងារ​នេះ។ អីចឹង​ តើ​រូប​លោក​ជម្នះ ឧបសគ្គ​ទាំង​នេះ​ដោយ​របៀប​ណា? ហើយ​មាន​ហេតុ​ផល​អ្វី​ខ្លះ​ទើប​រូប​លោក​សម្រេច​តស៊ូ​ជា​មួយ​ការងារ​នេះ?

Sabay៖រយៈ​ពេល​ ២ ឆ្នាំ​ហើយ​ប្អូន​បាន​បម្រើ​ការងារ​នៅ​ទី​នេះ។ អាច​ប្រាប់​បាន​ទេ​ថា​ អ្វី​ទៅ​ដែល​ជំរុញ​ឲ្យ​ប្អូនក្លាយ​ជា​អ្នក​ឆុងកាហ្វេ​នៅ Starbucks?

សុផានិត៖ ដំបូង​ខ្ញុំ​ជា Barista ម្នាក់​នៅ​​ហាង​កាហ្វេ​តូចមួយ ​ដែល​អត់​មាន​យីហោ​ល្បី​អី​ទេ ហើយ​ក៏​​មិន​សូវ​មាន​ចំណេះ​​ដឹង​អ្វី​​ច្រើន​​ទាក់​ទង​នឹង​កាហ្វេ​ដែរ។ ក៏​ប៉ុន្តែ​ដោយ​សារ​ការ​ចង់​​​ចេះ​ដឹង​បន្ថែម អីចឹង​ហើយ​នៅ​ពេល​ដែល​ដឹង​ដំណឹង​ថា Starbucks ឈាន​មក​ទីផ្សារ​ស្រុក​ខ្មែរ​ដំបូង​នោះ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ហើយ​​ក៏​ជាប់​ក្លាយ​ជា​ក្រុម​ការងារ​នៅ​ Starbucks សាខា Aeon ១ តែ​ម្ដង រហូតមក​ដល់​បច្ចុប្បន្ន​នេះ​ ខ្ញុំ​​បាន​ក្លាយ​​ជា​ Assistant Store Manager នៅ​ Starbucks សាខា​ចំបង​បឹង​កេង​កង ដែល​មាន​រយៈពេល​​ ២ ឆ្នាំ​ មក​ហើយ​ គិត​ចាប់​តាំង​ពី​បើក​ដំបូង​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០១៦​ ។

Sabay៖ យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ការងារ​ជា Barista?

សុផានិត៖ ខ្ញុំ​អត់​ដឹង​ថា​អ្នក​ផ្សេង​គិត​យ៉ាង​ម៉េច​ទេ តែ​សម្រាប់​ខ្ញុំ​ ពិត​ជា​ឲ្យ​តម្លៃ​លើ​ការងារ​ហ្នឹង។ Barista មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ជា​អ្នក​ឆុងកាហ្វេ តែ​មិន​មែន​អ្នក​ឆុងកាហ្វេ​ធម្មតា​ទេ គឺ​​​ឆុង​ពោរពេញ​ ដោយការ​យក​ចិត្ត​ទុក​ដាក់​ មាន​ក្បួន​ខ្នាតស្តង់​ដា​ និង​ការ​ហ្វឹកហាត់​ត្រឹមត្រូវ។

Sabay៖ ដំបូង​ឮ​ថា​គ្រួសារ​របស់ សុផានិត មិន​គាំទ្រ​ឲ្យ​​ចាប់​អាជីព​នេះ​ទេ។ តើ​ សុផានិត ធ្វើ​យ៉ាង​ណា​ដើម្បី​ជម្នះ​ចិត្ត​ពួក​គាត់?

សុផានិត៖ កុំ​ថា​ឡើយ​ដំបូងៗ សូម្បី​ឲ្យ​ឥឡូវ​នេះ​ក៏​ពួក​គាត់​មិន​គាំទ្រ ១០០% ដែរ។ ពួក​គាត់​អត់​សប្បាយ​ចិត្ត​​ទេ​ដែល​​​ខ្ញុំ​ធ្វើ​ការ​ជា Barista ដោយ​​គិត​ថា​ខ្ញុំ​​ជា​អ្នក​បម្រើ​សេវា​កម្ម​ រត់​តុ នៅ​ហាង​កាហ្វេ​ ហើយ​ពេល​ដែល​ខ្ញុំ​ជាប់​ជា Coffee Master ដំបូងៗ​គាត់​ជំរុញ​ឲ្យ​ខ្ញុំ​ឈប់​តែ​ម្ដង ព្រោះ​គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​គ្រូ​បង្រៀន​ដូច​បង​ស្រី។ ប៉ុន្តែ​ដោយសារ​ការ​ស្រឡាញ់​ដក់​ចិត្ត​ជ្រៅ​​ជា​មួយ​កាហ្វេ​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឹង​ជម្នះ​ជា​មួយ​ពួក​គាត់​ រហូត​ដល់​ខ្ញុំ​ប្រឹងប្រែង​ជាប់​ជា Starbucks Barista Champion ប្រចាំ​ស្រុក​ខ្មែរ ទើប​គាត់​ចាប់​ផ្ដើម​ផ្ដល់​ភាព​ជឿជាក់ ឲ្យ​តម្លៃ​បាន ៧០% ពេល​ឃើញ​​កូន​ប្រុស​បាន​ឡើង​ឆាក​អន្តរជាតិ និយាយ​​អង់គ្លេស និង​ប្រកួត​ជាមួយ​​​​បរទេស។

Sabay៖ ពេល​នេះ​ប្អូនបាន​ឡើង​តំណែង​មួយ​កម្រិត​ក្លាយ​ជា Coffee Master តើ​ប្អូនអាច​​ប្រាប់​បាន​ទេ ថា​វា​មាន​ភាព​ខុស​ប្លែក​យ៉ាង​ដូច​ម្ដេច​ខ្លះ​ពី Barista?

សុផានិត៖ តាម​ពិត​មិន​ថា​ Barista ឬ​​ Coffee Master ក្តី​​ ពួក​យើង​សុទ្ធ​តែ​​ជា​​​partner (បុគ្គលិក​) ​ដ៏​សំខាន់​ទាំង​អស់​សម្រាប់​ Starbucks គ្រាន់​តែ​តំណែង​ជា​​ Coffee Master ខ្ញុំ​បន្ថែម​ទំនួល​ខុស​ត្រូវ​មួយ​ទៀត គឺ​ពិនិត្យ​មើល​ពី​គុណភាព​កាហ្វេ និង​ចែក​រំលែក​បទពិសោធន៍​ ​កាហ្វេ​ទៅ​កាន់ដៃគូឆុង​កាហ្វេ​ ​(ក្រុមការងារ) និង​អតិថិជន។ បន្ទាប់​ពី​ក្លាយ​ជា Coffee Master យើងកាន់​តែ​​​មាន​ឱកាស​ច្រើនទៀត​​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ក្នុង​ក្រុមហ៊ុន។

Sabay៖ រយៈ​ពេល​ ២ ឆ្នាំ​មក​នេះ សុផានិត បាន​ជួប​បញ្ហា​អ្វី​ខ្លះ? ដោះ​ស្រាយ​វា​ដោយ​របៀបណា? ហើយ​ឃើញ​ថា​ខ្លួន​មាន​ការ​អភិវឌ្ឍ​យ៉ាង​ណា​ខ្លះ?

សុផានិត៖ បើ​និយាយ​ពី​ឧបសគ្គ ដំបូងៗ​ខ្ញុំ​ត្រូវ​ប្រឈម​​ខ្លាំង​មែន​ទែន​ ព្រោះ​​ខ្ញុំ​​មិន​សូវ​មាន​ចំណេះ​ដឹង​អី​ច្រើន​ទាក់ទង​នឹង​កាហ្វេ​ទេ ។ ទាំង​ឯកសារ​ ប្រព័ន្ធ​ការងារ និង​ការ​ហ្វឹកហាត់​សុទ្ធ​តែ​ភាសា​អង់គ្លេស អីចឹង​ទៅ​​​វា​តម្រូវ​ឲ្យ​ខ្ញុំ​ប្រឹង​ស្រាវជ្រាវ និង​បក​ប្រែ​ច្រើន​ទម្រាំ​ចាប់​បាន។ សំណាង​ដែរ! ព្រោះ​កាល​ដែល​សាខា​ Aeon បើក​ដំបូង​គឺ​មាន​ភ្ញៀវ​ច្រើន​មែន​ទែន ដែល​តម្រូវ​ឲ្យ​ពួក​យើង​ម្នាក់ៗ ខំ​ប្រឹងឆុង​កាហ្វេ​យ៉ាង​មមាញឹកជារៀងរាល់​ថ្ងៃ​​។ ពេល​នោះ​ហើយ​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​​រៀន​និង​ អនុវត្ត​បាន​ច្រើន ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជោគជ័យ​ដល់​ថ្ងៃ​ហ្នឹង។ អ្វី​ដែល​ពិបាក​មួយ​ទៀត​នោះ គឺ​ជំនាញ​ផ្នែក​ដឹក​នាំ។ ពី​មុន​មក​យើង​ធ្វើ​ការ​ជា Barista ធម្មតា​ តែ​ពេល​នេះ​ខ្ញុំ​បាន​ចេះ​បន្ថែម​ពី​ជំនាញ ៣ គឺ ការ​ចាត់​ចែង​ការងារ​អោយ​ partner (មិត្ត​រួម​ការងារ​) ចេះ​ដោះស្រាយ​បញ្ហា​ជា​មួយ​អតិថិជន និង​​​​ដឹង​ពី​តិចនិក​ម៉ាឃីតធីង​ ​ដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​លក់​បាន​ច្រើន។

Sabay៖ បើ​ប្រៀបធៀប​ទៅ​នឹង​ហាង​ចាស់ តើ​អ្វី​ទៅ ដែល​ធ្វើ​ឲ្យ​ប្អូន​ជាប់​​ចិត្ត​ចង់​បន្ត​ធ្វើ​ការ​ឲ្យ​​ក្រុមហ៊ុន​ Starbucks?

សុផានិត៖ ជា​អ្នក​ឆុង​កាហ្វេ​ដូចគ្នា! តែ​ធ្វើ​ការ​នៅ​ Starbucks គឺ​គេ​ឲ្យ​តម្លៃ​យើង។ ស្រប​ពេល​ដែល​​ក្រុមហ៊ុន​​ភាគច្រើន​ ហៅ​បុគ្គលិក​ថា​ជា​​ Staff នៅ​ទី​នេះ អ្នក​គ្រប់​គ្នាគឺជា​ Partners ដែល​ភាសា​ខ្មែរ​គឺ​ជា​ដៃគូ​​​សហការ​។ អីចឹង​យើង​ធ្វើ​ការ​គឺ សហការ​គ្នា យើង​ជួយ​គ្នា មាន​អ្នក​ចូល​ថ្មី​ គាត់​មិន​ទាន់​ចេះ ខ្ញុំ​ចែក​រំលែក​ឲ្យ​គាត់ ដើម្បី​ឲ្យ​គាត់​​រីក​ចម្រើន​ដូច​ខ្ញុំ​ដែរ។ និយាយ​រួម​ទៅ​ យើង​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន​ ហើយ​យើង​ចង់​រីក​ចម្រើន​ទាំង​អស់​គ្នា។

Sabay៖ អាច​រៀបរាប់​ពី​កម្មវិធី​ប្រកួត​បែប​អន្តរជាតិ​ដែល សុផានិត ធ្លាប់​ចូល​រួម​ប្រកួត​បាន​ឬ​ទេ?

សុផានិត៖ នៅ Starbucks តែង​មាន​រៀប​ចំ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Barista Championship ដែល​តម្រូវ​ឲ្យ Coffee Master មក​ពី​ប្រទេស​នីមួយៗ​ ​បង្ហាញ​​ពី​​ចំណេះ​ដឹងកាហ្វេ​ និងជំនាញ​របស់​ខ្លួន​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ ។ បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​ជម្រុះ​ប្រចាំ​ប្រទេស​​ហើយ​ ​ខ្ញុំ​បាន​ជាប់​ជា​ជ័យលាភី​​​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេសកាល​ពី​ថ្ងៃ ២៨-២៩ សីហា ២០១៨ នេះ​ ជា​មួយ​ជ័យលាភី​តំណាង​គ្រប់​ប្រទេស​ពី​អាស៊ី​ប៉ាស៊ីហ្វិច​ផង​ដែរ​។

Sabay៖ តើ​ប្អូន​រៀន​បាន​អ្វី​ខ្លះ​ពី​ការ​ប្រកួត​នោះ?

សុផានិត៖ បាន​ច្រើន​មែន​ទែន! ទោះ​បី​ជា​មិន​បាន​ជាប់​ជាជ័យលាភី​លេខ​១ដល់​លេខ​៣​មែន​ ប៉ុន្តែ​យ៉ាង​ណា​​​ក៏​ខ្ញុំ​​បាន​ជាប់​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ អ្វី​ដែល​ខ្ញុំ​រៀន​បាន​​មិន​មែន​ត្រឹម​តែ​ការ​ប្រកួត​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូល​រួម​សិក្ខាសាលា​​ជា​ច្រើន​អំពី​ការ​ដាំដុះ​កាហ្វេ និង​តម្លៃ​ក្នុង​គ្រាប់​និមួយៗ​ដែល​បាន​មក​ពី​ញើស​ឈាម​កសិករ​។ មួយ​ទៀត គឺ​ខ្ញុំ​បាន​ត្រលប់​មក​វិញ​ជាមួយ​​តិកនិក​នៃ​ការ​ត្រៀម​ខ្លួន​របស់​​គូ​​ប្រកួត​ ​និង​​បទពិសោធន៍ជាច្រើន​ទៀត​សម្រាប់​អោយ​ដៃ​គូ​យើង​បាន​ដឹង​ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ឆ្នាំ​ក្រោយ​។ ​អ្វី​ដែល​ពិសេស​គឺ​ខ្ញុំ​បាន​បង្ហាញ​ថា​​ខ្មែរ​យើង​ក៏​មាន​អ្នក​មាន​​ឆន្ទៈ​ (Passion) ចំពោះ​​កាហ្វេ និង​សមត្ថភាព​អាច​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ចេះ​និយាយ​ភាសា​បរទេស​បាន​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ​។

Sabay៖ តើ​​ប្អូន​មាន​គម្រោង​យ៉ាង​ណា​ទៀត​ទៅ​ថ្ងៃ​អនាគត?

សុផានិត៖ ជីវិត​ខ្ញុំ​វា​ជ្រៅ​ជា​មួយ​កាហ្វេ​ហើយ (សើច) ពិបាក​ដក​ខ្លួន​បន្តិច! ខ្ញុំ​ចង់​ក្លាយ​ជា​ Coffee Ambassador ប្រចាំ Starbucks ដែល​​ជា​មនុស្ស​ ដែល​ទទួល​ខុស​ត្រូវ​លើ Coffee Leadership ដែល​ចែក​រំលែក​ទៅ​កាន់ Coffee Master និង Partner ក្រោយៗ។ ដើម្បី​សម្រេច​បំណង​ដ៏​ធំ​មួយ​នេះ​ ខ្ញុំ​នឹង​ខំ​អភិវឌ្ឍ​ខ្លួន​ឯង​អោយ​​ក្លាយ​ទៅ​ជា L&D (Leadership and Development) សិន​ ដោយ​សារ​តែ​ខ្ញុំ​ចូល​ចិត្ត​បង្រៀន និង​ចែក​រំលែក​ដែរ ហើយ​វា​ក៏​​ត្រូវ​នឹង​​អ្វី​ដែល​ម៉ាក់​ចង់​អោយ​ខ្ញុំ​ធ្វើ​កន្លង​មក គឺ​គ្រូ​បង្រៀន៕

អត្ថបទ៖ សុខណា