កំថូង ពី​សិស្ស​រៀនបាតថ្នាក់ តស៊ូ​រៀនចប់​ដល់​ឥណ្ឌា ចុងក្រោយ​អាច​ទៅ​ធ្វើការ​ដល់​ជប៉ុន

  • 2018-09-27 07:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​​ឈាម​ជ័រ​ជា​អ្នក​បន្ទាយមានជ័យ​យុវជន ឡី កំថូង មាន​ឱកាស​បាន​​ទៅ​បម្រើ​ការ​ងារ ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​​នៅ​វិទ្យាស្ថាន​ NICT ក្នុង​ទីក្រុង Kyoto ប្រទេស​ជប៉ុន។ តើ​ កំថូង បាន​ឆ្លងកាត់​ព្យុះភ្លៀង​អ្វី​ខ្លះ​ ទម្រាំ​មាន​ថ្ងៃ​នេះ​?

ឡី កំថូង (ស្ដាំ)

**​​សិស្ស​​​បាតតារាងប្រចាំថ្នាក់**

បើ​ត្រឡប់​ទៅ​​​អតីត​កាល ក្នុង​ចំណោម​សិស្ស ៥០ នាក់ កំថូង ​ជាជើង​ខ្លាំងបាន​លេខ ៨ បើ​រាប់​ពីក្រោយ​មក​វិញ ពោលគឺ​​សិស្ស​បាតតារាងប្រចាំថ្នាក់តែ​ម្ដង។ កាល​នៅ​វិទ្យាល័យ​​ធ្លាប់​ត្រូវ​​​គេ​វាយ​តម្លៃ​ជា​មនុស្ស​មិន​ល្អ​ ជា​ហេតុ​ធ្វើ​ឱ្យ​​គេស្ទើរ​បោះបង់​ការសិក្សា​​ចោល​។ ប៉ុន្តែ​​ក្រោយ​ប្រលង​ជាប់​បាក់ឌុប អ្នក​បន្ទាយ​មានជ័យ​​រូប​នេះ បានទទួល​ការ​ជំរុញលើកទឹកចិត្ត​ពី​ឪពុកម្ដាយ​ ឱ្យ​ទៅ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេល​​​​ជីវភាព​គ្រួសារ​ មិន​ទាន់​ល្អ​ប្រសើរ​​​នៅ​ឡើយ​។

ការ​រស់​នៅ​ភ្នំពេញម្នាក់​ឯង​

ការសិក្សា និង​រស់នៅ​ក្នុង​ទីក្រុង​ម្នាក់​ឯង គឺ​ជា​បញ្ហា​សម្រាប់​កូន​អ្នក​ខេត្ត​ដែលក្រីក្រ​នេះ។

​កំថូង ថា៖ "សម្រាប់​ខ្ញុំ​អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ប្រឈម​មុខ និង​ដោះស្រាយ​បញ្ហា​​ដូច​ពាក្យ​ចាស់​ថា ភាព​ជោគជ័យ​គឺ​ស្ថិត​នៅ​ក្រោយ​បញ្ហា បើ​យើង​ដោះ​ស្រាយ​បញ្ហា​តូច យើង​នឹង​ទទួល​បាន​ជោគជ័យ​តូច ​បើ​យើង​ដោះ​ស្រាយ​បញ្ហា​ធំ ​យើង​នឹង​បាន​ជោគជ័យ​ធំ​”។

មិន​យូរ​ប៉ុន្មាន​ ការ​ខិតខំ​ប្រឹងប្រែង​របស់ កំថូង ក៏​បាន​ផ្ដល់ផ្លែផ្កាជាដុំកំភួន ដោយ​ទទួល​បាន​ការងារ​ និង​ជួប​មនុស្ស​ល្អ​ៗ។

កំថូង កំពុង​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ជាតិ​ NICT ​​នៅទីក្រុង Kyoto

ចាប់​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី

ឆ្លើយ​នឹង​សំណួរ​ហេតុ​អ្វី​បាន​ជា​ កំថូង ​រៀន​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី ឬ Software Development? កំថូង ប្រាប់​ថា កត្តា​ដែល​ធ្វើ​ឱ្យគេ​ជ្រើសរើស​ផ្នែក​ Software Development ​ព្រោះ​មើល​ឃើញ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា។​ ម្យ៉ាង​វិញ​ទៀត គេក៏​មានគោល​​បំណង​ចង់​ក្លាយ​ខ្លួន​ជា​អ្នកបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ គេហទំព័រ​ និង​កម្មវិធី​ទូរសព្ទ​ដៃ​ជា​ដើម​។

ក្នុងពេល​សិក្សា កំថូង ធ្លាប់ទទួល​បាន​ពានរង្វាន់​លេខ​ ៣ ក្នុង​ការ​ប្រកួត​ប្រជែង​ ផ្នែក​ព័ត៌មានវិទ្យា​លើក​ទី ១២ ​ក្នុង​សកលវិទ្យាល័យ​ន័រតុន​ ​និង​មេដាយ​ប្រាក់ ​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​ប្រកួត​ប្រជែង​អន្តរជាតិ​ ​ i-ENVEX។

ការ​សិក្សា​នៅ​ឥណ្ឌា និង​ការងារ​នៅ​ជប៉ុន

ដោយសារ​ការ​ខិតខំប្រឹងប្រែង ឡី កំថូង ក៏​បាន​ជាប់​ទៅ​បន្ត​ការ​សិក្សា​ជំនាញអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃ PG Diploma Mobile Computing នៅ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ជាន់ខ្ពស់ Centre for Development of Advanced Computing (C-DAC) នៅ​ទីក្រុង Pune ប្រទេស​ឥណ្ឌា និង​​ជាប់បាន​ទៅ​​​ធ្វើការ​​​​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ ក្នុង​វិទ្យាស្ថាន​ជាតិ​ NICT ​ប្រទេស​ជប៉ុន​ ​ដែល​​គិត​មក​ពេលនេះ​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​។

​ពេល​សួរ​ថា តើ​ កំថូង យល់​យ៉ាងណា​ដែរ ក្រោយ​បាន​ធ្វើ​ការ​នៅ​​ជប៉ុន?

​អតីត​សិស្ស​វិទ្យាល័យ មង្គលបូរី​ លើក​ឡើង​ថា៖ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​បាន​មក​ធ្វើការ និង​យក​បទ​ពិសោធន៍​​នៅ​ជប៉ុន ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​​​ទេ​សម្រាប់​ខ្ញុំ។ ពេល​ខ្ញុំ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយនេះទើប​ដឹង​ថា ​ខ្ញុំ​នៅ​មាន​ចំណុច​ខ្វះខាត​​ច្រើន ដែល​តម្រូវ​ឲ្យ​ខ្ញុំ​​ស្វែងយល់ និង​រៀនសូត្រ​បន្ថែមទៀត"។

មូលហេតុ​ដែល​បាន​ធ្វើ​ការ​នៅ​ជប៉ុន

កំថូង ​ប្រាប់​ថា បន្ទាប់ពី​បានឃើញ​មានការ​ជ្រើសរើស​បេក្ខជន​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ ទើប​គេ​បាន​ចាប់ផ្តើម​សិក្សា​សមត្ថភាព​ខ្លួន​ឯង និង​សម្រេច​ចិត្ត​ចូលរួម​​ប្រកួតប្រជែង​ដើម្បី​មាន​សិទ្ធិ​ទៅ​ធ្វើការ​នៅ​ប្រទេស​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​នេះ។

យុវជន​រូប​នេះប្រាប់​ថា មុនបានទៅ​ធ្វើការ គេ​ទាមទារ​​​ចំណេះ​ផ្នែក​ Programming , ​ត្រូវ​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ (​ Computer Science), ត្រូវ​ឆ្លងកាត់​ការ​​សម្ភាសន៍​ផ្ទាល់ ហើយ​ចាំបាច់​ត្រូវ​​ចេះភាសា​អង់គ្លេស​ ឬ​ភាសា​ជប៉ុន​។

នៅ​ប្រទេស​ជប៉ុន លោក​បាន​រៀន​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​ ដែល​ពិភពលោក​កំពុង​ត្រូវ​ការ​។ លើស​ពី​នេះ​ ក៏​បាន​យល់​ដឹង​អំពី​បែប​បទ​នៃ​ការ​ងារ​ ទំនៀមទម្លាប់​ ​ប្រពៃណី​ និង​បាន​រាប់​អាន​ស្គាល់​មិត្តភ័ក្ដិ​ច្រើន​ ដែល​សុទ្ធសឹងតែ​​​ជា​អ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា ដូចជា មក​ពី​វៀតណាម មីយ៉ាន់ម៉ា ចិន និង​អឺរ៉ុប​ជាដើម។

ទាក់ទង​បទពិសោធន៍​ឆ្លងកាត់ទាំង​ជីវិត​ការងារ និងការ​សិក្សា ឡី កំថូង ប្រាប់​ថា ការ​ចង់​សម្រេច​អ្វី​មួយ មិន​មែន​ធ្វើ​​​មួយ​ថ្ងៃ​ ឬពីរ​ថ្ងៃ​នោះ​ទេ ​​ពោល​គឺ​ត្រូវព្យាយាមតស៊ូ​ ទើប​រឿង​ល្អៗ​អាច​កើត​ឡើង​និង​សម្រេច​ជោគជ័យ។

"ក្នុង​ន័យនេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​រៀន​មិន​ពូកែ​នៅ​វិទ្យាល័យ មិន​ប្រាកដ​ថា យើង​ខ្សោយនៅ​មហាវិទ្យាល័យ​នោះ​ទេ អ្វី​ដែល​សំខាន់​យើង​ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់ និង​ការ​ខិតខំ​ប្រឹងប្រែង"។

អនាគត​ កំថូង​ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​​នៅ​​ប្រទេស​កម្ពុជា​​ ក្នុង​គោលបំណង​​ពង្រឹង​ និង​ពង្រីក​ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង​ចែក​រំលែក​បទពិសោធន៍​ និង​ជំនាញ​ ដែល​លោក​បាន​​​រៀន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ដល់​យុវជន​ជំនាន់​ក្រោយ។

ប្រវត្តិ​សិក្សា

  • បញ្ចប់ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ នៅ​វិទ្យាល័យ​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​
  • បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ន័រតុន​ រាជធានី​ភ្នំពេញ
  • PG Diploma Mobile Computing នៅ​សាលារៀន Centre for Development of Advanced Computing (C-DAC) ទីក្រុង Pune ប្រទេស​ឥណ្ឌា​

ប្រវត្តិ​គ្រួសារ

រូបថតផ្តល់ដោយ​៖ កំថូង អត្ថបទ៖ អ៊ុំ សុភក្តិ