និស្សិត​​កម្ពុជា​មួយ​ក្រុម​ឈ្នះ​​មេដាយ​មាស​​​​ នៅ​ប្រទេស​ជប៉ុន​​ លើ​គម្រោង​របក​គំហើញ​ថ្មី​​មួយ​

  • 2018-10-30 02:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​របក​គំហើញ​បច្ចេកវិទ្យា​ព័ត៌មាន​ជាមួយ​នឹង​ការ​បង្កើត​ថ្មី និង​ភាព​ច្នៃ​ប្រឌិត​ខាង​ផ្នែក​វិទ្យាសាស្រ្ត​វ័យ​ក្មេង ឬ​ “International Young Innovators Summit 2018” ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទី​​ក្រុង​ ​តូក្យូ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី ១០ ខែ​តុលា​កន្លង​មក​ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ និង​អស្ចារ្យ​​បំផុត​​ប្រចាំ​ឆ្នាំ។ តែ​អ្វី​កាន់​តែ​រីករាយ​បំផុត ​គឺ​ស្នាដៃ​និស្សិត​កម្ពុជា​មួយ​ក្រុម​ ដែល​បាន​ចូល​រួម​ប្រកួត​​​ក្នុង​ព្រឹត្តិការណ៍​នេះ​​បាន​ទទួល​មេដាយ​មាស​លំដាប់​អន្តរជាតិ​​​ឈ្មោះ​ថា “Most Creative Innovation”​ ​លើ​គម្រោង​ផលិត​​កង្ហារវិល​បាន​ ៣៦០​ដឺក្រេឬ “NU Eco Smart Fan” ​។

  កញ្ញា ហេង សុវណ្ណមុនីនុត​ និង​យុវជន សៀក ពិសិដ្ឋ​ និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​​ន័រតុន​​ គឺជា​ម្ចាស់​ជយលាភី​ខាង​លើ ខណៈ​សាស្ត្រាចារ្យ​ចំនួន​ ៣ រូប រួម​មាន​លោក​សាស្ត្រាចារ្យ​​ ឈឿង រចនា លោក​សាស្ត្រាចារ្យ​​ ​ព្រុំ លោក​សាស្ត្រាចារ្យ​​ ​ចាន់សាមឺឌី និង​លោក​សាស្ត្រាចារ្យ​​ លុយ មិថុនា បាន​ដឹក​នាំ​ចូលរួម​កម្មវិធី​ប្រកួត​ប្រជែង​​នេះ​​ផ្ទាល់​តែ​ម្ដង​ ដល់​ប្រទេស​ជប៉ុន​។

លោក​សាស្ត្រាចារ្យ​​ លុយ មិថុនា បាន​ឱ្យ​ដឹង​ថា​ នេះ​គឺជា​មោទកភាព​​​មួយ​សម្រាប់​​យុវជន​កម្ពុជា ដែល​មាន​ស្នាដៃ​ច្នៃប្រឌិត ​រហូត​ទទួល​បាន​ពាន​រង្វាន់​ពី​ប្រទេស​ជប៉ុន​។ ​កម្មវិធី​នេះ​មានការ​ចូលរួម​ពី៩​ប្រទេស​គឺ​ ប្រទេស​​ឥណ្ឌា បង់​ក្លា​ដេស ​ចិន ​ហ្វីលីពីន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ស៊ីមបាវេ កាហ្សាស្ទាន និង​កម្ពុជា។ លោក​ថា មិន​ចំពោះ​និស្សិត​ស្រី ឬ​ប្រុស​នោះ​ទេ​​ ឱ្យ​តែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង ​​គឺ​ច្បាស់​ណាស់​នឹង​បាន​ទទួល​ជោគជ័យ​ត្រលប់​មក​វិញ។ លោក​​បាន​ថ្លែង​អំណរ​គុណ​ដល់​សកលវិទ្យាធិការ​សាកលវិទ្យាល័យ​ន័រតុន​ ដែល​តែង​គាំទ្រ​​ ដល់​និស្សិត​មាន​សមត្ថភាព​​​ទៅ​ប្រកួត​នៅ​​ក្រៅ​ប្រទេស។​​

  គម្រោង “NU Eco Smart Fan”​ ​គឺ​ផ្ដោត​លើ​របក​គំហើញ​ថ្មី ទៅ​លើ​ការ​ផលិត​កង្ហារ ដែល​អាច​វិល​បាន​មួយ​ជុំ ពោល​គឺ ៣៦០ដឺក្រេ ខណៈ​កង្ហារ​ធម្មតា​អាច​វិល​បាន​ ១៨០ដឺក្រេ​ប៉ុណ្ណោះ។ បន្ថែម​លើ​​បច្ចេកវិទ្យា​ថ្មី ឬ ​“NU Eco Smart Fan”​​ នេះ ​ក៏​​មាន​បន្ថែម​មុខងារ​ដូចជា  Temperature Mode  ដែល​អាច​វិល​ខ្លាំង ឬ​ខ្សោយ​អាស្រ័យ​លើ​អាកាសធាតុ​ តាម​រយៈ​ការ​ភ្ជាប់​នឹង​ប្រព័ន្ធ Sensor រួម​ទៅ​នឹង​មុខងារ Auto Function ជាច្រើន​ទៀត៕

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ សុផល