លែងដូចមុនហើយ! ផ្សារលើខេត្តព្រះសីហនុ ធ្លាប់តែមានភ្ញៀវខ្មែរណែនៗថ្ងៃភ្ជុំ ឥឡូវស្ងាត់ជ្រងំ

  • 2018-10-11 02:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​លើ​ក្នុង​ខេត្ត​ព្រះសីហនុ ល្បីល្បាញ​លក់​អាហារ​សមុទ្រ និង​គ្រឿង​សមុទ្រ​ស្រស់​ៗ ធ្លាប់​តែ​មាន​ភ្ញៀវ​ទេសចរ​ខ្មែរ និង​បរទេស​ណែន​ៗ​ពេញ​ផ្សារ​ឥឡូវ​ប្រែ​ស្ងាត់​ឈឹង ខុស​ស្រលះ​កាល​ពី​រាល់​ឆ្នាំ។

រូបភាព៖ Sopheak Jenny

អ្នក​ស្រី ម៉ាលី ជា​អាជីវករ​ខេត្ត​ព្រះសីហនុ លក់​គ្រឿង​សមុទ្រ​១០​ឆ្នាំ​មក​ហើយ​ក្នុង​ផ្សារ​លើ ប្រាប់ Sabay ថា​នេះ​ជា​ឆ្នាំ​ទី១​ហើយ ដែល​អ្នក​ស្រី​ឃើញ​ផ្សារ​ស្ងាត់​ជ្រងំ ជា​ពិសេស​ភ្ញៀវ​ខ្មែរ តែង​តែ​ចូល​ទិញ​គ្រឿង​សមុទ្រ មុន​ទៅ​លែង​ឆ្នេរ ឥឡូវ​ប្រែ​ជា​ស្ងាត់​លក់​លែង​ដាច់។ អាជីវករ​រូប​នេះ​បន្ត​ថា រាល់​ឆ្នាំ​អ្នក​ស្រី​លក់​គ្រឿង​សមុទ្រ​អស់​មិន​ក្រោម​រយ​គីឡូ​ឡើយ សឹង​តែ​រក​មក​ផ្គត់ផ្គង់​មិន​គ្រប់ មាន​ភ្ញៀវ​ខ្លះ​ថែម​ទាំង​កក់​ទុក​មុន តែ​ឆ្នាំ​នេះ​អ្នក​កក់​ក៏​គ្មាន អ្នក​ទៅ​ទិញ​ផ្ទាល់​ក៏​គ្មាន។

រូបភាព៖ Sopheak Jenny

អ្នកស្រី​ម៉ាលី បន្ត​ថា មូល​ហេតុ​ស្ងាត់​ឈឹង​ដូច​នេះ ប្រហែល​មក​ពី​ការ​ទទួល​បាន​ព័ត៌មាន​ពី​ភាព​អសកម្ម និង​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ផ្លាស់​គោលដៅ ទៅ​កាន់​ខេត្ត​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា។

ជាមួួយ​គ្នា​នេះ​ដែរ តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ដើម​អំពិល បាន​ឲ្យ​ដឹង​ថា នៅតាមឆ្នេរសមុទ្រ នៅក្នុងរដូវភ្ជុំបិណ្ឌប៉ុន្មានថ្ងៃមកនេះ មានភាពស្ងប់ស្ងាត់ ពុំសូវមានអ្នកទៅកម្សាន្ត នៅតាមឆ្នេរនោះទេ ខណៈទូកទេសចរណ៍ ក៏ពុំមានអ្នកជួលជិះលេងកម្សាន្តផងដែរ ដែលនេះជាលើកទី១ហើយ ដែលមានលក្ខណៈស្ងាត់ ផ្ទុយពីពេលកន្លងទៅ ឲ្យតែមានបុណ្យជាតិ តែងតែមានមនុស្សមកកម្សាន្តច្រើន ដោយតាមការសង្ខេតឃើញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកទេសចរក្នុងស្រុក នាំគ្នាបង្វែល ទៅលេងនៅតាមរមណីយដ្ឋាននានា នៅតំបន់ផ្សេងៗ ដោយសារកន្លងទៅ ទីរួមខេត្តព្រះសីហនុផ្ទាល់ មួយរយៈចុងក្រោយនេះ បានបាត់បង់ នូវហេដ្ឋារចនាសម្ព័ន និងបញ្ហាផ្សេងៗជាច្រើន។

រូបភាព៖ Sopheak Jenny

​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​៣ថ្ងៃ ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៨​ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មាន​​ចំនួន​សរុប​ប្រមាណ​ជិត ៨ម៉ឺននាក់ (៧៩៥៨៧) ថយចុះ ១៣,៤៩%។

រូបភាព៖ Sopheak Jenny

នៅ​ថ្ងៃ​ទី០១ នៃ​ឱកាស​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ១៨០០០នាក់ (០៨ តុលា​) ។ ​ចំណែក​នៅ​ថ្ងៃ​ទី០២ មាន​ភ្ញៀវទេសចរ​ប្រមាណ ៣៥០០០នាក់ (០៩ តុលា)។ រីឯ​ថ្ងៃ​ទី០៣ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ២៦៥០០​នាក់ (១០ តុលា)។ របាយការណ៍​ដដែល​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៧៣១៧៧​នាក់ ថយ​ចុះ ១៦,២៧%។ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៦៤១០នាក់ កើន​ឡើង​ ៣៩,៣៤%​៕

​​

អត្ថបទ៖ វឌ្ឍនៈ