ទៅរៀនតិកណូ​ទាំង​ខ្សោយ​គណិតនិងរូប កាំង ហួរ តស៊ូរៀនមិនធ្លាក់ អាច​រៀនដល់​បារាំង រហូត​បាន​ធ្វើការនៅជប៉ុន

  • 2018-10-19 03:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ស្រលាញ់ការសរសេរកម្មវិធី កាំង ហួរ បានសម្រេចសិក្សាផ្នែកព័ត៌មានវិទ្យា នៅដេប៉ាតឺម៉ង់ ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង (DICE) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ក្រោយ​បានចូលសិក្សានៅ ITC ថ្នាក់មូលដ្ឋានពីរឆ្នាំ យុវជន​ដឹង​ថា ខ្លួនជាសិស្សខ្សោយ​គណិតវិទ្យា និងរូបវិទ្យា ប៉ុន្តែសំណាងល្អ រៀនមិនដែល​ធ្លាក់។ ចូលឆ្នាំទី៣, ៤ និង ៥ យុវជន បានចាប់ជំនាញ។ កំឡុងពេលសិក្សាជំនាញ អ្នកភ្នំពេញរូបនេះ បានក្លាយខ្ញួនពីសិស្សខ្សោយមកជាសិស្សគ្រាន់បើ ហើយ​ទទួលបាន​អាហារូបករណ៍ សិស្សឆ្នើម SUMITOMO របស់ជប៉ុននៅ​ឆ្នាំ ២០១២។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិស្វករនៅ ITC កាំង ហួរ បានទទួលអាហារូបករណ៍តាមរយៈ ITC និងស្ថានទូតបារាំងក្នុង​ឆ្នាំ ២០១៤ ទៅបន្តការសិក្សាផ្នែក “បញ្ញាសិប្បនិម្មិត និងវិបសាយ ឬ Artificial Intelligent and the Web" នៅសាកលវិទ្យាល័យ Joseph Fourier ប្រទេសបារាំងរយៈពេលជិតមួយឆ្នាំ ពោលអំឡុងឆ្នាំ ២០១៣-២០១៤។

បន្ទាប់ពីនេះ កាំង ហួរ បានទៅធ្វើការនៅជប៉ុនក្នុងឆ្នាំ ២០១៨ រហូតបច្ចុប្បន្ន។ ការណ៍​បានទៅសិក្សានៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ីមួយនេះ កូនអ្នកលក់គ្រឿងសម្អាង ពុំមានរបៀបឬដំណាក់កាលអ្វីឡើយ ដោយ​គ្រាន់តែឱកាសដែលលោក ទទួលបានកំឡុងពេលបម្រើការក្នុងវិស័យស្រាវជ្រាវ និងវិស័យអប់រំប៉ុណ្ណោះ។

ដំបូងឡើយយុវជនវ័យ២៨ឆ្នាំ បានបម្រើការងារនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាអ្នកស្រាវជ្រាវ លើដំណើរការភាសាក្នុងប្រព័ន្ធកុំព្យូទ័រ (NLP - Natural Language Processing) និងជាគ្រូបង្រៀន ផ្នែកព័ត៌មានវិទ្យា ហើយទន្ទឹមនឹងនោះគឺអំឡុងឆ្នាំ ២០១៧-២០១៨ ហួរ ក៏ជាគ្រូបង្រៀនក្រៅម៉ោង នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ផងដែរ។

ក្រោយមកយុវជនច្បងក្នុងចំណោមបងប្អូន៣នាក់ ក៏ទទួលបានឱកាសធ្វើកម្មសិក្សានៅប្រទេសជប៉ុន ផ្នែក NLP រយៈពេល១ឆ្នាំ។ កម្មសិក្សានេះ ក្រោមកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័ននៅជប៉ុន(NICT) និង NIPTICT ដែលមានការបញ្ជូនអ្នកស្រាវជ្រា វទៅធ្វើកម្មសិក្សានៅជប៉ុន។

ក្រោយបញ្ចប់កម្មសិក្សានៅជប៉ុន ហួរ ក៏ទទួលបានឱកាសថ្មីសន្លាងមួយទៀត គឺធ្វើការជាអ្នកស្រាវជ្រាវបច្ចេកទេស នៅស្ថាប័នជប៉ុននេះ។ ប៉ុន្តែលោកបានត្រលប់ទៅ NIPTICT បម្រើការជិត១ឆ្នាំ មុនមកធ្វើការនៅជប៉ុននៅឆ្នាំ២០១៨ រហូតមកទល់ពេលនេះ។

អ្វីដែលធ្វើអោយ កាំង ហួរ ប្រែប្រួលពីសិស្សមិនសូវពូកែ មកជារៀនពូកែវិញ? កាំង ហួរ បញ្ជាក់ខ្លីថា៖“កត្តាដែលធ្វើអោយខ្ញុំរៀនបានល្អជាងមុនដោយសារ ការចូលចិត្តរៀនផ្នែកហ្នឹង។ ពេលដែលយើងចូលចិត្តអ្វីមួយ យើងនឹងខំប្រឹងធ្វើវា”។

តើស្ថាប័នរដ្ឋជប៉ុនមួយនេះ ផ្ដល់លក្ខខណ្ឌការងារយ៉ាងដូចម្ដេច? ចំពោះកន្លែងធ្វើការ កាំង ហួរ ទទួលបានលក្ខខណ្ឌការងារមានលក្ខណៈស្តង់ដា (ជប៉ុន) និងមានផាសុខភាព ហើយនៅទីនោះប្រជុំដោយអ្នកស្រាវជ្រាវមានបទពិសោធន៍។ កាំង ហួរ តែងតែទទួលបានចំណេះដឹងថ្មីៗ រាល់ពេលពិភាក្សា ឬ សួរទៅកាន់ពួកគេ។

ពេលសួរចំណាប់អារម្មណ៍ លើជំនាញផ្នែកព័ត៌មានវិទ្យា យុវជនវ័យក្មេងប្រាប់ថា បច្ចុប្បន្ន ព័ត៌មានវិទ្យា បានក្លាយជាមុខវិទ្យាដ៏ពេញនិយមបំផុតទូទាំងសកលលោក ព្រោះស្ទើរតែគ្រប់វិស័យ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការងារ និង ដោះស្រាយបញ្ហាជាច្រើន។ មូលហេតុដែលគួរជ្រើសរៀនផ្នែកព័ត៌មានវិទ្យាមានច្រើន តែលោកលើកតែ ២ ចំណុចសំខាន់ៗប៉ុណ្ណោះ។

  • ទីផ្សារការងារ

ដោយសារទំហំបម្រើបម្រាស់នៃបច្ចេកវិទ្យាព័ត៌មានធំ ស្វែងរកការងារគឺងាយស្រួល បើទោះនៅក្នុងស្រុក ឬ ក្រៅស្រុកក៏ដោយ។ ចំពោះប្រាក់ខែ យុវជនជឿថា បច្ចុប្បន្ន មិនចាញ់អ្នកធ្វើការងារផ្នែកដទៃឡើយ។

  • ការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន

ចំពោះអ្នកដែលចូលចិត្តការបង្កើតថ្មី រៀន ឬ ធ្វើការងារ ផ្នែកនេះជាចំណុចចាប់ផ្ដើមល្អបំផុត ព្រោះទំហំដែលបច្ចេកវិទ្យាព័ត៌មានអាចវិវឌ្ឍបាន គឺគ្មានដែនកំណត់ទេ។ មានចំណេះដឹងថ្មីៗជាច្រើន ដែលយើងអាចយកមករៀន ហើយ យកមកឆ្នៃ ឬ បង្កើតជា អ្វីផ្សេងហើយថ្មីបាន។ កាំង ហួរ បន្តថា លោករៀននិងធ្វើការងារផ្នែកនេះជាង ៧ ឆ្នាំហើយ តែអ្វីដែលលោកចេះ គ្រាន់តែជាផ្នែកមួយតូចនៃវិស័យនេះតែប៉ុណ្ណោះ។ សព្វថ្ងៃលោកនៅតែរៀនពីបច្ចេកវិទ្យាថ្មីៗ ដើម្បីមានគំនិតថ្មី ទៅធ្វើអ្វីដែលថ្មី។

អតីតសិស្សវិទ្យាល័យវត្តកោះ បានអោយដឹងថា រៀនជំនាញព័ត៌មានវិទ្យា មិនតម្រូវឲ្យឆ្លាត ទើបរៀនពូកែឡើយ។ ឲ្យតែខំប្រឹងរៀន នរណាក៏អាចរៀនពូកែដែរ។ ចំណុចដែលយុវជនគិតថាគួរពង្រឹងមាន៣ចំណុច​ដូចជា៖

  • រៀនអាន៖ ការអានពិតជាសំខាន់ណាស់សំរាប់វិស័យនេះ ដើម្បីអាចទទួល និង ស្វែងរកព័ត៌មានដោយខ្លួនឯង។ ភាសាអង់គ្លេស ជាអ្វីដែលត្រូវពង្រឹង ព្រោះឯកសារទូទៅសុទ្ធតែភាសាអង់គ្លេស។

  • រៀនយល់៖ កំឡុងពេលរៀននៅថ្នាក់ជំនាញ ព្យាយាមយល់គ្រប់មុខវិទ្យាតាមដែលអាចធ្វើបាន ព្រោះមុខវិជ្ជាទាំងនេះជាគ្រិះដើម្បីរៀនរបស់ថ្មី។ ព្យាយាមយល់មុខវិជ្ជាដែលពិបាក ព្រោះវាជាការដុះខាត់មួយដែលសំខាន់ ដើម្បីអភិវឌ្ឍសមត្ថភាពនៃការយល់អ្វីដែលពិបាក និង ស្មុគស្មាញ ដែលនឹងអនុញ្ញាតឲ្យយើងរៀន ធ្វើអ្វីផ្សេងទៀតបានលឿន និងល្អជាងមុន។

  • អនុវត្ត៖ ត្រូវអនុវត្តឲ្យបានច្រើន ព្រោះពេលអនុវត្តទើបយើងអាចយល់បានច្បាស់ និងស៊ីជម្រូវ។

យុវជនវ័យ​២៨ឆ្នាំ​ កាំង ហួរ បន្តថា ទោះរៀន ឬ ធ្វើការងារផ្នែកណាក៏ដោយ គួរជ្រើសធ្វើនូវអ្វីដែលអ្នកចូលចិត្ត ។ ពេលធ្វើអ្វីក៏ដោយ ត្រូវឲ្យតម្លៃនូវអ្វីដែលអ្នកកំពុងធ្វើ រួចធ្វើឲ្យអស់ពីសមត្ថភាព៕

អានអត្ថបទផ្សេងទៀត

អត្ថបទ៖ អ៊ុំ សុភក្តិ