ផ្ដាំទៅអ្នកចូលចិត្តរកស៊ីចងការប្រាក់ផង! ហានិភ័យ៤យ៉ាង ដូចយកលុយទៅឲ្យគេចាយទទេៗ

  • 2018-10-18 02:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រកស៊ី​ចង​ការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ បាន​ក្លាយ​ជា​មុខរបរ ដ៏​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។ ភាគច្រើន​នៃ​អ្នក​ដែល​រកស៊ី​ចង​ការ​ប្រាក់​គឺ​មក​ពី​ចង់​ចំណេញ​អត្រា​ការប្រាក់ ប៉ុន្តែ​ការ​រកស៊ី​បែប​នេះ​ប្រជាពលរដ្ឋ​គិត​តែ​រឿង​ចំណេញ​ មិន​បាន​គិត​ដល់​ហានិភ័យ​ដែល​កើត​ឡើង​បាន​គ្រប់​ពេល​នោះ​ទេ។ តើ​ការ​រក​ស៊ី​ចង​ការ​ប្រាក់​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​អ្វី​ខ្លះ? ថ្លែង​មក​កាន់​ Sabay លោក​សាស្ត្រាចារ្យ​សេដ្ឋ​កិច្ច ម៉ម វីរៈរ័ត្ន បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​បាន​ប្រាប់​នូវ​ហានិភ័យ​មិន​នឹក​ស្មាន​ដល់​ដូច​ខាង​ក្រោម៖

១. ប្រឈមការ​បាត់​បង់​លុយ​

ជា​ទូទៅ​នៅ​ត្រង់​ចំណុច​នេះ​ អ្នក​ណា​ក៏​អាច​ដឹង​ពី​បញ្ហា​នេះ​ដែរ គឺ​ឱ្យ​លុយ​គេ​ខ្ចី​ហើយ​ខ្លាច​គេ​មិន​សង​។ នេះ​គឺ​ជា​ហានិភ័យ​​​ងាយ​នឹង​ជួប​ប្រទះ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​​រកស៊ី​ចង​ការ​ប្រាក់ នៅ​​​​​​​​​​​​​ពេល​ដែល​កូន​បំណុល​មិន​សង​គឺ​ពិបាក​រក​ប្រព័ន្ធ​ច្បាប់​ក្នុង​ការ​ដោះ​ស្រាយ​បំផុត។ មានន័យ​ថា​​ការ​ផ្ដល់​កម្ចី​នេះ​មិន​មែន​ស្ថិត​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ ឬ​ប្រព័ន្ធ​ធនាគារ​ឡើយ គ្មាន​អាជ្ញាធរ​ដឹង​ឮ មិន​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រព័ន្ធ​ច្បាប់​នៃ​ការ​ផ្ដល់​កម្ចី​ក្នុង​វិស័យ​ធនាគារ។ ដូចនេះ​ទោះ​បី​ម្ចាស់​បំណុល​ ចង់​ទាមទារ​លុយ​ទាំង​នោះ​មក​វិញ​គឺ​នឹង​ប្រឈម​មុខ​ហានិភ័យ ប្រសិន​បើ​កូន​បំណុល​នោះ​មិន​សង​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​សេដ្ឋកិច្ច ម៉ម វីរៈរ័ត្ន។

២. បាត់​បង់​ឱកាស​នៃ​ការ​ប្រើ​លុយ

នៅ​ក្នុង​ទ្រឹស្ដី​សេដ្ឋកិច្ច​នៅ​ត្រង់​ចំណុច​នេះ​ចង់​សំដៅ​ថា​ អ្នក​ដែល​ចូលចិត្ត​យក​លុយ​ទៅ​ចង​ការ​ប្រាក់​នឹង​បាត់បង់​ថ្លៃ​ឱកាស​នៃ​ការ​ប្រើប្រាស់​លុយ។ មាន​ន័យ​ថា ​ប្រសិន​បើ​មាន​ឱកាស​ល្អ​ណា​មួយ​កើត​ឡើង ហើយ​ចាំ​បាច់​ត្រូវ​មាន​លុយ​នោះ​ដើម្បី​ប្រើការ ដូចជា​ការ​រក​ស៊ី ឬ​ត្រូវ​ការ​លុយ​ជា​បន្ទាន់​​ក្នុង​ករណី​ណា​មួយ​ នោះ​នឹង​ត្រូវ​បាត់​បង់​ឱកាស​ក្នុង​ការ​ប្រើ​លុយ​របស់​ខ្លួន​ឯង ដោយសារ​ត្រូវ​កប់​ចោល​ក្នុង​ដៃ​កូន​បំណុល​។ ដូចនេះ​ថ្វី​បើ យក​លុយ​ឱ្យ​គេ​ខ្ចី​ដើម្បី​ចំណេញ​អត្រា​ការប្រាក់ ប៉ុន្តែ​នឹង​ត្រូវ​ខកខាន​ឱកាស​ល្អ​ណា​មួយ​ក្នុង​ការ​ប្រើ​លុយ​នោះ​ឱ្យ​មាន​ប្រយោជន៍​។

៣. ហានិភ័យ​អត្រា​ការ​ប្រាក់

តាម​ការ​ឱ្យ​ដឹង​ពី​ លោក​សាស្ត្រាចារ្យ​សេដ្ឋកិច្ច ម៉ម វីរៈរ័ត្ន ហានិភ័យ​អត្រា​ការប្រាក់​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អតិផរណា (ទំនិញ​ឡើង​ថ្លៃ) មានន័យ​ថា​នៅ​ពេល​ដែល​កូន​បំណុល​សង​លុយ​ទាំង​នោះ​មក​វិញ​ចំ​ពេល​សេដ្ឋកិច្ច​កំពុង​រីកចម្រើន នោះ​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ហានិភ័យ​នេះ​។ ចំណុច​នេះ​ចង់​សំដៅ​ថា ប្រសិន​បើ​អ្នក​យក​លុយ​​ឲ្យ​​គេ​ខ្ចី​ចំនួន​១​លាន​រៀល​ជា​ពេល​ដែល​លុយ​នៅ​ថ្លៃ ពេល​នោះ​អ្នក​អាច​យក​លុយ​១លាន​រៀល​ទៅ​ទិញ​ម៉ូតូ​បាន​មួយ​គ្រឿង។ ប៉ុន្តែ​បើ​កូន​បំណុល​សង​លុយ​នៅ​ពេល​សេដ្ឋកិច្ច​រីកចម្រើន(អតិផរណា ទំនិញ​ឡើង​ថ្លៃ) ​១លាន​រៀល​ពី​មុន​មិន​អាច​ទិញ​ម៉ូតូ​បាន​មួយ​គ្រឿង​ឡើយ​។ ដូច​នេះ​អ្នក​ហាក់​បី​ដូចជា​ខាត​លុយ សឹង​តែ​ពាក់​កណ្ដាល​ទៅ​ហើយ​។

៤. ហានិភ័យ​អត្រា​ប្ដូរ​ប្រាក់​​​​

ហានិភ័យ​នៅ​ត្រង់​ចំណុច​នេះ​មានន័យថា ប្រសិន​បើ​ពេល​ដែល​ឱ្យ​លុយ​កូន​បំណុល​ខ្ចី ​ជា​លុយ​ដុល្លារ​ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ប្ដូរ​លុយ​ដុល្លារ​ទាំង​នោះ​មក​ជា​លុយ​រៀល​វិញ នោះ​ហានិភ័យ​នៃ​ការ​ខាត​បង់​អត្រា​ការប្រាក់ ប្ដូរ​ដុល្លារ​មក​ជា​លុយ​រៀល​នឹង​ត្រូវ​ជួប​ប្រទះ​។ ត្រូវ​ដឹង​ថា​ការ​កើន​ឡើង​ ឬ​ថយ​ចុះ​នៃ​អត្រា​ប្ដូរ​លុយ​ដុល្លារ ទៅ​ជា​លុយ​រៀល និង​ពី​លុយ​រៀល​ទៅ​ជា​ដុល្លារ តែង​មាន​ការ​ប្រែប្រួល​មិន​ទៀង​ទាត់ អាស្រ័យ​កត្តា​សេដ្ឋកិច្ច​។ ដូចនេះ​ទោះ​បី​ជា​ឱ្យ​គេ​ខ្ចី​លុយ​ជា​ដុល្លារ​ក្ដី ជា​លុយ​រៀល​ក្ដី​គឺ​ត្រូវ​ប្រឈម​មុខ​ទាំង​ពីរ​​​នៃ​ការ​ខាត​បង់​អត្រា​ប្ដូរ​ប្រាក់​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី