មួន ឆៃលី ពី​អ្នក​សរសេរកូដ​ធម្មតា​មួយ​រូប ក្លាយ​ជា​ជើង​ខ្លាំង​កូដ​ដ៏​ចំណាន!

  • 2018-10-17 07:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ការ​ស្រលាញ់​និង​ចូលចិត្ត​ផ្នែក​វិទ្យាសាស្រ្ត យុវជន​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម មួន ឆៃលី បាន​ចាប់​ផ្តើម​បើក​ទំព័រ​ជីវិត​ជាមួយ​កុំព្យូទ័រ មួយ​ថ្ងៃៗ​នៅ​តែ​មុខ​អេក្រង់ សំឡឹង​មើល​មួយ​តួ​អក្សរ​ម្ដង​នៃ​ដំណើរការ​កូដ ក្រែង​មាន​ខុស​រហូត​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា ​អ្នក​ជំនាញ​សរសេរ​កូដ​ដ៏​ចំណាន​​ម្នាក់។

មួន ឆៃលី កំពុងពន្យល់សមាជិកក្រុម

សព្វ​ថ្ងៃ​លោក ឆៃលី ជា​ប្រធាន​​ផ្នែក Software developers ដែល​មាន​សមាជិក​ប្រមាណ​ជា ១០ នាក់​ក្នុង​ក្រុម។ សមាជិក​របស់លោក សុទ្ធ​តែ​ជា​អ្នក​មាន​ទេពកោសល្យ​ផ្នែក​​ដោះ​ស្រាយ​បញ្ហា​ Software និង​ការ​សរសេរ​កូដ (ដែល​មាន​ទាំង​ផ្នែក Front-end ផ្នែក back-end, អ្នកអភិវឌ្ឍន៍កម្មវិធី​​ទូរសព្ទ(mobile developer) និង​អ្នក​វិភាគ​ទិន្នន័យ (data analyst)។

តួនាទី​គោល​របស់​លោក​គឺ ត្រូវ​ត្រួត​ពិនិត្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ក្រុម រៀបចំ​​និង​គ្រប់​គ្រង​ការងារ​គម្រោង​នៃ Project ណា​មួយ បង្កើត​និង​រៀបចំ​រចនា​ប្រព័ន្ធ​វិបសាយ( Web system architecture) គ្រប់​គ្រង​លើ​ការ​វិភាគ​ទិន្នន័យ និយាយ​រួម​គឺ គាំទ្រ(support) និង​ថែទាំ​(maintaining)គ្រប់​ផលិតផល​ដែល​ក្រុម​ត្រូវ​ទទួល​បន្ទុក។

ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី មិន​ត្រឹម​តែ​ជា​អ្នក​បង្កើត​កម្មវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អ្នក​ទទួល​បន្ទុក​តេស្ត​សាក​ល្បង ធ្វើ​យ៉ាង​ត្រូវ​ប្រាកដ​ថា កម្មវិធី​ចេញ​ទៅ​ ដោយ​គ្មាន​បញ្ហា​លើ​ការ​ប្រើប្រាស់ ងាយ​មើល​មាន​ភាព​ទាក់​ទាញ មាន​ទំហំ​តូច ងាយ​ប្រើទាំង​អ្នក​ទាំង​ក្នុង​ក្រុង និង​ជនបទ។

មួន ឆៃលី កំពុងពិនិត្យមើលការងារសមាជិកក្រុម

ជំនាញ​នេះ អាច​ថា ជំនាញ​មួយ​ដែល​ទាម​ទារ​ការ​តាំង​ចិត្ត​ខ្ពស់ ហើយ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង។ ដើម្បី​អាច​ក្លាយ​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី អ្នក​ត្រូវ​ក្រេប​យក​ចំណេះ​ដឹង​ពី​សាលា ឬ​ចូល​រួម​ក្នុង​វគ្គ​ពិសេសៗ​ទាក់​ទង​នឹង​ការ​សរសេរ​កូដ មិន​ថា​ទាំង​សិក្ខា​សិលា​តូច ឬ​ធំ​ក្តី។ ម្យ៉ាង​ទៀត អ្នក​អាច​ចុះ​ឈ្មោះ​រៀន​ដោយ​ខ្លួន​ឯង​បាន​តាម​រយៈ​អនឡាញ ដែល​មាន​ពេញ​អ៊ីនធើណិត វគ្គ​ខ្លះ​ក៏​មិន​គិត​ថ្លៃ វគ្គ​ខ្លះ​ក៏​គិត​ថ្លៃ។

​ប្រសិន​បើ​អ្នក​ជា​និស្សិត​នៅ​​សាកលវិទ្យាល័យ​ដែល​កំពុង​សិក្សា​ជំនាញ IT ឬ​វិទ្យាសាស្រ្ត​កុំព្យូទ័រ អ្នក​គួរ​អនុវត្ត​សរសេរ​កូដ ឬ​ដោះ​ស្រាយ​បញ្ហា​កូដ​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ ជាង​នេះ​ទៀត ​អ្នក​គួរ​ស្វែង​រក​ការងារ​ដែល​ទាក់​ទង​នឹង​ជំនាញ​នេះ។

យុវជន​ឆៃលី បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិតជំនាញ​ផ្នែក Software System Engineering មក​ពី​សាកលវិទ្យាល័យ​ល្បី​មួយ​នៅ​​ប្រទេស​ថៃ​គឺ King Mongkut's University of Technology North Bangkok តាម​រយៈ​បទ​ពិសោធន៍​ក្នុង​តំណែង​តាំង​ពី​បុគ្គលិក​ធម្មតា រហូត​ក្លាយ​ជា​អ្នក​ជំនាញ​កំពុង​បម្រើការ​នៅ Sabay ដែល​ក្រុមហ៊ុន​ឌីជីថល​​ដ៏​ធំ​ និង​ឈាន​មុខ​គេ​នៅ​កម្ពុជា លោក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ក្រុម​តែង​មាន​វគ្គ​ចែក​រំលែក​ចំណេះ​ដឹង​គ្នា​ទៅវិញ​ទៅ​មក ​យ៉ាង​តិច​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ឲ្យ​មាន​ស្មារតីក្រុម​និង​ធ្វើឲ្យ​ស្ថាប័ន​ទាំង​មូល​មាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់។

យុវជន​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា លោក​បាន​ចូល​ធ្វើការ​ជាង ៣ ឆ្នាំ​ហើយ​នៅក្រុមហ៊ុន Sabay ដោយ​ចាប់​ផ្តើម​ដំបូង​ត្រឹម​តែ​ជា​អ្នក​សរសេរកូដ​ធម្មតា​មួយ​រូប រហូត​ក្លាយ​ជា​ប្រធាន​ផ្នែក Software developer ដ៏​សំខាន់​ម្នាក់​ក្នុង​ស្ថាប័ន។ *​ធ្វើ​ការ​នៅ​ទីនេះ មិន​ត្រឹម​តែ​ធ្វើ​ការ​ដើម្បី​តែ​ក្រុមហ៊ុន និង​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ គឺ​ក្រុមហ៊ុន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់ ហើយ​​មិត្ត​រួម​ការងារ​ក៏​ស្ដាប់​មតិ​យោបល់​គ្នា​ទៅវិញ​ទៅ​មក អ្នក​រាល់​គ្នា​មាន​ឧកាស​អាច​បញ្ចេញ​សមត្ថភាព​បាន​ពេញ​លេញ និង​មាន​ឧកាស​រៀន​សូត្រ​អ្វី​ដែល​ថ្មីៗ​បន្ថែម​ទៀត។

ចំពោះ​ការ​យល់​ឃើញ​របស់​យុវជន​មាន​ទេពកោសល្យ​រូបនេះ បាន​បង្ហើប​ថា ​បច្ចុប្បន្ន​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កំពុង​លូតលាស់ មាន​ភាព​ប្រសើរ​ច្រើន​ទាំង​ជន​បទ និង​ទី​ប្រជុំជន ដូច​នេះ​អ្នក​ជំនាន់​ក្រោយ​សូម​ចាប់​យក​ឧកាស​ផ្សេងៗ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅ​ថ្ងៃ​អនាគត កុំ​ទុក​ទំនេរ​ធ្វើ​រឿង​មិន​បាន​ការ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី